ថ្លើមគឺជាសរីរាង្គដ៏ធំមួយដែលមានរាងដូចជាបាលទាលអោប និងមានទីតាំងនៅផ្នែគខាងលើ, ខាងស្តាំនៃពោះ។ ចំពោះពាក្យវេជ្ជសាស្រ្តដែលបង្ហាញថាថ្លើមរីកគេហៅថា Hepatomegaly។ ការរីករបស់ថ្លើមមិនមែនជាជំងឺទេ។ វាគឺជាសញ្ញាមួយនៃបញ្ហាមួយផ្សេងទៀតប៉ុណ្ណោះដូចជា ជំងឺថ្លើម, ខ្សោយបេះដូង ឬជំងឺមហារីក។ ចំពោះការព្យាបាលអាការៈថ្លើមរីកនេះគឺត្រូវធ្វើយ៉ាងណាសម្គាល់ និងគ្រប់គ្រង់មូលហេតុរបស់វា។
រោគសញ្ញា
ថ្លើមរីកប្រហែលជាមិនបង្កជារោគសញ្ញាអ្វីឡើយ។ នៅពេលថ្លើមរីកដោយសារតែជំងឺថ្លើម វាប្រហែលជាមានរោគសញ្ញាពាក់ព័ន្ធដូចខាងក្រោមនេះ៖
- ឈឺពោះ
- អស់កម្លាំង
- ក្អួត និងចង្អោរ
- ស្បែក និងភ្នែកទៅជាលឿង (Jaundice)។
មូលហេតុ
មានជំងឺច្រើនណាស់ដែលអាចធ្វើអោយថ្លើមរីកបានដូចជា៖
ជំងឺថ្លើម៖
- ក្រិនថ្លើម
- ជំងឺរលាកថ្លើមដោយសារវីរុស A, B និង C ឬ Infectious Mononucleosis
- ជំងឺខ្លាញ់ក្នុងថ្លើមដែលមិនមែនដោយសារគ្រឿងស្រវឹង
- ជំងឺខ្លាញ់ក្នុងថ្លើមដោយសារគ្រឿងស្រវឹង
- ជំងឺដែលធ្វើអោយកើនឡើងច្រើននៃប្រូតេអ៊ីនមិនធម្មតាក្នុងថ្លើម (Amyloidosis)
- ជំងឹដែលធ្វើអោយជាតិទង់ដែងកើនឡើងក្នុងថ្លើម (Wilson’s Disease)
- ជំងឺដែលធ្វើអោយជាតិដែកកើនឡើងក្នុងថ្លើម (Hemachromatsis)
- ជំងឺដែលធ្វើអោយសារធាតុខ្លាញ់កើនច្រើនក្នុងថ្លើម (Gaucher’s Disease)
- គីសក្នុងថ្លើម
- ដុំសាច់ក្នុងថ្លើមដែលមិនមែនមហារីក ដូចជា Hemangioma និង Adenoma។
- ការស្ទះក្នុងថង់ទឹកប្រមាត់ ឬផ្លូវទឹកប្រមាត់
- រលាកថ្លើមដោយសារការពុល
ជំងឺមហារីក
- ជំងឺមហារីកដែលកើតចេញពីផ្នែកណាផ្សេងនៃរាងកាយ ហើយរាលដាលដល់ថ្លើម
- ជំងឺមហារីកគ្រាប់ឈាមស
- ជំងឺមហារីកថ្លើម
- ជំងឺមហារីកកូនកណ្តុរ
បញ្ហាបេះដូង និងសរសៃឈាម
- ស្ទះសរសៃវ៉ែនដែលបង្ហូរឈាមទៅថ្លើម (Budd-chiari Syndrome)
- ខ្សោយបេះដូង
- ជំងឺរលាកស្រោមបេះដូង
កត្តាប្រឈមមុខ
អ្នកទំនងជាអាចមានអាការៈថ្លើមរីកកាន់តែខ្លាំងបើសិនជាអ្នកមានជំងឺថ្លើមណាមួយ។ កត្តាដែលអាចធ្វើអោយអ្នកប្រឈមនឹងបញ្ហាថ្លើមបានមានដូចជា៖
- ប្រើប្រាស់គ្រឿងស្រវឹងច្រើនពេក
- ប្រើថ្នាំ, វីតាមីន ឬថ្នាំបំប៉នក្នុងកម្រិតខ្លាំងពេក
- ថ្នាំបំប៉នប្រភេទឬសឈើ
- ជំងឺឆ្លងណាដែលធ្វើអោយខូចដល់ថ្លើមខ្លាំងដូចជា ជំងឺគ្រុនចាញ់
- វីរុសរលាកថ្លើមប្រភេទ A, B និង C
- មានទម្លាប់ញ៉ាំអាហារមិនបានត្រឹមត្រូវ ជាពិសេសការញ៉ាំអាហារមិនផ្តល់សុខភាព និងអាហារមានជាតិខ្លាញ់ច្រើនពេក។
តេស្ត និងការកំណត់រោគវិនិច្ឆ័យ
គ្រូពេទ្យប្រហែលជាកំណត់ថាថ្លើមរបស់អ្នករីកបានតាមរយៈការស្ទាប់ពោះអ្នកក្នុងពេលពិនិត្យលើរាងកាយ។ គ្រូពេទ្យអាចនឹងបញ្ជាក់អំពីទំហំថ្លើមតាមរយៈការស្ទាប់ប៉ះនៅពីក្រោមឆ្អឹងជំនីទៀត។ គាត់ក៏អាចសម្គាល់អំពីស្ថានភាពរបស់ថ្លើមដែរ។ អាស្រ័យទៅតាមមូលហេតុរបស់វា ការរីករបស់ថ្លើមប្រហែលជាធ្វើអោយគ្រូពេទ្យប៉ះទៅមានលក្ខណៈទន់, រឹង ឬមិនភាពគ្រឺមមិនស្មើ។ ពេលខ្លះក៏ស្ទាប់ប៉ះដុំជាច្រើនផងដែរ។
នៅពេលគ្រូពេទ្យកំណត់ដឹងថា អ្នកមានអាការៈថ្លើមរីករួចហើយ តេស្តផ្សេងៗទៀតប្រហែលជាត្រូវធ្វើបន្ថែមទៀតដើម្បីចង់ដឹងអំពីមូលហេតុរបស់វា។ តេស្តទាំងនោះមានដូចជា៖
- តេស្តឈាម
- តេស្តដោយការថតរូបភាពវេជ្ជសាស្រ្តដូចជា Computerized Tomography (CT) Scan, អេកូ ឬ Magnetic Resonance Imaging (MRI)
- Magnetic Resonance Elastography ប្រើសម្រាប់បង្កើតជារូបភាពនៃភាពគាំងជាប់របស់ថ្លើម
- ច្រឹបសាច់ថ្លើមទៅវិភាគ។
ការព្យាបាល
ការព្យាបាលបញ្ហាថ្លើមរីកទាមទារអៅយមានការកំណត់រោគវិនិច្ឆ័យ និងព្យាបាលទៅលើមូលហេតុរបស់វាប៉ុណ្ណោះ។
ការបង្ការ
ដើម្បីបន្ថយការប្រឈមនឹងជំងឺថ្លើម អ្នកអាចធ្វើបានដូចខាងក្រោមនេះ៖
- ជ្រើសរើសអាហារដែលផ្តល់សុខភាពដូចជា បន្លែ, ផ្លែឈើ និងគ្រាប់ធញ្ញជាតិ
- ទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម
- ប្រើថ្នាំ, វីតាមីន ឬថ្នាំបំប៉នតាមវេជ្ជបញ្ជា
- កាត់បន្ថយការប៉ះពាល់នឹងធាតុគីមីផ្សេងៗដូចជា ទឹកលាងសម្អាត, ថ្នាំសម្លាប់សត្វល្អិត និងធាតុគីមីពុលផ្សេងៗទៀត
- ថែរក្សាទម្ងន់ខ្លួនអោយនៅសុខភាពល្អតាមរយៈការកាត់បន្ថយចំនួនកាឡូរី និងបង្កើនការហាត់ប្រាណបន្ថែម។
- ឈប់ជក់បារី
- ប្រើថ្នាំបំប៉នដោយប្រុងប្រយ័ត្ន