យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Mail Online បានឲ្យដឹងថា តេស្តឈាមធម្មតាៗអាចកំណត់រោគវិនិច្ឆ័យកាន់តែឆាប់បើសិនជាអ្នកជំងឺមានជំងឺមហារីក និងភាពធ្ងន់ធ្ងររបស់វា។ ប៉ុន្តែរឿងនេះចាត់ទុកថាជាដំណាក់កាលដំបូងបំផុតហើយនៃការស្រាវជ្រាវ។
ឈាមរបស់អ្នកជំងឺមហារីកគឺមាន DNA ដែលបានមកពីដុំសាច់ ដែលវាអាចចូលទៅក្នុងឈាមក្រោយពីកោសិកាដុំសាច់ខ្លះបានងាប់។ យ៉ាងណាមិញ ឈាមក៏មាន DNA ចេញពីកោសិកាមិនមែនមហារីកផងដែរ។ អ្នកស្រាវជ្រាវបានបង្កើតនូវវិធីសាស្ត្រមួយឈ្មោះថា CAPP-Seq (Cancer Personalized Profiling by Deep Sequencing) ដើម្បីរកចំនួនតិចតួចនៃ DNA ដុំសាច់ក្នុងឈាមរបស់អ្នកមានជំងឺមហារីកសួត។ កន្លែងដែលគេសម្គាល់ជាច្រើនរបស់ DNA នោះគឺវាមានការបំបែកខ្លួនក្នុងមហារីកសួតប្រភេទ Non-small-cell និងកើតឡើងជាច្រើនថែមទៀតផង។
អ្នកស្រាវជ្រាវអាចរកឃើញDNA របស់ដុំសាច់ដែលចរាចរណ៍ក្នុងឈាមលើអ្នកជំងឺមហារីកដំណាក់កាលដំបូងរហូតដល់ ៥០ភាគរយ និងអ្នកជំងឺមហារីកដំណាក់កាលចុងក្រោយទាំងអស់។ កម្រិតនៃការចរាចរណ៍របស់DNA ដុំសាច់ក៏ត្រូវបានគេរកឃើញជាមួយនឹងទំហំដុំសាច់ និងការឆ្លើយតបនៃការព្យាបាលដែរ។ វិធីសាស្ត្រមួយនេះអាចមានឥទ្ធិពលល្អមួយសម្រាប់តាមដានដំណើរការណ៍របស់ជំងឺមហារីក និងការឆ្លើយតបការព្យាបាលនៅថ្ងៃណាមួយ និងការពិនិត្យ និងរករោគវិនិច្ឆ័យផងដែរ។
យ៉ាងណាមិញ វាគ្រាន់តែត្រូវបានធ្វើតេស្តទៅលើចំនួនមនុស្សតិចតួចប៉ុណ្ណោះ។ ការសិក្សាបន្ថែមនឹងត្រូវតែធ្វើទៀតដើម្បីចង់ដឹងថា មធ្យោបាយណាដែលល្អបំផុតដែលគេអាចប្រើ និងភាពល្អរបស់វាក្នុងការព្យាបាលលើជំងឺមហារីក៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk
– ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034