យោងទៅតាមសេចក្តីរាយការណ៍មួយរបស់ The Guardian បានឲ្យដឹងថា ការស្គេនប្រភេទ PET អាចទាយដឹងអំពីភាពខ្លាំងក្លានៃការជាសះស្បើយពីរបួសខួរក្បាលបាន។ អំណះអំណាងបាននិយាយថា ឧបករណ៍សម្រាប់ស្គេនកម្រិតកំពូលមួយនេះប្រហែលជាអាចរកឃើញសញ្ញាមិនច្បាស់លាស់នៃភាពដឹងខ្លួនរបស់អ្នកជំងឺដែលរបួសខួរក្បាលធ្ងន់ធ្ងរបាន។
ការសិក្សានេះបានពិនិត្យទៅលើរបៀបនៃការផ្តល់ភាពសុក្រិតលើតិចនិចថតរូបភាពវេជ្ជសាស្ត្រលើខួរក្បាលពិសេសៗពីរប្រភេទ ដើម្បីកំណត់រោគវិនិច្ឆ័យស្ថានភាពនៃការដឹងខ្លួន និងឱកាសជាសះស្បើយលើអ្នកជំងឺខូចខួរក្បាលធ្ងន់ធ្ងរចំនួន ១២៦នាក់។
អ្នកដែលប្រើប្រាស់វិធីស្គេន Positron Emission Tomography (PET) Scans គឺជាការប្រើប្រាស់វិទ្យុសកម្មដើម្បីបង្ហាញនូវសកម្មភាពខ្លីៗរបស់កោសិកាខួរក្បាល ខណៈពេលដែល Functional Magnetic Resonance Imaging (fMRI) អាចបង្ហាញអំពីលំហូរឈាមក្នុងខួរក្បាលដើម្បីបញ្ជាក់អំពីកន្លែងដែលមានសកម្មភាព។ ជាលទ្ធផលនៃការស្គេនទាំងនេះគឺគេអាចប្រើវាដើម្បីផ្តល់ភាពសុក្រិតដល់ការវាយតម្លៃ និងប៉ាន់ស្មានទៅលើការដឹងខ្លួនរបស់អ្នកជំងឺដែលកំពុងតែសន្លប់បាន។
ការស្គេនប្រភេទ PET អាចកំណត់ដឹងអំពីអ្នកជំងឺដែលមានការដឹងខ្លួនតិចតួច (Minimally Conscious State, MCS) យ៉ាងត្រឹមត្រូវរហូតដល់ ៩៣ភាគរយ និងផ្តល់ភាពសុក្រិតលើការទាយដឹងអំពីការដឹងខ្លួនឡើងវិញក្នុងរយៈពេលមួយឆ្នាំក្រោយ ៧៤ភាគរយដែរ។ សម្រាប់ការស្គេនបែប fMRI វិញមិនសូវជាមានភាពសុក្រិត និងត្រឹមត្រូវទេ គឺមានតែ ៤៥ភាគរយប៉ុណ្ណោះចំពោះ MCS និង ការដឹងខ្លួនមានតែ ៥៦ភាគរយទេ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk