ការថតសុដន់ស្ត្រីនេះ អាចតាមពាក្យបច្ចេកទេសថា Mammogram ដែលវាគឺជាការប្រើកាមរស្មីអ៊ិចកម្រិតទាបក្នុងការថតទៅលើសុដន់ដើម្បីរកមើលការប្រែប្រួលទាំងឡាយរបស់សុដន់នោះថា វាជារឿងធម្មតា ឬអត់។ ចំពោះលទ្ធផលរបស់វាវិញ នឹងបញ្ចូលទៅក្នុងកុំព្យូទ័រ ហើយគ្រូពេទ្យដែលថតនោះនឹងពន្យល់អំពីលទ្ធផលនោះដល់អ្នកជំងឺភ្លាម។
ការថតសុដន់បែបនេះនឹងអាចឲ្យគ្រូពេទ្យកាន់តែមើលឃើញការប្រែប្រួលរបស់ជាលិកាសុដន់កាន់តែដឹតដល់ជាពិសេសក្នុងពេលដែលការពិនិត្យធម្មតាមិនអាចវិនិច្ឆ័យដឹង។ ការថតសុដន់នេះ ត្រូវបានប្រើប្រាស់ទាំងស្ត្រីដែលមិនមានបញ្ហាសុដន់ និងស្ត្រីដែលមានអាការៈនានាក្នុងសុដន់ដូចជា ការប្រែប្រួលរូបរាង ឬទំហំរបស់សុដន់ មានដុំ ហូរទឹករំអិលពីក្បាលសុដន់ ឬឈឺចាប់ផ្សេងៗ។ ការប្រែប្រួលសុដន់តែងតែកើតឡើងលើស្ត្រីស្ទើតែទាំងអស់។ តាមពិតទៅ ការប្រែប្រួលទាំងអស់នោះភាគច្រើន មិនមែនជាមហារីកឡើយ ប៉ុន្តែដើម្បីដឹងថាវាអញ្ចឹងមែននោះ មានតែគ្រូពេទ្យទេទើបអាចបញ្ជាក់បាន។ ការប្រែប្រួលរបស់សុដន់ក៏អាចកើតឡើងជារៀងរាល់ខែដែរ នេះដោយសារតែការមករដូវ។
តើស្ត្រីយើងគួរតែឧស្សាហ៍ទៅឲ្យពេទ្យថតសុដន់ញឹកញាប់ប៉ុណ្ណាទៅ?
សម្រាប់ស្ត្រីដែលមានអាយុចាប់ពី ៥០ ទៅ៧៤ឆ្នាំ គួរតែថតសុដន់ជារៀងរាល់ ២ឆ្នាំម្តង។ ចំពោះស្ត្រីអាយុក្រោម ៥០ឆ្នាំ គួរតែពិគ្រោះជាមួយគ្រូពេទ្យសិនថា ពេលណាគួរតែចាប់ផ្តើម និងត្រូវថតសុដន់នេះញឹកញាប់ប៉ុណ្ណា អាស្រ័យទៅតាមលក្ខណៈ និងការប្រែប្រួលរបស់សុដន់នាង៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ womenshealth.gov
ត្រួតពិនិត្យដោយ www.health.com.kh