កាលណាគ្រូពេទ្យពិនិត្យឈាមឃើញថា ចំនួនកូឡេស្តេរ៉ុលសរុបរបស់អ្នកឡើងខ្ពស់ហើយ វាមិនមែនជារឿងល្អចំពោះសុខភាពឡើយ។ អ្វីដែលគ្រូពេទ្យអាចនឹងធ្វើបន្តទៀតគឺតម្រូវឲ្យប្រើថ្នាំដើម្បីបញ្ចុះចំនួនកូឡេស្តេរ៉ុលនេះមកធម្មតាវិញ។ យ៉ាងណាមិញ ថ្នាំបញ្ចុះកូឡេស្តេរ៉ុលឈ្មោះថា Statin គឺមានផលរំខានរបស់វាច្រើនណាស់ ហើយក៏អាចធ្វើឲ្យខូចថ្លើមបានដែរ។
ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកមានបំណងចង់បញ្ចុះកូឡេស្តេរ៉ុលមកធម្មតាវិញមែន អត្ថបទនេះអាចជួយអ្នកបាន ព្រោះយើងនឹងបង្ហាញអំពីគន្លឹះងាយៗក្នុងការបញ្ចុះកូឡេស្តេរ៉ុលដោយខ្លួនឯងនៅផ្ទះ។
ញ៉ាំតែរមៀតមួយពែង
អ្វីដែលអ្នកត្រូវធ្វើនោះគឺត្រូវលាយម្សៅរមៀតមួយស្លាបព្រាកាហ្វេក្នុងទឹកក្តៅមួយពែងឲ្យសព្វល្អ។ អ្នកក៏អាចបន្ថែមទឹកឃ្មុំ ឬទឹកក្រូចឆ្មាបន្ថែមបន្តិចទៀតដែរដើម្បីឲ្យវាអាចបញ្ចុះកូឡេស្តេរ៉ុលកាន់តែល្អជាងមុន និងមានរសជាតិឆ្ងាញ់ផង។
ញ៉ាំទឹកក្រូចឆ្មា
ទឹកក្រូចឆ្មាជាឱសថដ៏ពេញនិយមមួយសម្រាប់ករណីលើសកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាម ដូច្នេះវាអាចជារឿងមួយដែលអ្នកអាចជឿជាក់បានហើយបើសិនជាការលេបថ្នាំមិនមែនជាជម្រើសដែលអ្នកចង់បានទេ។ អង់ទីអុកស៊ីដង់ក្នុងទឹកក្រូចឆ្មាច្របាច់ស្រស់ៗនឹងជួយថែរក្សាកម្រិតកូឡេស្តេរ៉ុលក្នុងអាហារដែលអ្នកញ៉ាំនោះមិនឲ្យឡើងខ្ពស់ និងស្ទិតជាប់ជញ្ជាំងសរសៃឈាមឡើយ។
ញ៉ាំខ្ទឹមស
ជារៀងរាល់ថ្ងៃ ចូរព្យាយាមញ៉ាំខ្ទឹមសស្រស់ៗពីរទៅបីកំប៉ឹស។ ខ្ទឹមសផ្ទុកទៅដោយសារធាតុជាច្រើនដែលអាចរំលាយកូឡេស្តេរ៉ុលដែលកំពុងតែស្អិតជាប់ជញ្ជាំងសរសៃឈាមបាន ហើយក៏អាចបញ្ចេញវាពីក្នុងរាងកាយបានដែរ។
បើសិនជាអ្នកមានករណីច្រាលទឹកអាស៊ីតពីក្រពះ ការញ៉ាំខ្ទឹមសរអាចនឹងធ្វើឲ្យរឿងនេះកាន់តែធ្ងន់ធ្ងរបាន។ ដូច្នេះយកល្អគួរតែព្យាយាមបញ្ចូលវាទៅក្នុងម្ហូបអាហារដែលអ្នកញ៉ាំជាប្រចាំថ្ងៃវិញទៅល្អជាង៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ HealthDay