គ្រួសក្នុងតម្រងនោមមានទំហំតូច។ វាអាចមានទំហំប៉ុនគ្រាប់ខ្សាច់ ឬធំប៉ុនគ្រាប់ពោត។ អ្នកប្រហែលជាមិនមានអារម្មណ៍អ្វីទាំងអស់ ហើយក៏មិនដឹងថាខ្លួនឯងមានវាក្នុងតម្រងនោមដែរ។ ប៉ុន្តែរយៈពេលក្រោយៗទៀត អ្នកនឹងដឹងថាមានវាហើយ ដោយសារតែទឹកនោមធ្វើឲ្យវាមានចលនា និងបង្កការឈឺចាប់។
ការឈឺចាប់ដែលអ្នកកើតឡើងដោយសារតែគ្រួសក្នុងតម្រងនោមអាចជាសញ្ញាដ៏សំខាន់មួយដែលថា អ្នកប្រហែលជាញ៉ាំជាតិរ៉ែច្រើន និងមិនបានញ៉ាំទឹកគ្រប់គ្រាន់។ គ្រួសក្នុងតម្រងនោមអាចមានពណ៌ត្នោត ឬលឿង និងរលោង ឬគ្រឺមៗ។
មានគ្រួសក្នុងតម្រងនោមអាចធ្វើឲ្យមានអារម្មណ៍យ៉ាងម៉េចទៅ?
នៅពេលដែលអ្នកមានគ្រួសក្នុងតម្រងនោម អ្នកប្រហែលជាមិនមានរោគសញ្ញាអ្វីទាំងអស់លុះត្រាតែគ្រួសនេះធ្វើចលនា។ វាអាចធ្វើចលនានៅជុំវិញក្នុងតម្រងនោម ឬចូលទៅក្នុងបំពង់បង្ហូរទឹកនោមពីតម្រងនោមទៅប្លោកនោម។
រោគសញ្ញាអាចប្រើប្រួល ហើយក៏អាចមានពីតិចតួចទៅធ្ងន់ធ្ងរដែរ។ អ្វីដែលកើតឡើងញឹកញាប់បំផុតនោះគឺការឈឺចាប់។ អ្នកប្រហែលជាមានអារម្មណ៍អំពីគ្រួសក្នុងតម្រងនោមនេះដូចជា៖
• នៅចំហៀង ឬខ្នង ក្រោមឆ្អឹងជំនី និងឈឺចាប់អាចមានលក្ខណៈខ្លាំងក្លាបំផុត
• នៅក្នុងគ្រលាន និងពោះផ្នែកខាងក្រោម
• ការឈឺចាប់អាចមានបាត់ៗ និងល្អជាងមុន ឬកាន់តែយ៉ាប់ជាងមុន
• អ្នកប្រហែលជាត្រូវការនោមញឹកញ៉ាប់ជាងធម្មតា។
ការឈឺចាប់អាចផ្លាស់ប្តូរពេញរាងកាយ ចាប់ពីពោះ ឬខ្នង ទៅគ្រលានក៏មានដែរ។ មានន័យថា គ្រួសដែលមាននោះគឺកំពុងតែធ្វើដំណើរចេញពីតម្រងនោមចូលទៅក្នុងបំពង់បង្ហូរទឹកនោមពីតម្រងនោមទៅប្លោកនោម។
នៅពេលរឿងនេះកើតឡើង អ្នកទំនងជាអាចមានអារម្មណ៍ថា ក្រហាយៗនៅពេលនោម ឬត្រូវការនោមញឹកជាងធម្មតា។ ពេលខ្លះ អ្នកអាចមើលឃើញគ្រួសនេះតែម្តងក្រោយពីវាធ្លាក់ចេញមកខាងក្រៅ។
តើគ្រួសដែលធំៗធ្វើឲ្យឈឺខ្លាំងមែនទេ?
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ទំហំនៃគ្រួសក្នុងតម្រងនោមមិនស៊ីគ្នានឹងកម្រិតនៃការឈឺចាប់ទេ។ ពេលខ្លះ គ្រួសតូចអាចធ្វើឲ្យឈឺខ្លាំងបំផុត ខណៈពេលដែលគ្រួសធំៗធ្វើឲ្យឈឺបែបងំទៅវិញ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ Web MD