សេចក្តីរាយការណ៍មួយពី Daily Mail បានឲ្យដឹងថា ស្ត្រីដែលមានបញ្ហាឈឺក្បាលបែបប្រកាំងគឺប្រឈមខ្ពស់នឹងឱកាសកើតជំងឺបេះដូងរហូតដល់ ៥០ភាគរយ។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រឈមមុខចំពោះស្ត្រីម្នាក់ៗគឺមានតិចទេ ប៉ុន្តែការឈឺក្បាលប្រកាំងគឺខ្ពស់ ហើយនេះក៏ជាបញ្ហាមួយដែលខាងសុខភាពសាធារណៈមានការព្រួយបារម្ភដែរ។
ការសិក្សាមួយដែលធ្វើទៅលើស្ត្រីច្រើនជាង ១០០០០នាក់ពីសហរដ្ឋអាមេរិក បានរកឃើញថា អ្នកដែលប្រាប់ថាឈឺក្បាលបែបប្រកាំងគឺប្រឈមខ្ពស់នឹងការមាន ឬស្លាប់ដោយសារតែជំងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល ឬជំងឺបេះដូងរហូតដល់ ៥០ភាគរយឯណោះ។
ចំពោះគ្រូពេទ្យវិញគឺដឹងរួចទៅហើយថា ការឈឺក្បាលបែបប្រកាំងមានទំនាក់ទំនងនឹងជំងឺដាច់សរសៃឈាមខួរក្បាល ជាពិសេសការឈឺក្បាលហើយមានបញ្ហាភ្នែក និងមានអារម្មណ៍វិលមុខ។ ប៉ុន្តែយើងមិនបានដឹដងថា ការឈឺក្បាលបែបប្រកាំងនេះគឺជាមូលហេតុផ្ទាល់នៃជំងឺបេះដូងខាងលើឬអត់ទេ។
ថ្វីបើការប្រឈមខ្ពស់រហូតដល់៥០ភាគរយស្តាប់មើលទៅដូចជាច្រើនណាស់ក៏ដោយ តែអ្នកគួរតែយល់ថា វាគ្រាន់តែជាការប្រឈមមុខ មិនមែនជាមូលហេតុឡើយ។ ណាមួយ ក្នុងចំណោមស្ត្រីទាំងអស់ខាងលើដែលយើងសិក្សារួច មានតែ ១,២ភាគរយប៉ុណ្ណោះដែលមានបញ្ហាជំងឺបេះដូងសរសៃឈាមដូចជា ជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល ដូច្នេះការកើនឡើងរហូតដល់ ៥០ភាគរយ នោះមានការប្រឈមមុខតែ ១,៨ភាគរយទេ ឬអាចថា មានម្នាក់ក្នុងចំណោម ៥០នាក់។
យ៉ាងណាមិញ យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា យើងអាចបន្ថយការប្រឈមនឹងជំងឺបេះដូងសរសៃឈាមបានតាមរយៈ៖
• ឈប់ជក់បារី
• ញ៉ាំអាហារផ្តល់សុខភាព
• រក្សាទម្ងន់ឲ្យនៅមានសុខភាព
• និងហាត់ប្រាណជាទៀងទាត់។
ការហាត់ប្រាណទៀងទាត់ក៏ត្រូវបានគេដឹងថា អាចជួយបន្ថយស្ត្រេស និងជំរុញដល់អារម្មណ៍ល្អ ព្រមទាំងអាចបន្ថយអាការៈ ឬភាពញឹកញាប់នៃការឈឺក្បាលបែបប្រកាំងបានដែរ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk