អាការៈខ្វះជាតិស្ករក្នុងឈាម មិនសូវកើតមានជាញឹកញាប់ទេ ប៉ុន្តែ វាមានអត្រាគ្រោះថ្នាក់ដូចគ្នា ព្រោះវាអាចនាំឲ្យខូចខួរក្បាលបាន។ ករណីខ្លះ ទោះបីជាអ្នកជំងឺទឹកនោមផ្អែមក៏ដោយ ក៏អាចមានកម្រិតជាតិស្ករក្នុងឈាម ធ្លាក់ចុះក្រោមធម្មតាដែរ ក្រោយពីចាក់ថ្នាំអាំងស៊ុយលីន ឬលេបថ្នាំជំងឺទឹកនោមផ្អែមរួច។ បើសិនជាកម្រិតជាតិស្ករក្នុងឈាម នៅក្រោម ៨០ mg/dl មានន័យថា ជាបញ្ហាខ្វះជាតិស្ករក្នុងឈាម ហើយអាចសម្គាល់ដឹង តាមរយៈការបែកញើស និងសម្លប់។ បើសិនជាអ្នកធ្លាប់មាន អាការៈខ្វះជាតិស្ករក្នុងឈាម ខាងក្រោមនេះ គឺជាអ្វីដែលអ្នកត្រូវតែធ្វើ។
ពិនិត្យជាតិស្ករក្នុងឈាម
បើសិនជាមនុស្សម្នាក់ទៅជាសន្លប់ ឬមានអាការៈខ្វះជាតិស្ករក្នុងឈាម ចូរព្យាយាមពិនិត្យជាតិស្កររបស់ពួកគេទៅ។ បើសិនជាលទ្ធផលឃើញចាប់ពី ៨០ mg/dl ចុះក្រោមនោះ ចូរឲ្យគេគេងលើផ្ទៃរាបស្មើ។ ចូរឲ្យអ្នកជំងឺបិទភ្នែក និងដកដង្ហើមធម្មតាពីរបីវិនាទី រហូតដល់គាត់មានអារម្មណ៍ធម្មតាវិញ។
ញ៉ាំស្ករ
ចូរញ៉ាំរបស់ផ្អែមៗគ្រប់ប្រភេទ ឬភេសជ្ជៈផ្អែមៗណាមួយ ដើម្បីបង្កើនកម្រិតជាតិស្ករក្នុងឈាមឡើងវិញ។ ចូរឲ្យអ្នកជំងឺទំពារស្ករផ្អែម ឬសូកូឡា ព្រោះវាមានអត្រា នៃការបឺតស្រូបជាតិស្ករក្នុងឈាមបានលឿន និងបង្កើនជាតិស្ករក្នុងឈាមវិញ ក្នុងរយៈពេលតែពីរបីនាទីប៉ុណ្ណោះ។ បើសិនអ្នកជំងឺមិនអាចទំពារបាន ចូរឲ្យគេញ៉ាំទឹកសូលុយស្យុងស្ករ ទឹកផ្លែឈើ ឬទឹកសូកូឡាមួយកែវទៅ។
ពិគ្រោះជាមួយគ្រូពេទ្យ
មិនត្រូវរង់ចាំ ដល់ជាតិស្ករក្នុងឈាមធ្លាក់ចុះដល់ ៦០ mg/dl ឬទាបជាងនេះឡើយ។ កាលណាអ្នកជំងឺដឹងខ្លួនហើយ ប្រញាប់នាំគេទៅជួបគ្រូពេទ្យ ដើម្បីព្យាបាលភ្លាម។ ចំពោះអ្នកជំងឺទឹកនោមផ្អែម បើសិនជាជាតិស្ករក្នុងឈាមធ្លាក់ចុះធ្ងន់ធ្ងរ ឬអ្នកជំងឺនៅតែមិនដឹងខ្លួនទៀត ចូរនាំគេទៅកាន់មន្ទីរពេទ្យ ដែលជិតបំផុត និងចាក់អាំងស៊ុយលីនដល់គេទៅ។ មិនត្រូវទៅឲ្យគ្រូពេទ្យណាពិនិត្យ ដែលមានបន្ទប់ពិគ្រោះជំងឺ ឬគ្លីនិកឆ្ងាយៗឡើយ ព្រោះការពន្យារពេលព្យាបាល អាចបណ្តាលឲ្យជាតិស្ករថយចុះកាន់តែខ្លាំង និងខូចខាតដល់ខួរក្បាលកាន់តែខ្លាំង ព្រមទាំងមានផលវិបាកផ្សេងៗធ្ងន់ធ្ងរទៀត៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ thehealthsite
ត្រួតពិនិត្យដោយ www.health.com.kh