សំណួរមួយដែលប្រជាជនខ្មែរយើងច្រើនតែចោទសួរមកគ្រូពេទ្យជាញឹកញាប់មួយនោះគឺថា តើថ្នាំបំប៉នជាតិកាលស្យូមមានសារៈសំខាន់ ឬល្អចំពោះសុខភាពមនុស្សយើងដែរទេ? យ៉ាងណាមិញ មានគ្រូពេទ្យជាច្រើនតែងតែចេញជាថ្នាំគ្រាប់ប្រភេទនេះដល់អ្នកជំងឺរបស់ខ្លួនដែលមានបញ្ហាឆ្អឹង ឬសន្លាក់។ ដូច្នេះបើសិនជាអ្នកនៅតែមានចម្ងល់អំពីការប្រើថ្នាំបំប៉នជាតិកាលស្យូមបែបនេះទៀត យកល្អគួរតែចំណាយពេលអានអត្ថបទនេះសិនទៅ។
មុនពេលប្រើថ្នាំនេះ ចូរវាយតម្លៃទៅលើការហូបចុករបស់អ្នកសិន
បើសិនជារបបអាហារអ្នកសម្បូរជាតិកាលស្យូមស្រាប់ដូចជា ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោ និងបន្លែពណ៌បៃតងហើយនោះ យកល្អអ្នកមិនបាច់ប្រើថ្នាំគ្រាប់ជាតិកាលស្យូមបន្ថែមឡើយ ព្រោះថាអ្នកកំពុងតែទទួលបានជីវជាតិនេះយ៉ាងគ្រប់គ្រាន់រួចទៅហើយ។
តែងយល់ថា មិនទទួលបានកាលស្យូមគ្រប់គ្រាន់ពីចំណីអាហារ
ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែណជាហេតុផលដែលត្រឹមត្រូវឡើយ។ ទោះបីជាអ្នកជាមនុស្សញ៉ាំអាហារបួសក៏ដោយ កាលណាអ្នកញ៉ាំអាហារមានតុល្យភាព និងញ៉ាំទឹកបានគ្រប់គ្រាន់ វាកម្រនឹងធ្វើឲ្យរាងកាយទទួលបានជាតិកាលស្យូមមិនគ្រប់ណាស់។
មនុស្សជាច្រើនគិតថា ថ្នាំបំប៉នជាតិកាលស្យូមជួយបង្ការជំងឺពុកឆ្អឹងលើមនុស្សចាស់
យ៉ាងណាមិញ រឿងនេះមិនទាន់ពិតប្រាកដនោះទេ ខណៈពេលដែលការស្រាវជ្រាវជាច្រើនបានអះអាងថា កាលស្យូមគ្មានអ្វីអាចជួយបង្ការជំងឺពុកឆ្អឹងលើមនុស្សធំឡើយ។ មានកត្តាជាច្រើនដែលធ្វើឲ្យមនុស្សម្នាក់ប្រឈមនឹងជំងឺពុកឆ្អឹង ប៉ុន្តែការញ៉ាំថ្នាំបំប៉នជាតិកាលស្យូមគឺគ្មានអ្វីដែលអាចជួយទប់ស្កាត់បានឡើយ។
ការប្រើថ្នាំកាលស្យូមច្រើននាំឲ្យឈឺក្រពះ ទល់លាមកឡើយ និងផ្សេងៗទៀត
មានការបារម្ភមួយដែលនិយាយថា ការទទួលទានថ្នាំបំប៉នជាតិកាលស្យូមជាទៀងទាត់អាចបង្កជាគ្រួសក្នុងតម្រងនោមបាន ប៉ុន្តែរឿងនេះមិនទាន់មានការអះអាងថាត្រឹមត្រូវឬអត់នៅឡើយទេ។ យ៉ាងណាក៏ដោយ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការប្រឈមនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលលើមនុស្សធំ នឹងកាន់តែខ្ពស់លើបុគ្គលណាដែលប្រើថ្នាំគ្រាប់បំប៉នជាតិកាលស្យូមជាទៀងទាត់។ ការសិក្សាផ្សេងទៀតនិយាយថា ថ្នាំបំប៉នប្រភេទនេះដើរតួនាទីយ៉ងាសំខាន់ក្នុងការបង្កើតជាកំណកឈាម ដែលនាំឲ្យស្ទះដល់សរសៃឈាម និងចុងក្រោយបង្កការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលតែម្តង។ ដូច្នេះហើយ អ្នកដែលប្រើថ្នាំបំប៉នជាតិកាលស្យូមច្រើនពេកប្រឈមខ្ពស់នឹងបញ្ហាអស់ទាំងនេះ ព្រមទាំងបង្កជាជំងឺភ្លេចភ្លាំងលើមនុស្សចាស់ផងដែរ។
អ្នកជំងឺយល់ថា ការប្រើថ្នាំនេះធ្វើឲ្យមានអារម្មណ៍ល្អ
តាមពិតទៅ គឺថា ថ្នាំគ្រាប់ជាតិកាលស្យូមត្រូវបានគេដាក់លក់នៅលើទីផ្សារក្នុងទម្រងច្រើនប្រភេទណាស់ ហើយក៏មានទម្រងខ្លះលាយជាមួយនឹងវីតាមីន D ទៀត។ នេះហើយគឺជាហេតុផលដែលធ្វើឲ្យអ្នកទទួលទានវា មានអារម្មណ៍ល្អ ហើយអារម្មណ៍នេះមិនមែនដោយសារតែកាលស្យូមទេ តែដោយសារវីតាមីន D ទៅវិញ។
ដោយយោងទៅតាមអ្នកជំនាញបានឲ្យដឹងថា របបអាហារជារបស់មនុស្សម្នាក់ជាមធ្យមគឺមានជាតិកាលស្យូមគ្រប់គ្រាន់ ហើយក៏មិនបាច់ប្រើថ្នាំបំប៉នប្រភេទនេះបន្ថែមទៀតដែរ។ ថ្នាំបំប៉នជាតិកាលស្យូមច្រើនតែត្រូវបានគ្រូពេទ្យចេញឲ្យប្រើប្រាស់លើកុមារដែលកំពុងតែលូតលាស់ ស្ត្រីមានផ្ទៃពោះ ម្តាយបំបៅដោះកូន និងអ្នកជំងឺបាក់ឆ្អឹង ឬញ៉ាំអាហារមិនបានគ្រប់គ្រាន់ប៉ុណ្ណោះ។ ក្រៅពីនេះ ថ្នាំបំប៉នជាតិកាលស្យូមក៏ធ្វើឲ្យមានបញ្ហាច្រើនជាងផ្តល់ប្រយោជន៍ដល់រាងកាយទៅវិញទេ។ ទោះបីជាយ៉ាងណាក៏ដោយ គ្រូពេទ្យតែងតែចេញជាវីតាមីន D ដល់អ្នកជំងឺប្រើប្រាស់ ឬឲ្យពួកគេចំណាយពេល ៣០នាទី ជារៀងរាល់ថ្ងៃក្នុងការហាលថ្ងៃដើម្បីជំរុញដល់ការបង្កើនជាតិកាលស្យូមក្នុងរាងកាយ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ thehealthsite
ត្រួតពិនិត្យដោយ www.health.com.kh