ថ្នាំផ្សះ បើយើងគិតទៅ គឺមានច្រើនជាង ១០០ប្រភេទខុសៗគ្នាឯណោះ ប៉ុន្តែថ្នាំទាំងនោះត្រូវបានគេចែកចេញជាក្រុមធំៗចំនួន ៦ក្រុម (អាស្រ័យទៅតាមប្រសិទ្ធភាពរបស់វាទៅលើបាក់តេរីនីមួយៗ) ដូចជា៖
Aminoglycosides
ថ្នាំផ្សះក្រុមនេះមានប្រសិទ្ធភាពទប់ស្កាត់ការសំយោគប្រូតេអ៊ីនក្នុងកោសិកាបាក់តេរី ដូច្នេះវាក៏អាចសម្លាប់បាក់តេរីបានដែរ។ ថ្នាំនេះត្រូវបានគេនិយមប្រើជាញឹកញាប់សម្រាប់ព្យាបាលលើការបង្ករោគដូចជា ជំងឺអាសន្តរោគ និងការបង្ករោគផ្សេងៗទៀតនៅផ្លុវដង្ហើម។
Cephalosporins
ថ្នាំផ្សះមួយនេះត្រូវបានគេស្គាល់ថាជាប្រភេទ Broad Spectrum Antibiotics ដែលមានប្រសិទ្ធភាពអាចសម្លាប់បាក់តេរីបានភាគច្រើនបំផុត ហើយក៏គេអាចប្រើសម្រាប់ព្យាបាលលើជំងឺកាមរោគ និងជំងឺទាក់ទងនឹងផ្លូវដង្ហើមដែរ។
Fluoroquinolones
នេះជាប្រភេទថ្នាំផ្សះ Broad Spectrum Antibiotics មួយប្រភេទទៀត ដែលគេមិនឲ្យប្រើចំពោះការបង្ករោគលើកូនក្មេងទេ។ ថ្នាំនេះត្រូវបានគេប្រើជាញឹកញាប់ចំពោះការបង្ករោគ Streptococcus ជាពិសេសផ្លូវដង្ហើម និងផ្លូវទឹកម៉ូត្រ។
Macrolides
វាជាប្រភេទថ្នាំផ្សះដែលគេប្រើសម្រាប់ព្យាបាលការបង្ករោគដោយសារតែបាក់តេរី Streptococci, Pneumococci, Staphylococci, និង Enterococci។
Penicillins
វាជាថ្នាំផ្សះដែលអ្នកវិទ្យាសាស្ត្ររកឃើញដំបូងគេបង្អោះ សម្រាប់ព្យាបាលលើជំងឺជាច្រើនមុខដូចជា ជំងឺនៅផ្លូវដង្ហើម ការបង្ករោគនៅត្រចៀក និងបំពង់កជាដើម។
Tetracyclines
ថ្នាំនេះត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលលើការបង្ករោគមួយចំនួន ជាពិសេសជំងឺមុន និងជំងឺស្បែកប្រភេទ Rosacea តែម្តង។
ដោយយោងទៅតាមសមត្ថភាពរបស់ថ្នាំផ្សះក្នុងការព្យាបាលការបង្ករោគ ដូច្នេះថ្នាំទាំងនេះត្រូវបានចាត់ជាចំណាត់ថ្នាក់ជាប្រភេទ Broad Spectrum និង Narrow Spectrum ដែរ៖
Broad Spectrum Antibiotics:
វាជាប្រភេទថ្នាំផ្សះដែលមានប្រសិទ្ធភាពបំផុតក្នុងការសម្លាប់បាក់តេរី និងមានប្រយោជន៍ក្នុងការព្យាបាលការបង្ករោគច្រើនក្នុងពេលតែមួយ។ ឧទាហរណ៍ Cephalosporins ត្រូវបានគេប្រើសម្រាប់ព្យាបាលជំងឺរលាកសួត រលាកស្រោមខួរក្បាល និងការបង្ករោគក្នុងឈាមទៀត។
Narrow Spectrum Antibiotics:
វាជាប្រភេទថ្នាំផ្សះដែលមានប្រសិទ្ធផាពប្រឆាំងនឹងបាក់តេរីពិសេសណាមួយ ឬបាក់តេរីតែមួយដែលមានបង្ករោគច្រើន។ ឧទាហរណ៍ ថ្នាំ Azithromycin ជាថ្នាំក្រុម Macrolide ដែលមានប្រសិទ្ធភាពពិសេសក្នុងការសម្លាប់បាក់តេរីបង្ករោគនៅបំពង់ក រលាកបំពង់សម្លេង រលាកក្រពេញអាមីដាសជាដើម៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ thehealthsite
ត្រួតពិនិត្យដោយ www.health.com.kh