មិនមានមនុស្សច្រើនទេ ដែលដឹងអំពីគុណប្រយោជន៍ ដ៏សំខាន់របស់វីតាមីន E ចំពោះសុខភាព។ វីតាមីន E មិនមានអត្ថប្រយោជន៍ដូចគ្នា នឹងវីតាមីន C, D កាល់ស្យូម និង Folate ឡើយ។ ដើម្បីដឹងអំពីអត្ថប្រយោជន៍ ពេញលេញរបស់វីតាមីន E សូមតាមដានដូចខាងក្រោមនេះ ៖
អង់ទីអុកស៊ីដង់ប្រឆាំងនឹងរ៉ាឌីកាល់សេរី
អ្វីដែលអង់ទីអុកស៊ីដង់ធ្វើ គឺទៅតោងជាមួយនឹងអុកស៊ីសែនក្នុងរាងកាយ និងការពារវីតាមីនផ្សេងៗទៀតដូចជា វីតាមីន A ពីការខូចខាត ដូច្នេះ វាក៏អាចត្រូវបានបឺតស្រូប ចូលទៅក្នុងខ្លួនកាន់តែស្រួលដែរ។ អង់ទីអុកស៊ីដង់ ក៏មានសារៈសំខាន់ សម្រាប់ភ្នាសរបស់កោសិកាដែរ។ ការសិក្សជាច្រើនបង្ហាញថា វីតាមីន E អាចជួយបង្ការបញ្ហាបេះដូង ដែលទាក់ទងនឹងភាពចាស់ទៅតាមអាយុបាន។
រំលាយកំណកឈាម
រឿងនេះមានសារៈសំខាន់ណាស់ ក្នុងការរំលាយកំណកឈាម ដែលខុសប្រក្រតី ចេញពីសរសៃឈាម ជាពិសេស សរសៃឈាមអាកទែតែម្តង ដូច្នេះ វាក៏មានប្រយោជន៍ ក្នុងការបង្ការជំងឺបេះដូងច្រើនប្រភេទដែរ។
ការពារ DNA និងកោសិកា
វីតាមីន E ត្រូវបានគេស្គាល់ថា មានប្រយោជន៍ដល់ការការពារ DNA និងកោសិកាពីសារធាតុបង្កមហារីក។ វានឹងទៅបញ្ឈប់ដុំសាច់មហារីក កុំឲ្យលូតលាស់ផង និងបង្កើនមុខងារប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងបាក់តេរី ដែលអាចកើតជាភ្នាក់ងារមហារីកផង។ ការសិក្សាបានបង្ហាញថា វីតាមីន E អាចបញ្ឈប់ជំងឺមហារីកស្បែកបាន នៅពេលលាបលើស្បែកទៀងទាត់ ជាពិសេស អ្នកដែលចេញទៅក្រៅផ្ទះ ហាលថ្ងៃច្រើនតែម្តង។
ជួយអ្នកជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែម ច្រើនតែមានបញ្ហាទៅលើ អាំងស៊ុយលីនធ្វើការមិនបានល្អ ប៉ុន្តែ ជាមួយនឹងជំនួយរបស់វីតាមីន E ការផលិតអាំងស៊ុយលីន នឹងអាចមានលក្ខណៈស្រួលបួលឡើងវិញ។ ក្រៅពីនេះការរំលាយជាតិស្ករក្នុងឈាមនឹងល្អវិញ នៅពេលអ្នកញ៉ាំវីតាមីន E គ្រប់គ្រាន់។
បន្ថយកូឡេស្តេរ៉ុល
អត្ថប្រយោជន៍ផ្សេងមួយទៀត នៃការញ៉ាំវីតាមីន E គឺថា វាអាចជួយកាត់បន្ថយកូឡេស្តេរ៉ុលក្នុងឈាមបាន។ កូឡេស្តេរ៉ុលទាប មានន័យថា អ្នកក៏មិនងាយមានបញ្ហាបេះដូង ដូចជា ដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូងដែរ។
ពង្រឹងដល់សុខភាពស្បែក
រឿងនេះគួរតែអរគុណ ដល់អង់ទីអុកស៊ីដង់របស់វីតាមីន E ហើយ ដែលអាចជួយឲ្យស្បែកមានសុខភាពល្អ និងស្រស់ស្អាត។ សក់អ្នកក៏នឹងទទួលបាន ប្រយោជន៍ពីវីតាមីន E ដែរ ព្រោះវានឹងជំរុញដល់របត់ឈាមរត់ ទៅក្នុងស្បែកក្បាល ដើម្បីជួយឲ្យសក់នោះ លូតលាស់កាន់តែមានសុខភាពល្អ។ វីតាមីន E ត្រូវបានគេរកឃើញថា អាចព្យាបាលបញ្ហាស្បែកច្រើនប្រភេទដូចជា ជំងឺមុន ស្នាមស្បែក និងស្បែកជ្រីវជ្រួញយ៉ាងមានប្រសិទ្ធភាព។
ទប់ស្កាត់ភាពអស់កម្លាំង
សព្វថ្ងៃនេះ មនុស្សយើងមានការងារធ្វើច្រើនណាស់ ក្នុងពេលតែមួយ ហើយវាក៏មិនមានអ្វីភ្ញាក់ផ្អើលដែរ ដែលពេលខ្លះ អាចនឹងមានអារម្មណ៍អស់កម្លាំង។ អ្វីដែលជាដំណឹងល្អនោះគឺថា វីតាមីន E អាចជួយប្រឆាំង នឹងភាពអស់កម្លាំងអ្នកបាន។
សរុបសេចក្តីមក វីតាមីន E ដើរតួនាទដ៏សំខាន់មួយ ចាប់ពីលុបបំបាត់ការឡើងខ្ពស់ របស់កូឡេស្តេរ៉ុល រហូតដល់ជួយដល់សុខភាពសក់ និងស្បែក។ ការញ៉ាំអាហារសម្បូរវីតាមីន E ខ្ពស់ក៏អាចផ្តល់នូវសុខភាពបានដែរ ដូច្នេះហើយ ចូរប្រាកដថា អ្នកបានជ្រើសរើសម្ហូបបានត្រឹមត្រូវដែរ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ 1mhealthtips