ថ្នាំផ្សះដែលមានវេជ្ជបញ្ជាភាគច្រើនដែលតែងតែផ្តល់ឲ្យទារកទើបនឹងកើត ឬកុមារតូចៗ គឺថ្នាំអាម៉ុកស៊ីលីន (Amoxicillin) ព្រោះវាអាចប្រើដើម្បីព្យាបាលការបង្ករោគដោយបាក់តេរីជាច្រើនដូចជា ជំងឺរលាកសួត ការបង្ករោគនៅត្រចៀក បំពង់ក ស្បែក ឬផ្លូវទឹកម៉ូត្រ។
ទោះបីជាវាត្រូវបានគេយល់ថាវាមានសុវត្ថិភាពខ្លាំងសម្រាប់កុមារប្រើថ្នាំផ្សះក៏ដោយ តែថ្នាំប្រភេទអាម៉ុកស៊ីលីននេះក៏មានជាប់ពាក់ព័ន្ធនឹងផលរំខានដ៏គួរឲ្យខ្លាចមួយចំនួនដែរ។ មានសេចក្តីរាយការណ៍ជាច្រើននិយាយអំពីករណីកម្រមួយចំនួនអំពីជំងឺរលាកថ្លើមដោយសារតែការប្រើថ្នាំ ព្រោះវាមានប្រតិកម្មជាមួយនឹងប្រភេទថ្នាំ Amoxicillin-clavulanic Acid។ ជាក់ស្តែង បុរសវ័យ ៥៣ឆ្នាំម្នាក់បានកើតជំងឺរលាកថ្លើម ក្រោយពីប្រើថ្នាំ Amoxicillin-clavulanic Acid រយៈពេល៤សប្តាហ៍ដើម្បីព្យាបាលជំងឺរលាកប្រហោងឆ្អឹងក្នុងច្រមុះរ៉ាំរ៉ៃ (Chronic Rhinosinusitis)។ ថ្នាំផ្សះអាម៉ុកស៊ីលីនត្រូវបានគេស្គាល់ថា មានឥទ្ធិពលទៅលើថ្លើម និងតម្រងនោម រយៈពេលខ្លី។ ករណីបែបនេះ អ្នកជំងឺក៏មិនមានបញ្ហាអ្វីរយៈពេលយូរដែរ។
ប៉ុន្តែតើវាមានផលរំខានអ្វីខ្លះទៅចំពោះទារក? តាមការសិក្សាដែលបានធ្វើការប្រៀបធៀបគ្នាទៅនឹងថ្នាំផ្សេងៗទៀតដូចជា Cefuroxime Axetil និង Cefaclor បានឲ្យដឹងថា ទារកទើបនឹងកើត និងកុមារតូចៗ ដែលបានព្យាបាលដោយប្រើថ្នាំផ្សះអាម៉ុកស៊ីលីនឃើញថា មានផលរំខានច្រើនជាងថ្នាំទាំងពីរខាងលើ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមែនមានន័យថា កុមារគ្រប់រូបដឹងតែមានផលរំខានទាំងអស់ឡើយក្រោយពីប្រើថ្នាំផ្សះរួចទេ។ ដូច្នេះបើសិនជាអ្នកសម្គាល់ឃើញកូនមានផលរំខាន ដូចខាងក្រោមនេះក្រោយពីប្រើថ្នាំផ្សះប្រភេទអាម៉ុកស៊ីលីន យកល្អគួរតែទាក់ទងទៅគ្រូពេទ្យដែលចេញថ្នាំឲ្យប្រើនោះភ្លាមៗ។
ផលរំខានរបស់ថ្នាំអាម៉ុកស៊ីលីនចំពោះកុមារតូចៗមានដូចជា៖
- រាករូស
- កន្ទួលរមាស់នៅស្បែក
- ក្អួត
- ឡើងកន្ទួលរមាស់នៅស្បែកត្រង់ខោទឹកនោម
- ខូចស្រទាបការពាររបស់ធ្មេញ
ដោយយោងទៅតាមការសិក្សាកាលពីឆ្នាំ ២០១៥ បានឲ្យដឹងថា ការប្រើថ្នាំផ្សះប្រភេទ អាម៉ុកស៊ីលីនអាចមានផលប៉ះពាល់ដល់ក្មេងរយៈពេលយូរ។ ឆ្លងតាមការសិក្សាទៅលើសត្វកណ្តុររកឃើញថា ការប្រើថ្នាំផ្សះនេះយូរ ធ្វើឲ្យរំខានដល់ការលូតលាស់សាច់ដុំ និងឆ្អឹង។ វាក៏នាំឲ្យមានការប្រែប្រួលដល់រចនាសម្ព័ន្ធនៃបាក់តេរីល្អៗក្នុងពោះវៀនដែរ។ អ្វីដែលសំខាន់នោះគឺថា ថ្នាំអាម៉ុកស៊ីលីនអាចបណ្តាលឲ្យឆ្អឹងលូតធំមិនធម្មតា និងកង្វះបាក់តេរីល្អៗក្នុងពោះវៀនទៀត។
ដូច្នេះថ្ងៃក្រោយ ពេលគ្រូពេទ្យចេញថ្នាំអាម៉ុកស៊ីលីនឲ្យកូនប្រើ ចូរកុំភ្លេចពិភាក្សាអំពីផលរំខានដែលអាចកើតមានរបស់វាជាមួយគ្រូពេទ្យផងមុនពេលសម្រេចចិត្តធ្វើការព្យាបាល៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy
ត្រួតពិនិត្យដោយ www.health.com.kh