អាស៊ីតហ្វូលិកត្រូវបានគេស្គាល់ថាជាវីតាមីន B9 ហើយក៏មានសារៈសំខាន់ច្រើនយ៉ាងដែរចាប់ពីការបង្កើត និងជួសជុល DNA ផលិតកោសិកាគ្រាប់ឈាមក្រហមរហូតដល់បំពេញមុខងារដល់ខួរក្បាល។ ដោយសារតែ វាជាវីតាមីនដែលរលាយក្នុងទឹក ដូច្នេះរាងកាយមិនអាចរក្សាវាបានក្នុងខ្លួនទេ ដូច្នេះអ្នកត្រូវតែញ៉ាំអាហារដែលមានជីវជាតិនេះរាល់ថ្ងៃ។
កង្វះវីតាមីនមួយនេះ ប្រហែលជាអាចបណ្តាលឱ្យមានបញ្ហាច្រើនកើតឡើង។ បើសិនជាអ្នកមិនអាចទទួលបានជីវជាតិមួយនេះគ្រប់គ្រាន់ អ្នកអាចនឹងមានបញ្ហាជាច្រើនដូចជា ខ្សោយ អស់កម្លាំង ឆេវឆាវ ភ្លេចភ្លាំងច្រើន មិនឃ្លានអាហារ និងស្រកទម្ងន់។ ជំងឺកង្វះគ្រាប់ឈាមដែលទាក់ទងនឹងការកង្វះវីតាមីន B9 ប្រហែលជាអាចកើតមានជាមួយនឹងការខូចតម្រងនោម ចំពោះអ្នកញ៉ាំស្រាច្រើន។ ស្ត្រីមានផ្ទៃពោះងាយនឹងកង្វះជីវជាតិមួយនេះណាស់។ អ្នកជំនាញនិយាយថា ស្ត្រីមានផ្ទៃពោះគួរតែប្រើថ្នាំបំប៉នអាស៊ីហ្វូលិក ជាពិសេសបើសិនជាពួកគេទទួលបានជីវជាតិមួយនេះមិនគ្រប់គ្រាន់ពីរបបអាហារតែម្តង ដើម្បីកុំឱ្យកូនកើតមកខូចអវៈយវៈ។
មិនមែនមានតែស្ត្រីទេដែលទទួលបានប្រយោជន៍ពីអាស៊ីតហ្វូលិកនេះ ប៉ុន្តែបុរសក៏អញ្ចឹងដែរ។ ដូច្នេះតើអាស៊ីតហ្វូលីកមានប្រយោជន៍អ្វីខ្លះទៅ?
ជំនួយដល់សុខភាពប្រព័ន្ធបេះដូងសរសៃឈាម
អាស៊ីតហ្វូលីកគឺជាដៃគូររបស់វីតាមីន B12 ដែលមានតួនាទិបង្ការការកើតជាកំណកឈាម ដូច្នេះវានឹងកាត់បន្ថយការប្រឈមនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។
ជួយឱ្យមានអារម្មណ៍ល្អ
ថ្នាំបំប៉នដែលមានជីវជាតិមួយនេះត្រូវបានណែនាំឱ្យប្រើលើអ្នកមានបញ្ហាបាក់ទឹកចិត្ត។ វាក៏ជារបស់ដែលអាចជួយធ្វើឱ្យអារម្មណ៍ហ្នឹងនរដែរ។
ជួយទប់ស្កាត់ជំងឺទឹកនោមផ្អែម
អាស៊ីតហ្វូលីកជួយកាត់បន្ថយចំនួនជាតិខ្លាញ់ Triglyceride ក្នុងឈាម។ អ្នកជំនាញនិយាយថា ជំងឺទឹកនោមផ្អែមគឺមានកម្រិតជាតិខ្លាញ់មួយនេះខ្ពស់ណាស់ក្នុងឈាម។
ការពារខួរក្បាល
ការសិក្សាជាច្រើនបានបង្ហាញថា អាស៊ីតហ្វូលីកប្រហែលជាអាចបន្ថយការប្រឈមនឹងជំងឺភ្លេចភ្លាំងពេលចាស់ជរាបានរហូតដល់ ៥០ភាគរយឯណោះ។ ជីវជាតិមួយនេះក៏ជួយបង្ការការភ្លេចភ្លាំងពេលអាយុច្រើនដែរ។
ខាងក្រោមនេះគឺជាប្រភពអាហារដ៏ល្អបំផុតនៃអាស៊ីតហ្វូលីក៖
• សណ្តែក
• បន្លែពណ៌បៃតង
• ក្រូច
• ផ្លែឈើដូចជា ស្វាយ ល្ហុង ចេក និងផ្លែបឺ
• ស៊ុត៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ត្រួតពិនិត្យដោយ www.health.com.kh