ប្រសិនជាអ្នកចង់ឲ្យកូនទទួលបានលទ្ធផលល្អពីការសិក្សា អ្នកគួរតែកុំធ្វើរឿងទាំង៥ខាងក្រោមនេះឲ្យសោះ។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលកូនធ្វើខុស អ្នកមិនគួរស្តីបន្ទោសឲ្យគេភ្លាមនោះទេ ដោយអ្នកគួរតែរក្សាចិត្តឲ្យស្ងប់ ហើយនិយាយប្រាប់កូនតាមសម្រួល ទើបគេស្តាប់ចូល។ ម្យ៉ាងទៀត អ្នកមិនគួរស្តីបន្ទោសឲ្យកូនដោយគ្មានមូលហេតុឡើយ ព្រោះអាចធ្វើឲ្យកូនបាត់បង់ជំនឿចិត្ត និងភាពកក់ក្តៅយ៉ាងងាយ។ ដូចនេះ ការសិក្សាកូននឹងអាចធ្លាក់ចុះជាលំដាប់។
2. តម្រូវការរបស់អ្នកចំពោះកូន មិនគួរឲ្យខ្ពស់ពេកនោះទេ ព្រោះអាចផ្តល់សម្ពាធដល់កូនខ្លាំងណាស់ ដោយអាចធ្វើឲ្យកូនកើតមានអារម្មណ៍មិននឹងនរឡើយ។ ជាហេតុដែលធ្វើឲ្យការសិក្សារបស់កូនមិនអាចរីកចម្រើនបានឡើយ។
3. អ្នកមិនគួរតែងតែរអ៊ូរទាំដាក់កូននោះទេ ព្រោះអាចធ្វើឲ្យកូនមិនអាចប្រមូលអារម្មណ៍មូលក្នុងការសិក្សាបានឡើយ។ ជាហេតុដែលធ្វើឲ្យគេតាមមិនទាន់មេរៀនឡើយ។ ដូចនេះ អ្នកគួរតែទុកពេលឲ្យខួរក្បាលគេបានសម្រាកខ្លះ មិនគួរតែងតែរអ៊ូជិតត្រចៀកគេនោះទេ។
4. អ្នកមិនគួរតែងតែធ្វើមុខស្អុយនៅចំពោះមុខកូនឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់កូនបានយ៉ាងងាយ។ ជាហេតុដែលធ្វើឲ្យកូនបាត់បង់ជំនឿចិត្ត ថែមទាំងកើតមានចិត្តសង្ស័យច្រើន ដោយគិតថាប្រហែលជាខ្លួនធ្វើមិនបានល្អ ទើបមាតាបិតាមិនសប្បាយចិត្តរហូត។
5. អ្នកមិនគួរតែងតែគិតជំនួសកូនឡើយ ព្រោះគេមានគំនិតដែលជារបស់ខ្លួន។ នៅពេលដែលអ្នកតែងតែបដិសេធនូវគំនិតរបស់គេ នឹងអាចធ្វើឲ្យគេអស់សង្ឃឹមខ្លាំង។ យូរទៅកូននឹងមិនអាចរៀនសូត្របានពូកែឡើយ ព្រោះគេមិនទុកចិត្តល់ខ្លួនគេ៕