នៅពេលដែលអ្នកដាំស៊ុប ហើយជ្រុលដៃដាក់អំបិលច្រើន ក្រៅពីបន្ថែមទឹក និងដាក់ស្ករ តើអ្នកធ្លាប់ដាក់របស់អ្វីផ្សេងដើម្បីកាត់ជាតិប្រៃទាំងនោះឬទេ? ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីមួយចំនួនក្នុងការកាត់ជាតិប្រៃ ថែមទាំងមិនធ្វើឱ្យសម្លអ្នកប្រែប្រួលរសជាតិទៀតផង។ តើមានវិធីអ្វីខ្លះ?
ដាក់ម្សៅមី ឬអង្ករចូល
អ្នកអាចយកស្បៃមុងមួយ ហើយត្រូវតែយកវាទៅសម្លាប់មេរោគជាមុនសិន ទើបយកវាមកខ្ចប់ម្សៅមី ឬអង្ករចូលក៏បានដែរ រួចខ្ចប់វាឱ្យជិត ហើយបង់វាចូលទៅក្នុងសម្ល នោះវានឹងស្រូបយកជាតិប្រៃពីក្នុងសម្លនោះជាមិនខានឡើយ។
ដាក់ដំឡូងបារាំង
នៅពេលដែលសម្លអ្នកប្រៃ អ្នកអាចចិតដំឡូងបារាំងជាបន្ទះ រួចដាក់វាចូលទៅក្នុងសម្លនោះ ប៉ុន្តែត្រូវចិតរាងក្រាស់បន្តិច ទើបវាមិនរលួយ ហើយអាចស្រង់ចេញមកវិញបាន ដោយដំបូងអ្នកអាចដាក់មួយបន្ទះចូល រួចភ្លក់ជាមុនសិន បើនៅតែប្រៃ អ្នកអាចដាក់មួយបន្ទះទៀតចូលបាន នោះវានឹងមិនសូវប្រៃទៀតទេដោយសារតែដំឡូងបារាំងនេះមានសមត្ថភាពខ្លាំងក្នុងការស្រូបយកជាតិប្រៃ។
ដាក់ពងមាន់ចូល
អ្នកក៏អាចយកពងមាន់ទៅស្ងោរ រួចដាក់ចូលទៅក្នុងសម្លអ្នកបានដែរ នោះវានឹងអាចស្រូបយកជាតិប្រៃដែលមានក្នុងសម្លនោះចេញទាំងអស់ ដោយមិនចាំបាច់បន្ថែមទឹកដើម្បីឱ្យវារាងសាបនោះទេ។
ប៉េងប៉ោះ
ប៉េងប៉ោះក៏អាចជួយសង្គ្រោះសម្លអ្នកបានដែរ ក្រោយពេលដែលអ្នកដាក់ចូល វានឹងបង្កើនរសជាតិសម្លអ្នក ថែមទាំងធ្វើឱ្យវាមិនសូវប្រៃទៀតផង៕