ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការថែរក្សាស្បែកអ្នកឲ្យមានសុខភាពល្អ និងស្អាតជានិច្ច មិនងាយខូចឡើយ។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែការពារស្បែកអ្នកពីពន្លឺព្រះអាទិត្យដែលក្តៅខ្លាំង ព្រោះអាចបំផ្លាញស្បែកអ្នកលឿនជាទីបំផុតនៅពេលដែលអ្នកមិនបានការពារ។ ដូចនេះ អ្នកគួរតែលាបឡេការពារកម្តៅថ្ងៃមុននឹងចេញក្រៅ ហើយគួរតែចៀសកុំចេញក្រៅនៅចន្លោះម៉ោង១០ព្រឹក និង៤ល្ងាចឲ្យសោះ ព្រោះកម្តៅថ្ងៃនៅចន្លោះម៉ោងនោះ គឺខ្លាំងណាស់។
2. អ្នកគួរតែចៀសពីការជក់បារី ប្រសិនជាអ្នកចង់ការពារស្បែកអ្នកឲ្យមានសុខភាពល្អ ព្រោះផ្សែងបារីជាសារធាតុពុលដែលអាចបំផ្លាញបានទាំងសុខភាព និងសម្រស់របស់អ្នក។
3. អ្នកគួរតែងូតទឹកត្រជាក់ជំនួសទឹកក្តៅ ហើយកុំងូតទឹកយូរពេកឲ្យសោះ ព្រោះអាចធ្វើឲ្យស្បែកអ្នកស្ងួតខ្លាំង។ ជាពិសេស អ្នកគួរតែចៀសពីការប្រើហ្វមលាងមុខដែលខ្លាំង ព្រោះអាចកាត់ជាតិខ្លាញ់ពីស្បែកមុខអ្នកអស់។ ប្រសិនជាស្បែកមុខអ្នកស្ងួតខ្លាំង អ្នកអាចប្រើគ្រឿងសម្អាងដែលមានសារធាតុទឹកខ្ពស់មកការពារស្បែកមុខអ្នក។
4. អ្នកគួរតែពិសារអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីនឲ្យបានច្រើន ព្រោះអាចធ្វើឲ្យស្បែកអ្នកស្អាត។ ជាពិសេស អ្នកគួរតែចៀសពីអាហារដែលបំពងខ្លាញ់ ព្រោះវាអាចបំផ្លាញស្បែកអ្នកយ៉ាងងាយជាទីបំផុត។
ចុងក្រោយ អ្នកគួរចេះបន្ធូលអារម្មណ៍ខ្លះ ដោយមិនគួររក្សាអារម្មណ៍តានតឹងពេកនោះទេ ព្រោះអាចបំផ្លាញស្បែកមុខអ្នកដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែអនុវត្តតាមចំណុច៥នេះ ដើម្បីការពារស្បែកបានល្អ និងស្អាតជានិច្ច៕