យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Daily Telegraph បានឲ្យដឹងថា យុវវ័យដែលញ៉ាំគ្រឿងស្រវឹង និងជក់បារី ទោះបីជាស្ថិតក្នុងកម្រិតមធ្យមក៏ដោយ ក៏អាចជួបបញ្ហារឹងគាំងរបស់សរសៃឈាមអាក់ទែនៅអាយុ ១៧ឆ្នាំដែរ។ ការរឹងគាំងរបស់សរសៃឈាមអាក់ទែ មិនមែនច្រើនតែធ្វើឲ្យចេញជារោគសញ្ញាគួរឲ្យកត់សម្គាល់ទេ តែជាសញ្ញាបញ្ជាក់អំពីបញ្ហាសរសៃឈាមនាពេលអនាគត់ដូចជា លើសសម្ពាធឈាម និងជំងឺបេះដូង។
សេចក្តីរាយការណ៍នេះត្រូវបានធ្វើឡើងដោយការស្រាវជ្រាវថ្មីមួយដែលពិនិត្យទៅលើទិន្នន័យបានពីគម្រោង ALSPAC Project ដែលជាការសិក្សាដ៏ធំមួយពិនិត្យទៅលើសុខភាពរបស់ម្តាយ និងកូនដែលរស់នៅក្នុងតំបន់ Bristol។ អ្នកស្រាវជ្រាវបានធ្វើការវាយតម្លៃទៅលើសរសៃឈាមអាក់តែរបស់អ្នកចូលរួមសិក្សាច្រើនជាង ១០០០នាក់ នៅពេលពួកគេអាយុបាន ១៧ឆ្នាំ។ ពួកគេក៏បានសួរអំពីទម្លាប់ពេលបច្ចុប្បន្ន និងអតីតកាលនៃការជក់បារី និងញ៉ាំគ្រឿងស្រវឹងដែរ។
ពួកគេបានរកឃើញថា យុវវ័យដែលជក់បារីគឺមានសរសៃឈាមអាក់ទែរឹងជាងអ្នកមិនជក់បារី។ ដូចគ្នានេះដែរ អ្នកដែលញ៉ាំគ្រឿងស្រវឹងច្រើនៗ ដែលក្នុងនោះញ៉ាំច្រើនជាង ១០កំប៉ុងក្នុងមួយដង គឺមានសរសៃឈាមអាក់ទែរឹងជាងអ្នកដែលញ៉ាំតិចជាង ២កំប៉ុងក្នុងមួយដង។
ប៉ុន្តែការសិក្សានេះមានដែនកំណត់មួយចំនួនដែរ។ អ្វីដែលគេប្រាប់ដោយខ្លួនឯងចទាក់ទងនឹងការជក់បារី ឬញ៉ាំគ្រឿងស្រវឹង គឺមិនសុក្រិតឡើយ។ កត្តាសុខភាព និងរបៀបរស់នៅផ្សេងៗទៀតប្រហែលចាប៉ះពាល់ដល់សុខភាពសរសៃឈាមអាក់ទេ។ ប៉ុន្តែសរុបមក ការសិក្សានេះគាំទ្រទៅលើការយល់ដឹងទូរទៅរបស់យើងទាក់ទងនឹងឥទ្ធិពលគ្រោះថ្នាក់នៃការជក់បារី និងការញ៉ាំគ្រឿងស្រវឹង ដែលវាអាចធ្វើឲ្យមានបញ្ហាជាច្រើនលើមនុស្សគ្រប់វ័យ៕