យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC ដែលនិយាយអំពីក្បួនណែនាំថ្មីទៅលើមធ្យោបាយដ៏ល្អបំផុតក្នុងការព្យាបាលការក្អករយៈពេលខ្លីនោះ បានឲ្យដឹងថា ពេលក្អក ចូរប្រើទឹកឃ្មុំព្យាបាលដំបូងគេសិន។ ក្បួនណែនាំជាច្រើនបានមកពី National Institute for Health and Care Excellence (NICE) និង Public Health England (PHE) ត្រូវបានបង្កើតឡើងក្រោយពីពិនិត្យទៅលើអំណះអំណាងបែបវិទ្យាសាស្រ្តដែលល្អបំផុត។ អំណះអំណាងបានបង្ហាញថា ទឹកឃ្មុំអាចមានប្រសិទ្ធភាពក្នុងការកាត់បន្ថយរោគសញ្ញានៃការក្អកស្រួចស្រាវដែលបង្កឡើងដោយការបង្ករោគនៅផ្លូវដង្ហើមខាងលើ ដោយក្នុងនោះរួមទាំងភាពញឹកញាប់នៃការក្អក និងការក្អកខ្លាំងក្លាដែលអ្នកជំងឺមានដែរ។
ការក្អកស្រួចស្រាវភាគច្រើនគឺបង្កឡើងដោយការបង្ករោគពីវីរុស និងជាទៅវិញដោយខ្លួនឯង។ ហើយការប្រើថ្នាំផ្សះគឺគ្មានប្រសិទ្ធភាពសម្រាប់ព្យាបាលការបង្ករោគដោយវីរុសទេ ហើយវានៅតែអាចបង្កជាផលរំខានមិនល្អចំពោះសុខភាពថែមទៀតផង។ ការប្រើថ្នាំផ្សះនឹងអាចប្រើប្រាស់បានលុះត្រាតែអ្នកជំងឺមិនស្រួលក្នុងខ្លួនខ្លាំង ឬប្រឈមខ្ពស់នឹងផលវិបាកដោយសារតែមូលហេតុរបស់វាដូចជា Cystic Fibrosis។
អ្វីដែលសំខាន់នោះគឺថា យើងគួរតែប្រើថ្នាំផ្សះក្នុងករណីដែលត្រូវការប្រើចាំបាច់ប៉ុណ្ណោះ។ ការកើនឡើងនៃភាពស៊ាំថ្នាំផ្សះប្រហែលជាអ្វីដែលយើងត្រូវគិត ហើយក៏មិនមានប្រយោជន៍សម្រាប់ការព្យាបាលនាពេលអនាគត់ដែរ៕