ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់របស់កូន ដែលអាចធ្វើឲ្យកូនក្លាយជាអ្នកដឹកនាំក្នុងថ្ងៃអនាគតបាន។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលកូននិយាយច្រើន ដោយចូលចិត្តនិយាយជាមួយអ្នក នោះអនាគតកូននឹងមិនធម្មតាទេ ព្រោះគេមានទម្លាប់ចេះប្រាស្រ័យទាក់ទងតាំងពីតូច។ ដូចនេះ នៅពេលដែលគេពេញវ័យ ទំនាក់ទំនងក្នុងសង្គមរបស់គេនឹងទូលាយ ដោយធ្វើឲ្យមានមនុស្សជាច្រើនអាចចេញមុខជួយគេឲ្យជោគជ័យបាន។
2. នៅពេលដែលកូនម្នាក់ចេះគោរពចាស់ទុំ ដោយអ្នកមិនបានបង្រៀន នោះកូនអ្នកជាបុគ្គលដែលអាចទទួលបានការគោរព និងស្រឡាញ់ពីអ្នកដទៃច្រើន ព្រោះគេចេះគោរពអ្នកដទៃតាំងពីតូច។ ដូចនេះ មិនថាគេដើរដល់ផ្លូវលំបាកបែបណាទេ សុទ្ធតែមានអ្នកស្ម័គ្រចិត្តចេញមុខជួយឲ្យផុតពីគ្រោះថ្នាក់ជានិច្ច។ ជាហេតុដែលធ្វើឲ្យគេអាចដើរដល់ផ្លូវជោគជ័យបាន។
3. ជាធម្មតា នៅពេលដែលមាតាបិតានាំកូនដើរផ្សារម្តងៗ កូនភាគច្រើនមើលឃើញតែរបស់លេងទេ ដោយមើលមិនឃើញអ្វីផ្សេងឡើយ។ ប៉ុន្តែបើកូនអ្នកបែរជាចាប់អារម្មណ៍លើសៀវភៅ ហើយចូលចិត្តអានអក្សរតាមជញ្ជាំង នោះមានន័យថា កូននឹងអាចជោគជ័យខ្លាំងក្នុងពេលអនាគត។ គេនឹងអាចក្លាយជាអ្នកដឹកនាំម្នាក់ជាមិនខានឡើយ៕