ពេលខ្លះ ភាពភ្ញាក់ផ្អើលភ្លាមៗរបស់ជីវិត ឬជំងឺអាចធ្វើឲ្យមនុស្សយើងស្កូវសក់បាន ប៉ុន្តែតើការស្កូវសក់មុនអាយុ ឬលឿនពេកនេះកើតឡើងដោយរបៀបណាទៅ? អ្នកវិទ្យាសាស្រ្តនិយាយថា តាមការស្រាវជ្រាវថ្មីទៅលើសត្វប្រហែលជាជួយស្រាយចម្ងល់មួយនេះបាន។
ការសិក្សាទៅលើសត្វកណ្តុរបានឲ្យដឹងថា វាមានទំនាក់ទំនងមួយរវាងហ្សែនដែលនាំឲ្យសក់ និងស្បែកប្រែពណ៌ និងហ្សែនដែលធ្វើឲ្យប្រែប្រួលរាងកាយទាក់ទងនឹងការបង្ករោគ។ ការរកឃើញថ្មីនេះបានបញ្ជាក់ថា ហ្សែនដែលគ្រប់គ្រងការបំពាក់ពណ៌លើសក់ និងស្បែកក៏គ្រប់គ្រងទៅលើប្រព័ន្ធភាពស៊ាំដំបូងរបស់យើងដែរ។ លទ្ធផលទាំងនេះប្រហែលជាជម្រុញដល់ការយល់ដឹងរបស់យើងទាក់ទងនឹងការស្កូវសក់បាន។
អ្នកដឹកនាំការសិក្សានេះបានពន្យល់ថា នៅពេលរាងកាយរងការវាយប្រហារពីវីរុស ឬបាក់តេរី ប្រព័ន្ធភាពស៊ាំដំបូងរបស់យើងនឹងធ្វើការខ្លាំង។ ប៉ុន្តែ អ្នកស្រាវជ្រាវនិយាយថា ពួកគេភ្ញាក់ផ្អើលដោយសារតែទំនាក់ទំនងដែលពួកគេបានរកឃើញរវាងការភ្ញោចប្រព័ន្ធភាពស៊ាំ និងការបំពាក់ពណ៌សក់លើសត្វកណ្តុរ។
យ៉ាងណាមិញ ការសិក្សានេះមិនបានបញ្ជាក់ទៅលើមូលហេតុ និងឥទ្ធិពលនៃទំនាក់ទំនងនេះទេ ហើយការស្រាវជ្រាវទៅលើសត្វច្រើនតែមិនអាចធ្វើឡើងវិញលើមនុស្សបានឡើយ។ អ្វីដែលនៅបន្តនោះគឺថា ការរកឃើញទំនាក់ទំនងមួយនេះនឹងជួយយើងយល់ដឹងអំពីជំងឺទាក់ទងនឹងការបំពាក់ពណ៌ជាមួយនឹងការចូលរួមរបស់ប្រព័ន្ធភាពស៊ាំដូចជាជំងឺ Vitiligo ដែលជាជំងឺមួយប្រភេទបង្កឡើងដោយការប្រែប្រួលពណ៌ស្បែក។ វាកើតឡើងមិនដល់មួយភាគរយឡើយលើមនុស្សយើងយើង៕