ក្នុងជីវិតរបស់មនុស្សម្នាក់ៗ ភាគច្រើនអ្នកនឹងត្រូវឆ្លងកាត់ការបែកបាក់ស្នេហាយ៉ាងហោចណាស់ក៏ម្តងដែរ។ រឿងនេះតែងតែទាក់ទងនឹងជីវិតស្នេហាដែលមិនល្អនឹងគ្នា ប៉ុន្តែការដែលឆ្លងកាត់បទពិសោធន៍នៃការបែកបាក់ស្នេហាហើយគឺមិនមែនជារឿងងាយស្រួលក្នុងការធ្វើចិត្តឡើយ។
មិនខ្វល់ថាមិត្តភក្តិអ្នកប្រាប់ថាកុំខ្វល់ ច្រើនប៉ុណ្ណា មិនខ្វល់ថាអ្នកដឹងថាគាត់ធ្វើឲ្យអ្នកឈឺចាប់ប៉ុណ្ណា និងស្គាល់គ្នាខុសប៉ុណ្ណាទេ វាពិតជារឿងមួយពិបាកនាស់ក្នុងការដោះស្រាយអារម្មណ៍អវិជ្ជមានមួយនេះណាស់។
បើសិនជាអ្នកកំពុងតែព្យាយាមដោះស្រាយបញ្ហាបាត់បង់ស្នេហាមែន ខាងក្រោមនេះអាចជាគន្លឹះតិចតួចមួយដែលអាចជួយអ្នកបាន៖
យំឲ្យអស់ចិត្ត
ចូរព្យាយាមយំឲ្យខ្លាំងទៅតាមអ្វីដែលអ្នកចង់ទៅ។ ចូររំលឹកខ្លួនឯងថា វាពិតជាមិនអីឡើយ ហើយការយំនេះក៏មិនប៉ះពាល់ដល់សុខភាពដែរ។ ការយំនឹងបញ្ចេញនូវអារម្មណ៍ពិបាកចិត្ត ខឹង និងបញ្ហាផ្លូវចិត្តផ្សេងៗទៀតពីក្នុងខ្លួនបាន។ ការយំដ៏ល្អមួយគឺជាការយំទៅតាមអ្វីដែលអ្នកចង់បាន។
នៅឲ្យឆ្ងាយពីទូរស័ព្ទ
ការបែកបាក់ស្នេហាគឺជារឿងមួយស្មុគស្មាញ វង្វេងវង្វាន់ និងឈឺចាប់ ព្រមទាំងអាចធ្វើឲ្យអ្នកចង់ទូរស័ព្ទទៅគាត់ដើម្បីរកហេតុផល ឬសុំទោសដើម្បីត្រូវគ្នាវិញ។ ប៉ុន្តែទំនាក់ទំនងដែលចប់ដោយសារហេតុផលគឺជារឿងដែលល្អមួយទៅវិញទេ។ ការបែកបាក់ស្នេហាដែលមានការឈឺចាប់ខ្លាំង ពេលខ្លះអាចធ្វើឲ្យមនុស្សទាំងសងខាងមានពេលសម្រាប់ខ្លួនឯង និងនៅឆ្ងាយពីគ្នា ហើយក៏ជាមធ្យោបាយដ៏ល្អបំផុតដើម្បីជាសះរបួសមួយនេះដែរ។
ស្រឡាញ់ខ្លួនឯង
ការឈឺចាប់ជាច្រើនពីការបែកបាក់ស្នេហាអាចកើតចេញពីអារម្មណ៍ដែលអ្នកបានបាត់បង់ផ្នែកមួយនៃជីវិតអ្នកនៅពេលបាននៅជាមួយគាត់ហើយ។ វាគឺជាអារម្មណ៍មួយត្រឹមត្រូវណាស់។ ប៉ុន្តែឥឡូវនេះអ្នកគួរតែចងចាំនរណាដែលនៅក្រៅពីជីវិតទំនាក់ទំនងអ្នកវិញ ហើយសិក្សាពីរបៀបស្រឡាញ់ខ្លួនឯងឲ្យបានច្រើនៗវិញទើបជារឿងប្រសើ។ ចូរចំណាយពេលធ្វើនូវអ្វីដែលខ្លួនចង់ធ្វើ ដូចជាការដើរកម្សាន្ត ឬចំណាយពេលជាមួយក្រុមគ្រួសារជាដើម។
ស្វែងរកការគាំទ្រខាងផ្លូវចិត្ត
វាគឺជារឿងធម្មតាទេក្នុងការមានអារម្មណ៍ឈឺចាប់ ហើយក៏មិនមានអ្វីខុសដែរក្នុងការឲ្យមនុស្សដែលអ្នកស្រឡាញ់ឃើញអ្នកក្នុងសភាពបែបនេះ។ អ្វីដែលសំខាន់នោះចូរចាំថា ម្នាក់នោះទៅបាត់ហើយ ប៉ុន្តែអ្នកនៅតែមានមនុស្សជាច្រើននៅក្បែរខ្លួនដែលរងចាំផ្តល់ការគាំទ្រដល់អ្នករហូត។ ថ្វីត្បិតតែ ពួកគេមិនបានស្ថិតក្នុងទំនាក់ទំនងស្នេហារបស់អ្នកមែន ប៉ុន្តែពួកគេក៏ជាផ្នែកមួយជួយឲ្យជីវិតអ្នករីករាយរហូតផងដែរ។ ដូច្នេះចូរអោបពួកគេឲ្យណែន និងឲ្យគេដឹងថា ពួកគេសំខាន់ចំពោះអ្នកប៉ុណ្ណាផង។
លេងស្តាយសក់ថ្មីៗ
ស្រ្តីម្នាក់ដែលកាត់សក់គឺចង់ផ្លាស់ប្តូរជីវិតរបស់នាង។ ការផ្លាស់ប្តូរស្តាយសក់ថ្មីអាចជាលក្ខណៈមួយដើម្បីជម្រុះនូវរឿងចាស់ៗចោល ឬក៏មានប្រយោជន៍សម្រាប់យកឈ្នះនូវការឈឺចាប់ផ្សេងៗក្នុងអារម្មណ៍បាន។ ក្រៅពីនេះ ការដែលអង្គុយឲ្យគេធ្វើសក់ឲ្យពីរបីម៉ោងក៏អាចផ្តល់នូវអារម្មណ៍អស្ចារ្យសម្រាប់អ្នកបានដែរ៕