ការរមួលក្រពើកើតឡើងនៅបេលសាច់ដុំឡើងតឹងខ្លាំង ហើយអ្នកមិនអាចបន្ធូរភាពតឹងរបស់វាបាន។ ខណៈពេលដែលវាបង្កការឈឺចាប់ខ្លាំង តែអ្នកច្រើនតែអាចព្យាបាលវាដោយខ្លួនឯងបាន។ ការហាត់ប្រាណ ការខ្សោះជាតិទឹកក្នុងខ្លួន និងការមករដូវគឺជាមូលហេតុញឹកញាប់នៃបញ្ហានេះហើយ។ មធ្យោបាយមួយដើម្បីបញ្ឈប់ការរមួលក្រពើគឺព្យាយាមពុតពែនរាងកាយ ឬម៉ាស្សាសាច់ដុំ និងញ៉ាំអាហារដែលមានជីវជាតិសំខាន់ៗគ្រប់គ្រាន់ដូចជា ប៉ូតាស្យូម សូដ្យូម កាលស្យូម និងម៉ាញ៉េស្យូមតែម្តង។ វាត្រូវបានគេហៅថា ជាអេឡិចត្រូលីត្រដែលសំខាន់សម្រាប់ព្យាបាលបញ្ហារមួលក្រពើនេះតែម្តង។
ចេក
អ្នកប្រហែលជាដឹងហើយថា ផ្លែចេកគឺជាប្រភេទដ៏ល្អមួយនៃជាតិប៉ូតាស្យូម។ ប៉ុន្តែវាក៏នឹងផ្តល់ឲ្យអ្នកនូវម៉ាញ៉េស្យូម និងកាលស្យូមដែរ។ ជីវជាតិទាំងបីនេះគឺជាតម្រូវការសម្រាប់រាងកាយក្នុងការបំបាត់បញ្ហារមួលក្រពើហើយ។
ដំឡូងជ្វា
វាមិនខុសពីផ្លែចេកឡើយ ដំឡូងជ្វាផ្តល់នូវជាតិប៉ូតាស្យូម កាលស្យូម និងម៉ាញ៉េស្យូម។ ដំឡូងប្រភេទនេះនឹងជួយឲ្យអ្នកឆាប់ដោះស្រាយបញ្ហារមួលក្រពើបានដោយសារតែវាមានជាតិកាលស្យូមច្រើនជាងផ្លែចេករហូតដល់ ៦ដងឯណោះ។ ការញ៉ាំដំឡូងជ្វា និងផ្លែល្ពៅទៀងទាត់គឺជាប្រភពដ៏ល្អមួយនៃជីវជាតិទាំងបីនេះ។ ផ្លែល្ពៅក៏មានជាតិទឹកច្រើនដែលអាចជួយអ្នកបង្គ្រប់ជាតិទឹកក្នុងខ្លួនផងដែរ។
ផ្លែប័រ
ផ្លែប័រពណ៌បៃតងមួយនេះមានជាតិប៉ូតាស្យូមប្រហែល ៩៧៥មីលីក្រាម ដែលវាច្រើនជាងដំឡូងជ្វា ឬផ្លែចេករហូតដល់ ២ដងឯណោះ។ ប៉ូតាស្យូមគឺជារបស់ដ៏សំខាន់ដោយសារតែវាជួយសាច់ដុំធ្វើការកាន់តែល្អ និងជួយឲ្យបេះដូងមានសុខភាពល្អ។ ដូច្នេះបើអ្នកឧស្សាហ៍រមួលក្រពើ ចូរកុំភ្លេចឧស្សាហ៍ញ៉ាំផ្លែប័រផង។
ផ្លែឪឡឹក
ផ្លែឪឡឹកមានជាតិទឹកប្រហែល ៩០ភាគរយ ដូច្នេះ នៅពេលអ្នកត្រូវការញ៉ាំអាហារដែលមានជាតិទឹកច្រើន ការញ៉ាំផ្លែឪឡឹកគឺជាជម្រើសដ៏ល្អហើយ។ ក្រៅពីជាតិទឹក ផ្លែឪឡឹកក៏មានជាតិប៉ូតាស្យូមខ្ពស់ដែរ ប៉ុន្តែមិនច្រើនដូចផ្លែឈើខាងលើឡើយ។
ទឹកដោះគោ
ដវាគឺជាប្រភពធម្មជាតិមួយនៃអេឡិចត្រូលីត្រដូចជា កាលស្យូម ប៉ូតាស្យូម និងសូដ្យូម។ វាគឺជាជម្រើសនៃការបង្រ្គប់ជាតិទឹកដ៏ល្អមួយ។ ហើយវាផ្ទុកទៅដោយជាតិប្រូតេអ៊ីនដែលអាចជួសជុលសាច់ដុំដែលខូចខាតក្រោយពីហាត់ប្រាណរួចបានដែរ។ ដូច្នេះវានឹងជួយការពារភាពរមួលរឹងរបស់សាច់ដុំបាន។
បន្លែពណ៌បៃតង
បន្លែពណ៌បៃតងសម្បូរទៅដោយជាតិប៉ូតាស្យូម និងម៉ាញ៉េស្យូម។ ដូច្នេះចូរបន្ថែម ប្រូខូលី ឬត្រកួនទៅក្នុងរបបអាហារញ៉ាំរាល់ថ្ងៃផងដើម្បីបង្ការការរមួលរបស់សាច់ដុំ។ ការញ៉ាំបន្លែពណ៌បៃតងក៏ប្រហែលជាជួយដល់ការឈឺចាប់ពេលមករដូវផង ព្រោះការសិក្សាបានបង្ហាញថា ការញ៉ាំអាហារទាំងឡាយណាដែលមានជាតិកាលស្យូមខ្ពស់អាចជួយបំបាត់ការឈឺចាប់ដោយសារតែការមករដូវបាន៕