ការដែលងើបឈរភ្លាម សម្ពាធឈាមធ្លាក់ចុះភ្លាម ឬហៅថា Postural Hypotension ឬ Orthostatic Hypotension អាចកើតឡើងលើមនុស្សគ្រប់គ្នាដោយសារតែហេតុផលជាច្រើនដូចជា ការខ្សោះជាតិទឹកក្នុងខ្លួន មិនញ៉ាំអាហារ ឬអស់កម្លាំងខ្លាំងពេក។ វាក៏អាចបង្កឡើងដោយការប្រែប្រួលហ្សែន ការចាស់ទៅតាមអាយុ ការលេបថ្នាំ របបអាហារ និងកត្តាផ្លូវចិត្ត ឬការបង្ករោគ និងអាឡែហ្ស៊ីផងដែរ។
Postural Hypotension កើតឡើងជាញឹកញាប់លើអ្នកដែលកំពុងតែប្រើថ្នាំគ្រប់គ្រងការលើសសម្ពាធឈាម។ វាក៏អាចជាប់ទាក់ទងនឹងការមានផ្ទៃពោះ មានអារម្មណ៍មិនល្អខ្លាំង សរសៃឈាមក្រិនរឹង ឬជំងឺទឹកនោមផ្អែម។ មនុស្សចាស់ច្រើនតែជួបបញ្ហានេះជាងគេង ជាពិសេសអ្នកដែលមានសម្ពាធឈាមឡើងខ្ពស់ ឬខូចមុខងារប្រព័ន្ធសរសៃប្រសាទអូតូម៉ាទិច។
ការខ្សោយសម្ពាធឈាមក្រោយពីញ៉ាំអាហាររួចគឺជារឿងដែលកើតមានជាញឹកញាប់មួយនៃការវិលមុខ និងដួលសន្លប់។ រឿងនេះកើតឡើងញឹកញាប់បំផុតក្រោយពីញ៉ាំអាហារមានកាបូអ៊ីដ្រាតច្រើន។ វាត្រូវបានគេជឿថា បង្កឡើងដោយការប្រមូលផ្តុំឈាមក្នុងសរសៃឈាមរបស់ក្រពះនិងពោះវៀនច្រើន។
ក្រៅពីនេះមានថ្នាំជាច្រើនទៀតដែលមានជាប់ទាក់ទងនឹងជំងឺ Postural Hypotension ដែរ។ ថ្នាំទាំងនេះអាចបែងចែកជាពីរប្រភេទធំ៖
- ថ្នាំសម្រាប់ប្រើព្យាបាលការលើសសម្ពាធឈាមដូចជា ថ្នាំបញ្ចុះទឹកនោម Beta-blockers, calcium-channel blockers, និង Angiotensin-converting enzyme (ACE) inhibitors
- ថ្នាំដែលមានផលរំខានធ្វើឲ្យខ្សោយសម្ពាធឈាមដូចជា Nitrate ថ្នាំព្យាបាលការមិនឡើងរឹងរបស់លិង្គ ថ្នាំព្យាបាលជំងឺ Parkinson’s Disease ថ្នាំជំងឺផ្លូវចិត្ត ថ្នាំសរសៃប្រសាទ ថ្នាំព្យាបាលការថប់អារម្មណ៍ ថ្នាំងងុយគេង និងថ្នាំប្រឆាំងការបាក់ទឹកចិត្ត។
មូលហេតុញឹកញាប់នៃការកើតមានបញ្ហា Postural Hypotension បែបធម្មជាតិដោយខ្លួនឯងនោះមានដូចជា៖
- ការខ្សោះជាតិទឹក និងបាត់បង់អេឡិចត្រូលីត្រដែលអាចបង្កឡើងដោយការរាករូស ក្អួត បាត់បង់ឈាមច្រើនៗក្នុងពេលមករដូវ ឬជំងឺផ្សេងៗទៀត
- ការថយចុះការសម្របសម្រួលសម្ពាធឈាមដោយសារតែការចាស់ទៅតាមអាយុ ដែលវាប្រហែលជាកាន់តែធ្ងន់ធ្ងរទៀតនៅពេលមានជំងឺ ឬលេបថ្នាំ
ជំងឺដែលអាចធ្វើឲ្យមានបញ្ហា Postural Hypotension មានដូចជា៖
- ជំងឺប្រព័ន្ធសរសៃប្រសាទកណ្តាលដូចជា Shy-Drager Syndrome ឬ Multiple System Atrophy
- បញ្ហាសរសៃប្រសាទដូចជា ជំងឺសរសៃប្រសាទចុងដៃចុងជើង ឬជំងឺសរសៃប្រសាទអូតូណូមិច
- ជំងឺបេះដូងសរសៃឈាម
- ញ៉ាំគ្រឿងស្រវឹងច្រើន
- ជំងឺអាហាររូបត្ថម្ភ៕