ការញ៉ាំអាហារច្រើនៗជាងធម្មតាក្នុងពេលតែមួយអាចជារឿងធ្វើឲ្យក្រពះឈឺបាន។ ប៉ុន្តែបើសិនជាការញ៉ាំអាហារក្នុងកម្រិតមធ្យមក៏អាចធ្វើឲ្យឈឺដែរ នោះអាចនឹងមានអ្វីមួយខុសប្រក្រតីហើយ។ ដូច្នេះបើសិនជាក្រពះអ្នកឧស្សាហ៍ឈឺគ្រប់ពេលញ៉ាំអាហារ ហើយមិនបានដឹងមូលហេតុវាទេនោះ យកល្អគួរតែទៅជួបគ្រូពេទ្យដើម្បីឲ្យគាត់ជួយសម្គាល់មើលបញ្ហា និងផ្តល់នូវការព្យាបាលដែលត្រឹមត្រូវហើយ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាហេតុផលញឹកញាប់បំផុតដែលធ្វើឲ្យអ្នកឧស្សាហ៍ឈឺក្រពះក្រោយពីញ៉ាំអាហាររួច។
ច្រាលអាស៊ីតពីក្រពះឡើងបំពង់ករ
នៅលើករក្រពះមានសាច់ដុំខ្ជិបមួយដើម្បីការពារកុំឲ្យអាស៊ីតក្រពះចេញទៅលើវិញបាន។ ប៉ុន្តែបើសិនជាសាច់ដុំមួយនេះមិនអាចខ្ជិបជាប់ អាស៊ីតក្រពះអាចច្រាលឡើងទៅលើ ហើយក៏ជាហេតុផលធ្វើឲ្យឈឺក្រពះក្រោយពីញ៉ាំអាហាររួចដែរ។
ប្រតិកម្មអាឡែហ្ស៊ី
ប្រព័ន្ធភាពស៊ាំគឺជារបស់ដែលជួយការពារអ្នកពីការឈ្លានពានរបស់មេរោគ។ ពេលខ្លះ វាក៏អាចធ្វើការខុសប្រក្រតីបានដែរ។ ករណីបែបនេះអាចជាហេតុផលមួយហៅថាប្រតិកម្មអាឡែហ្ស៊ីនឹងអាហារ ដែលប្រព័ន្ធភាពស៊ាំធ្វើការវាយប្រហារ ឬកំចាត់អាហារដែលអ្នកញ៉ាំ។ រឿងនេះនឹងចេញជារោគសញ្ញាឈឺចាប់ក្នុងក្រពះតែម្តង។ អាហារដែលងាយនឹងមានប្រតិកម្មនោះមានដូចជា ស៊ុត ត្រី ទឹកដោះគោ សណ្តែកសៀង និងសណ្តែកដី។
ចង្កោមរោគសញ្ញារលាកពោះវៀន
ការរលាកពោះវៀនបែបនេះអាចបង្កឡើងដោយសារអាហារជាច្រើនដែលមិនក្រពះ ឬពោះវៀនមិនអាចទទួលយកបាន។ រោគសញ្ញានៃចង្កោមរោគសញ្ញារលាកពោះវៀននេះមានច្រើន ហើយអាចបន្តយូរច្រើនថ្ងៃ ព្រមទាំងមានការឈឺពោះផងដែរ។ អាការៈផ្សេងៗទៀតមានដូចជា អស់កម្លាំង គេងមិនលក់ ហើមពោះ ផោមច្រើន រាករូស ឬទល់លាមក។
ជំងឺពោះវៀន Crohn’s Disease
វាគឺជាជំងឺរលាកពោះវៀនមួយប្រភេទដែលអ្នកវិទ្យាសាស្រ្តមិនទាន់ដឹងអំពីមូលហេតុរបស់វាទេ ហើយការព្យាបាលក៏មិនទាន់ដឹងទែ តែអាចគ្រប់គ្រងវាបានតាមរយៈការប្រើថ្នាំលេប និងពេលខ្លះត្រូវវះកាត់ទៀត។
ជំងឺនេះខុសពីការរលាកពោះវៀន ត្រង់ថាវាធ្វើឲ្យខូចខាតដល់ពោះវៀនតែម្តង។ វាប្រហែលជាធ្វើឲ្យមានការរលាកច្រើនផ្នែកនៃរាងកាយទៀត។ ក្រៅពីឈឺពោះ វាមានរោគសញ្ញាខុសៗគ្នាជាច្រើនទៀតអាស្រ័យទៅលើកទីតាំងពោះវៀនដែលវាប៉ះពាល់៕