ដំណើរការណ៍នៃការចាស់ទៅតាមអាយុបែបធម្មជាតិនឹងទៅបន្ថយការងារទាំងអស់ក្នុងរាងកាយ ប៉ុន្តែការហាត់ប្រាណនឹងជួយអ្នកចៀសផុតពីការឆាប់ចាស់បាន។ ខណៈពេលដែលវាមិនមែនជាអាថ៌កំបាំងទៀតថា ការហាត់ប្រាណគឺជារឿងល្អសម្រាប់អ្នក តែវានឹងពង្រឹងដល់ភាពរឹងមាំរបស់សាច់ដុំ ជួយគ្របគ្រងទម្ងន់ និងអារម្មណ៍កាន់តែល្អទៀត។
ខាងក្រោមនេះគឺជាការហាត់ប្រាណ ៦ប្រភេទដែលអ្នកវិទ្យាសាស្រ្តបានរកឃើញថា អាចបន្ថយឥទ្ធិពលនៃភាពចាស់របស់រាងកាយបាន៖
លំហាត់ប្រាណបែប Cardio
ការសិក្សាមួយដែលធ្វើឡើងដោយអ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ McMaster University បានឲ្យដឹងថា អ្នកដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ ហើយធ្វើការហាត់ប្រាណបែប Cardio ជាទៀងទាត់ទំនងជាមានស្បែកសុខភាពល្អជាងអ្នកដែលរស់នៅបែបស៊ីដេកៗ។ សមាសធាតុក្នុងស្បែករបស់អ្នកដែលហាត់ប្រាណទៀងទាត់ទំនងជាមើលទៅល្អដូចអ្នកអាយុខ្ទង់ ២០ ទៅ ៣០ឆ្នាំអ៊ីចឹង។
ហែលទឹក
ការហែលទឹកគឺជាសកម្មភាពមានឥទ្ធិពលទាបដ៏ល្អបំផុតមួយដែលអាចបង្កើនសាច់ដុំ រំលាយជាតិខ្លាញ់ និងបង្ការការដាក់សម្ពាធទៅលើសាច់ដុំ និងសន្លាក់បាន។ ហេតុដូច្នេះហើយទើបគេណែនាំថា ការហាត់ប្រាណបែបហែលទឹកជួយប្រឆាំងភាពចាស់បាន។ ការហែលទឹកក៏ជួយបង្កើនភាពបត់បែន បញ្ចុះសម្ពាធឈាម ពង្រឹងដល់សុខភាពបេះដូង និងរបត់ឈាមរត់ក្នុងរាងកាយទាំងមូលទៀត។
ក្បាច់តៃជិ
ក្បាច់តៃជិ ដែលត្រូវបានគេដឹងថា ជាក្បាច់គុណបូរាណរបស់ចិននោះ គឺជាប្រភពដ៏អស្ចារ្យមួយក្នុងការប្រឆាំងភាពចាស់។ នេះដោយសារតែវាជាការធ្វើចលនាយឺត ដែលដាក់សម្ពាធតិចលើសាច់ដុំ និងសន្លាក់ តែជួយពង្រឹងដល់តុល្យភាពរាងកាយ។ ដូច្នេះវាក៏ជាការហាត់ប្រាណដែលជួយទប់ស្កាត់ភាពចាស់បានដែរ។ ការហាត់ក្បាច់តៃជិនឹងជួយបំបាត់ស្រ្តេស និងគេងលក់ស្រួល ដូច្នេះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងក្មេងជាងមុនផង។
ការដើរ
បើសិនជាការរត់យឺតៗមិនមែនជាជម្រើសរបស់អ្នកទេ យកល្អគួរតែប្តូរមកដើរវិញទៅ។ វាជាសកម្មភាពថ្នមៗមែន តែមានឥទ្ធិពលទាប ដែលអាចជួយដល់សុខភាពច្រើនក្នុងការទប់ស្កាត់ភាពចាស់។ គ្រូពេទ្យជាច្រើនបាននិយាយថា គ្រាន់តែការដើរលឿនៗ ២៥នាទីក្នុងមួយថ្ងៃក៏អាចជួយឲ្យកើនអាយុបាន ៧ឆ្នាំដែរ។ ការសិក្សាបានឲ្យដឹងថា ការដើរជួយពង្រឹងដល់មុខងាររាងកាយបានយ៉ាងល្អ។
លើកទម្ងន់
បើសិនជាគ្រូពេទ្យអនុញ្ញាតិឲ្យអ្នកអាចហាត់ប្រាណដោយលើកទម្ងន់បានហើយ វាពិតជាមានប្រយោជន៍ណាស់ក្នុងការយកវាសម្រាប់ផ្តល់សុខភាព ហើយទប់ស្កាត់ភាពចាស់ផង។ ការលើកទម្ងន់ត្រូវបានគេអះអាងថាមានប្រយោជន៍ដូចខាងក្រោមនេះ៖
- ទប់ស្កាត់ការឡើងជាតិខ្លាញ់
- ពង្រឹងដល់សុខភាពបេះដូង
- ពង្រឹងដល់តុល្យភាពរាងកាយ
- បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម
- បន្ថយឥទ្ធិពលនៃការពុកឆ្អឹង
- បង្ការការឈឺខ្នង
មិនខ្វល់ថាអ្នកកំពុងតែធ្វើចលនាដោយគ្រាន់តែប្រើប្រាស់ទម្ងន់រាងកាយដើម្បីបន្សាំខ្លួន ឬកំពុងតែហាត់ប្រាណក្នុងក្លិបជាមួយនឹងម៉ាស៊ីនឡើយ អ្នកងាចរំលាយជាតិខ្លាញ់ក្នុងសាច់ដុំបានយ៉ាងល្អ។
ហាត់យូហ្គា
អ្នកខ្លះចូលចិត្តហាត់យូហ្គាផង និងតៃជិផង តែគោលដៅនៃការហាត់ប្រាណទាំងពីរនេះគឺដើម្បីរក្សាតុល្យភាពរាងកាយដូចគ្នា។ ការហាត់យូហ្គាបានក្លាយទៅជាលំហាត់ប្រាណដ៏ពេញនិយមមួយសម្រាប់មនុស្សនាពេលបច្ចុប្បន្ន ហើយក៏មានប្រយោជន៍សម្រាប់អ្នកដែលកំពុងតែជួបបញ្ហាគាំង និងឈឺសន្លាក់ដែរ។ អត្ថប្រយោជន៍នៃការតាំងសមាធិតាមរយៈការហាត់យូហ្គានឹងជួយបំបាត់ស្ត្រេស ព្រមទាំងមានអារម្មណ៍ស្រស់ស្រាយទាំងចិត្ត និងរាងកាយ៕