យើងខ្ញុំជឿជាក់ថា អ្នករាល់គ្នាសុទ្ធតែធ្លាប់ប្រើត្រសក់មកបិតលើមុខ ដោយគ្រាន់តែចិតជាបន្ទះៗតែប៉ុណ្ណោះ។ ប៉ុន្តែថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរូបមន្តថ្មីក្នុងការប្រើត្រសក់មកធ្វើជាម៉ាសមុខវិញម្តង។ តើមានវិធីធ្វើបែបណាទៅ?
ដំបូងអ្នកអាចយកត្រសក់តូចចំនួនពីរផ្លែមកកិនក្នុងម៉ាស៊ីនទឹកក្រឡុកឲ្យម៉ត់។ បន្ទាប់មក អ្នកអាចដាក់ពងមាន់ចូលមួយគ្រាប់ ដោយយកតែផ្នែកសតែប៉ុណ្ណោះ រួចកូរឲ្យសព្វចូលគ្នា។ បន្ទាប់មកទៀត អ្នកអាចដាក់ម្សៅមីបន្តិចចូលទៅក្នុងនោះ រួចកូរឲ្យសព្វចូលគ្នា។ ក្រោយពេលដែលអ្នកធ្វើរួច អ្នកអាចយកមកលាបលើមុខអ្នក ដោយចៀសពីលាបកន្លែងនៅជុំវិញភ្នែក។ អ្នកអាចទុកចំនួនពី៥ទៅ១០នាទី រួចលាងចេញជាការស្រេច។ រូបមន្តមួយនេះ អាចធ្វើឲ្យស្បែកអ្នកមានសំណើម ថែមទាំងអាចធ្វើឲ្យស្បែកអ្នកសទៀតផង។ ប៉ុន្តែអ្នកដែលមានស្បែកឆាប់ប្រតិកម្ម គួរតែប្រើរូបមន្តមួយនេះដោយប្រយ័ត្ន ទើបមិនប៉ះពាល់ដល់ស្បែកអ្នកយ៉ាងងាយ៕