ប្រជាពលរដ្ឋក្នុងខេត្តកំពត លើកឡើងថា ទុរេនបន្លំឈ្មោះខេត្តកំពត បានធ្វើឲ្យហាងឆេងទុរេនក្នុងស្រុកមិនល្អ រហូតដល់បាត់ទំនុកចិត្តពីអ្នកទិញ។ ការហូរចូលទុរេនពីបរទេសនេះ ដោយសារការផ្គត់ផ្គង់មិនគ្រប់គ្រាន់ ណាមួយក៏មានឈ្មួញខិលខូចខ្លះ ហេតុតែចង់បានប្រាក់ចំណេញសុខចិត្តបន្លំឈ្មោះផលិតផលក្នុងស្រុក ដោយនាំចូលទុរេនដាក់ថ្នាំ ហើយថា ដាំនៅក្នុងខេត្តកំពត ដែលជាទឹកដីល្បីសំបូរផ្លែទុរេនធម្មជាតិច្រើនជាងគេនៅកម្ពុជា។
លោកពូ រឿន អ្នកលក់ទុរេននៅទឹកឈូរ ប្រាប់ថា អ្នកទិញខ្លះមិនទុកចិត្ត ហើយសុំអ្នកលក់លិឍទងទុរេនឲ្យគេមើល ព្រោះគេថាបើមិនហ៊ានលិឍនោះគឺដាក់ថ្នាំហើយ បើមិនចឹងទេ សុំឲ្យទៅកាត់នៅដើមផ្ទាល់តែម្តង។ ជាងនេះទៀត អ្នកទិញមួយចំនួនចង់ទិញទុរេននោះ ទាល់តែរកញាតិមិត្តស្គាល់ច្បាស់អ្នកលក់សិន ព្រោះថាល្បិចអ្នកលក់ទុរេនខ្លះខ្ពស់ៗ ពិតជាមិនគួរឲ្យទុកចិត្ត។
ជាក់ស្ដែង លោក រិទ្ធិ អ្នកចូលចិត្តញ៉ាំទុរេន ទើបចាញ់បោកអ្នកលក់ក្នុងពេលដំណើរកម្សាន្តទៅកំពតថ្មីៗនេះ បានប្រាប់ Sabay ថា អ្នកលក់មានតិចនិកបោកប្រាស់ច្រើនណាស់ ដូចជាយកអង្រ្កងទៅព្រលែងលើទុរេន ហើយប្រាប់ថាជារបស់ធម្មជាតិសុទ្ធសាធ ។ ល្បិចមួយទៀតបានមកពីអ្នកភូមិប្រាប់ គេទិញទុរេនផ្សេងមកដាក់ក្រោមដើមក្នុងចំការដែលគេម៉ៅនៅក្បែរកន្លែងលក់នោះ ដើម្បីបញ្ឆោតភ្នែកអ្នកទិញ ឬដឹកទៅចំការរួចហើយ ទើបដឹកចេញមកលក់វិញ។
លោក រិទ្ធិ ដដែលបន្តថា លោកបានទិញទុរេនចំនួន ២គីឡូ តម្លៃប្រមាណ ៥ម៉ឺនរៀល ដែលទុរេននោះមានសាច់ក្នុងពណ៌ក្រហម ជ្រាយៗមិនទំនងញ៉ាំសោះឡើយ លោកបានសួរអ្នកលក់ទុរេនផ្សេងទៀត គេថាទុរេននោះនាំចូលពីថៃទេ វាបានធ្វើឲ្យលោកខកចិត្តជាខ្លាំង៕
ប្រភព៖ sabay.com.kh