ហេតុអ្វីមនុស្សមួយចំនួនព្រមត្រឡប់ ឬទទួលយកគូស្នេហ៍ដែលធ្លាប់ធ្វើឱ្យពួកគេឈឺចាប់វិញ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីមូលហេតុខ្លះដែលមនុស្សមួយចំនួនព្រមទទួលយក ឬត្រឡប់រកអ្នកធ្លាប់ធ្វើឱ្យពួកគេឈឺចាប់ ៖
១. ការវិលត្រឡប់មកត្រូវគ្នាវិញ គឺងាយស្រួលបំផុត
ការវិលត្រលប់ទៅរកអ្នកចាស់ ឬមនុស្សដែលយើងធ្លាប់ស្រលាញ់ គឺជារឿងងាយស្រួលបំផុតដែលយើងអាចធ្វើបាន។ ហេតុអ្វី? នេះក៏ព្រោះអ្នកទាំងពីរបានស្គាល់និងដឹងពីគ្នាបានច្រើនគួរសមណាស់ទៅហើយ! មិនថាចំពោះទម្លាប់ ចំណង់ចំណូលចិត្ត និងសូម្បីតែរបស់ញ៊ាំ។ ដូច្នេះការវិលត្រឡប់ទៅរកគ្នាវិញ គឺងាយណាស់។ ម្យ៉ាងវិញទៀតយើងក៏ធ្លាប់ស៊ាំនឹងការឈឺចាប់ដែលបង្កឡើងដោយដៃគូរបស់យើងរួចទៅហើយ ដូច្នេះវាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលយើងត្រឡប់រកគ្នាវិញ។ យើងដឹងថាអាចនឹងត្រូវឈឺចាប់ម្ដងទៀត ប៉ុន្តែក៏នៅតែចង់ប្រឈមមុខ។
២. មិនអាចទ្រាំទ្រនឹងភាពឯកា
ពិតណាស់ការបែកគ្នាមិនមែនជារឿងងាយស្រួលឡើយ! អ្នកអាចនឹងមានអារម្មណ៍ពិបាកចិត្ត ហើយឯកាដោយសារមនុស្សពិសេសម្នាក់នោះបានឃ្លាតឆ្ងាយទៅ ឬមិននៅក្បែរខ្លួនអ្នកទៀត។ ក្នុងកំឡុងពេលនេះអ្នកចោទសួរខ្លួនឯងថាតើការសម្រេចចិត្តបែកគ្នាជាមួយមនុស្សដែលអ្នកស្រឡាញ់នេះត្រូវ ឬខុស? អ្នកនៅតែគិតដល់អនុស្សាវរីយ៍និងទង្វើល្អៗដែលគេធ្លាប់ធ្វើដាក់ដល់ថ្នាក់ភ្លេចនូវរឿងមិនល្អ ក៏ដូចជាមូលហេតុអ្វីដែលអ្នកដាច់ចិត្តសុំបែកជាមួយគេ។ ជាធម្មតាមនុស្សភាគច្រើនខ្លាចនឹងនៅម្នាក់ឯង ហើយចាប់ផ្ដើមទំនាក់ទំនងថ្មីជាមួយអ្នកផ្សេង។ ដូច្នេះពួកគេក៏គិតថាទ្រាំនៅជាមួយមនុស្សដែលធ្វើឱ្យគេឈឺចាប់អាចនឹងល្អជាងនៅម្នាក់ឯងឯកា។
៣. ភាពរុញរា ឬស្ទាក់ស្ទើក្នុងអារម្មណ៍
ទោះបីអ្នកជាមនុស្សរឹងមាំប៉ុណ្ណាក៏ដោយ ការបែកគ្នានៅតែអាចធ្វើឱ្យអ្នកមានអារម្មណ៍ឈឺចាប់ ខូចចិត្ត ឬខ្ទេចខ្ទាំក្នុងអារម្មណ៍ចៀសមិនផុតឡើយ។ កាន់តែយ៉ាប់បំផុតនោះ គឺការបែកបាក់គ្នាអាចធ្វើឱ្យអ្នកមានភាពរុញរាថាតើនឹងបញ្ចប់គ្រប់យ៉ាងត្រឹមនេះ ឬត្រឡប់ទៅរកដៃគូវិញប្រសិនបើគេនៅតែទទួលយកនិងមានអារម្មណ៍ដែរ។ ការនៅឃ្លាតឆ្ងាយគ្នាមួយរយៈពីដៃគូអាចធ្វើឱ្យអ្នកងាយនឹងនឹកដល់អនុស្សាវរីយ៍ល្អៗ ហើយរំលងនូវរឿងឈឺចាប់ទាំងប៉ុន្មាន។
៤. ព្រោះការសង្ឃឹម ហើយគិតថាគេនឹងកែខ្លួន
ភាគច្រើននៃពួកយើងសុទ្ធតែបានលឺនូវឃ្លាដែលថា “ស្នេហាធ្វើឱ្យមនុស្សខ្វាក់ភ្នែក” ហើយញឹកញយវាជាការពិត! ការស្រឡាញ់អាចធ្វើឱ្យអ្នកព្យាយាមរកលេសដើម្បីគេ ពេលខ្លះក៏កុហកខ្លួនឯង ហើយតែងសង្ឃឹមថាគេប្រាកដជានឹងកែខ្លួនឱ្យប្រសើរជាងនេះបន្ទាប់ពីរឿងរ៉ាវមិនល្អបានកើតឡើង។ ការស្រឡាញ់ធ្វើឱ្យអ្នកងាយនឹងផ្ដល់ឱកាសឱ្យដៃគូម្ដងទៀតដោយជឿជាក់លើការសន្យា ឬពាក្យសម្ដីដែលគេថានឹងកែប្រែខ្លួនមិនឱ្យខុសម្ដងទៀតទាំងដែលក្នុងចិត្តពេលខ្លះបានដឹងថាវាមិនប្រាកដដូចការអះអាង។ ជាក់ស្ដែងតាមពិតទៅមនុស្សមិនងាយនឹងផ្លាស់ប្ដូរអត្តចរិកពីធម្មជាតិរបស់ពួកគេឡើយ៕