តើអ្នកមានឆ្ងល់ទេថាតើ គូស្វាមីភរិយាដែលមានសុភមង្គល បានធ្វើអ្វីខ្លះ? ចូរគិតអំពីរបៀបដែលមនុស្សពីរនាក់ចូលចិត្តនៅជាមួយគ្នា នៅក្រោមដំបូលផ្ទះតែមួយ? តើអ្វីខ្លះទៅដែលធ្វើឲ្យទំនាក់ទំនងស្នេហាមានសុខភាពល្អ? គឺវាអាស្រ័យលើរបៀបដែលពួកគេធ្វើទំនាក់ទំនងគ្នាទៅវិញទៅមកនៅក្នុងជីវិតប្រចាំថ្ងៃ។
វាត្រូវការការខិតខំប្រឹងប្រែងជាច្រើន ដើម្បីកសាងទំនាក់ទំនងដ៏ល្អប្រសើរមួយ។ សុភមង្គល មិនអាចកើតមានឡើង ក្នុងរយៈពេលត្រឹមតែមួយយប់នោះទេ។ សុភមង្គល ត្រូវការចំណាយពេល និងការអត់ធ្មត់ច្រើន ហើយវាគឺអាស្រ័យទៅលើការប្រឹងប្រែងដែលអ្នកលះបង់។ ចង់ឲ្យគ្រួសារមានសុភមង្គល រីកលូតលាស់ និងនៅរឹងមាំ ដៃគូទាំងពីរគួរតែយកចិត្តទុកដាក់ទាំងអស់។
នៅក្នុងអត្ថបទនេះ អ្នកនឹងរកឃើញអ្វីដែលជាការខិតខំប្រឹងប្រែងដែលអ្នកត្រូវធ្វើ ដើម្បីធ្វើឲ្យខ្លួនអ្នកមានទំនាក់ទំនងល្អជាមួយគ្នា។
១. ការប្រាស្រ័យទាក់ទងក្នុងអាពាហ៍ពិពាហ៍
វាគឺជារឿងសំខាន់ ពោលគឺនិយាយ បង្ហាញការពេញចិត្ត គិតវិជ្ជមាន និងប្រើប្រាស់ពាក្យផ្អែមល្ហែម។ ចូរសរសើរស្នេហារបស់អ្នកដោយនិយាយថា “បងស្រឡាញ់អូន” ឲ្យបានញឹកញាប់។
២. ការគោរព
ការគោរព គឺជារឿងសំខាន់ដូចគ្នានឹងការទំនាក់ទំនង។ ការគោរព គឺជាទិដ្ឋភាពចាំបាច់នៅក្នុងអាពាហ៍ពិពាហ៍ដែលមានសុភមង្គល។ ប្ដីប្រពន្ធដែលគោរពគ្នាទៅវិញទៅមក គឺជាអ្នកដែលនៅជាប់គ្នាបានយូរ។ ការផ្តល់ការគោរព គឺជាគន្លឹះនៃទំនាក់ទំនងល្អ។ វារក្សានូវចំណងកាន់តែរឹងមាំ និងនៅដដែល។ គូស្វាមីភរិយាដែលមានសុភមង្គលតែងតែគោរពគ្នាទៅវិញទៅមកព្រោះពួកគេដឹងច្បាស់ថា ពួកគេចង់បានអាពាហ៍ពិពាហ៍ដែលរីករាយរហូត។
៣. ការចំណាយពេលវេលាល្អៗជាមួយគ្នា
គូស្វាមីភរិយាដែលមានសុភមង្គលមិនចង់ចំណាយពេលពេញមួយថ្ងៃជាមួយគ្នាទេ។ ពួកគេដឹងថា វានឹងធ្វើឲ្យអាពាហ៍ពិពាហ៍មិនល្អ។ ជាជាងការចំណាយពេលទាំងអស់ជាមួយគ្នា ពួកគេចំណាយពេលវេលាតិចតួចថ្នាក់ថ្នមគ្នាប៉ុណ្ណោះ ប៉ុន្តែ វាជាអ្វីដែលពួកគេចង់បាន និងប្រាកដថាជាវេលាដែលមានគុណភាព និងមានសុភមង្គល។ គុណភាព តែងតែប្រសើរលើសពីបរិមាណ ហើយគូស្វាមីភរិយាទាំងនេះ ដឹងអំពីរបៀបកែតម្រូវពេលវេលារបស់ពួកគេ ដើម្បីចំណាយពេលវេលាដែលមានគុណភាពជាមួយគ្នា។
៤. នៅឲ្យឆ្ងាយពីគ្នា
ដូចគ្នានឹងនៅក្បែរគ្នាដែរ ការនៅឆ្ងាយពីគ្នា វានឹងធ្វើឲ្យពួកគេកាន់តែស្និទ្ធស្នាលជាមួយគ្នាតាមបែបផ្សេង។ ការថែរក្សាព្រំដែនជាក់លាក់ គឺជាគន្លឹះនៃទំនាក់ទំនងប្រកបដោយភាពរីករាយ និងពេញចិត្ត។ ចូរចំណាយពេលរបស់អ្នកធ្វើការងាររបស់អ្នក និងអ្វីដែលអ្នកចង់ធ្វើរៀងៗខ្លួន៕