យោងទៅតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Mail Online បានឲ្យដឹងថា ក្តីសង្ឃឹមនៃការមានកូនសម្រាប់អ្នកជំងឺគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែកំពុងតែមានបណ្តើរៗហើយ។ រឿងនេះបានមកពីការសិក្សាស្រាវជ្រាវមួយដែលមានគោលដៅស្រាវជ្រាវទៅលើអតុល្យភាពអ័រម៉ូនលើស្រ្តីមានផ្ទៃពោះដែលមានជំងឺចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែ ឬហៅថា Polycystic Ovary Syndrome (PCOS) ហើយអ្វីដែលអាចកើតមាននោះគឺថា ស្រ្តីទាំងនេះអាចចម្លងជំងឺPCOS ទៅឲ្យកូនស្រីរបស់ខ្លួនបានទៀតផង។
PCOS ត្រូវបានគេចាត់ទុកថា មានជាប់ទាក់ទងនឹងភាពមិនធម្មតានៃកម្រិតអ័រម៉ូន និងងាចធ្វើឲ្យរដូវមកមិនទៀង (ពេលខ្លះមិនមករដូវតែម្តង) ឡើងទម្ងន់ និងពិបាកមានផ្ទៃពោះ។ អ្នកស្រាវជ្រាវបានពិនិត្យយ៉ាងពិសេសទៅលើអ័រម៉ូនមួយឈ្មោះថា Anti-Mulerian Hormone (AMH) ដែលវាត្រូវបានផលិតចេញពីក្នុងក្រពេញអូវ៉ែនៅពេលបញ្ចេញមេជីវិតញី ដែលវាជាផ្នែកមួយនៃការមករដូវ។ កម្រិតនៃ AMH ជាធម្មតាគឺទាបទេក្នុងពេលមានមានផ្ទៃពោះ ព្រោះថា ក្រពេញអូវ៉ែមិនកំពុងតែបញ្ចេញមេជីវិតញីទៀតឡើយ។ ប៉ុន្តែការសិក្សានេះបានរកឃើញថា ស្រ្តីមានផ្ទៃពោះដែលមានជំងឺ PCOS គឺមានកម្រិតនៃអ័រម៉ូន AMH ខ្ពស់។
អ្នកស្រាវជ្រាវចង់ឃើញថា តើការឡើងខ្ពស់នៃអ័រម៉ូន AMH នេះអាចធ្វើឲ្យមានជំងឺដល់កូនស្រីរបស់ពួកគេដែរឬអត់ តាមរយៈការរំខានការលូតលាស់ពួកគេនៅពេលស្ថិតនៅក្នុងផ្ទៃម្តាយនៅឡើយ។ អ្នកស្រាវជ្រាវបានចាក់អ័រម៉ូន AMH ទៅក្នុងកណ្តុរដែលមានផ្ទៃពោះ ហើយកូនដែលក្នុងផ្ទៃកណ្តុះនោះមានរោគសញ្ញានៃជំងឺ PCOS។ កូនទាំងនេហត្រូវបានគេឲ្យថ្នាំ Cetrorelix ដែលជាថ្នាំប្រើសម្រាប់ការព្យាបាលធ្វើឲ្យមានកូនតាមបែបសិប្បនិមិត្ត ដើម្បីបង្ការការជ្រុះអូវ៉ុលរហូតដល់ពេលវេលាខ្ពស់បំផុតសម្រាប់ការមានផ្ទៃពោះ។
Cetrorelix មានមុខងារក្នុងការទប់ស្កាត់អ័រម៉ូនផ្សេងមួយទៀតឈ្មោះថា Gonadotrophin។ កម្រិតនៃអ័រម៉ុន Gonadotrophin ត្រូវបានគេដឹងថា នឹងឡើងខ្ពស់លើស្រ្តីដែលមានជំងឺ PCOS។ ការដែលឲ្យថ្នាំនេះប្រើ គឺមិនបានបន្ថយរោគសញ្ញារបស់ជំងឺនេះលើកូនកណ្តុរក្នុងផ្ទៃឡើយ។ ប៉ុន្តែលទ្ធផលនៃគារសិក្សានេះគឺពិបាកនឹងបកប្រែណា ហើយក៏មិនទាន់ផ្តល់ក្តីសង្ឃឹមច្រើនដល់ស្រ្តីដែលមានជំងឺ PCOS ឡើយ។
ការដែលឲ្យថ្នាំ Cetrorelix ច្រើនតែបង្ការការជ្រុះអូវ៉ុល ហើយវាមិនមែនជាការព្យាបាលសម្រាប់បញ្ហាមិនអាចមានកូនដែលទាក់ទងនឹងជំងឺ PCOS ឡើយ៕