ជាធម្មតាស្នាមសង្វារច្រើនជាប់ទាក់ទងជាមួយនឹងការមានផ្ទៃពោះ ប៉ុន្តែវាក៏អាចកើតឡើងដោយសារស្ថានភាពផ្សេងទៀតដូចជាការកើន ឬស្រកទម្ងន់ខ្លាំងភ្លាមៗ បញ្ហាអតុល្យភាពនៃអ័រម៉ូន និងជំងឺមួយចំនួនផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាមានគន្លឹះមួយចំនួនជួយកាត់បន្ថយហានិភ័យនៃបញ្ហានេះបានយ៉ាងប្រសើរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីគន្លឹះងាយៗកាត់បន្ថយហានិភ័យនៃបញ្ហាឡើងស្នាមសង្វារ ៖
១. រក្សាទម្ងន់ត្រឹមត្រូវមួយ
មូលហេតុចម្បងបំផុតមួយដែលបង្កបញ្ហាស្នាមសង្វារ គឺការកើនទម្ងន់ខ្លាំងឆាប់រហ័សនិងការស្រកទម្ងន់ដែលលើសលឿនពេក។ ដូច្នេះហើយទើបអ្នកគួររក្សាឱ្យបានទម្ងន់ត្រឹមត្រូវមួយប្រសិនបើមិនចង់ជួបប្រទះបញ្ហាឡើងស្នាមសង្វារ ពិសេសលើពោះ ភ្លៅ គូថ ដើមដៃខាងលើនិងក្លៀក។
២. កើនទម្ងន់ត្រឹមត្រូវកំឡុងពេលមានផ្ទៃពោះ
ការមានផ្ទៃពោះជាមូលហេតុទូទៅបំផុតមួយដែរនៃបញ្ហាឡើងស្នាមសង្វារ។ ទោះជាយ៉ាងណាអ្នកអាចចៀសផុតពីបញ្ហានៃការឡើងស្នាមសង្វារច្រើនបានយ៉ាងងាយដោយគ្រាន់តែទប់ស្កាត់ការកើនទម្ងន់ខ្លាំងពេក។ ចូរពិគ្រោះជាមួយគ្រូពេទ្យឯកទេសខាងសម្ភពដើម្បីកំណត់បរិមាណទម្ងន់ត្រឹមត្រូវដែលអ្នកគួរកើន។
៣. ទទួលទានវីតាមីន C ឱ្យបានគ្រប់គ្រាន់
ក្រៅពីចាំបាច់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយហើយនោះ វីតាមីន C ក៏សំខាន់សម្រាប់ស្បែកស្រស់ស្អាតនិងមានសុខភាពល្អផងដែរ។ រាងកាយវីតាមីន C ដើម្បីសំយោគកូឡាជែនជួយទប់ស្កាត់បញ្ហាឡើងស្នាមសង្វារ។
៤. រក្សាបរិមាណនៃវីតាមីន D ឱ្យបានគ្រប់គ្រាន់ក្នុងរាងកាយ
វីតាមីន D ក៏ចាំបាច់ណាស់ដែរសម្រាប់រក្សាស្បែកឱ្យរឹងមាំមានសុខភាពល្អ ហើយកាត់បន្ថយហានិភ័យនៃបញ្ហាឡើងស្នាមសង្វារ។ ដូច្នេះហើយទើបការស្ថិតនៅក្រោមពន្លឹះព្រះអាទិត្យឱ្យបានពី ២ ទៅ ៣ នាទីមុនម៉ោង ១០ ព្រឹកនិងក្រោយម៉ោង ៤ ល្ងាច គឺជាគំនិតដ៏ប្រសើរបំផុត។ ប្រភពផ្សេងទៀតនៃវីតាមីន D គឺអាហាររួមមានទឹកដោះគោ ឈីស ផ្នែកពណ៌លឿងនៃស៊ុតនិងត្រីសម្បូរខ្លាញ់ជាដើម។
៥. រក្សាសំណើមដល់ស្បែកជាប្រចាំ
ការលាបផលិតផលផ្ដល់សំណើមដល់ស្បែកក៏អាចជួយកាត់បន្ថយនិងទប់ស្កាត់ស្នាមសង្វារគួរឱ្យកត់សម្គាល់ផងដែរ។
៦. ទទួលទានឱ្យបានច្រើនគ្រប់គ្រាន់ជាប្រចាំ
ចូរព្យាយាមទទួលទានទឹកឱ្យបានប្រមាណ ២ លីត្រក្នុងមួយថ្ងៃដើម្បីរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ ព្រមទាំងសំណើមនៃស្បែក។ ក្រៅពីកាត់បន្ថយហានិភ័យនៃបញ្ហាឡើងស្នាមសង្វារហើយនោះ ការរក្សាជាតិសំណើមបានត្រឹមត្រូវក៏ចាំបាច់សម្រាប់ស្បែកដែលភ្លឹរលោងក្មេងជាងវ័យផងដែរ។
៧. ទទួលទានអាហារមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៣
ក្រៅពីទឹក អាស៊ីតខ្លាញ់អូមេហ្កា ៣ ក៏ជួយរក្សាសំណើមស្បែកពីខាងក្នុងមកក្រៅកាត់បន្ថយការលេចឡើងនូវស្នាមសង្វារគួរឱ្យកត់សម្គាល់។
៨. ចៀសវាងការជក់បារី
មិនត្រឹមតែបង្កើនហានិភ័យនៃបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ពន្លឿនដំណើរការនៃភាពចាស់តាមវ័យរបស់ស្បែកនិងបង្កើនឱកាសនៃការលេចឡើងនៃស្នាមសង្វារផងដែរ។ នេះក៏ព្រោះតែការជក់បារីអាចបំផ្លាញកោសិកាស្បែកសុខភាពល្អនិងបំបែកកូឡាជែន៕