ប្រទេសចិន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឱ្យដឹងថា រដ្ឋាភិបាលក្រុងប៉េកាំង បានយល់ព្រមលើការចាប់ខ្លួនស្ត្រីម្នាក់ ដែលលាក់បាំងរោគសញ្ញាជំងឺកូវីដ១៩ ដើម្បីហោះហើរទៅកាន់ប្រទេសចិនវិញ នៅកាលពីខែមីនា ហើយបង្កឱ្យមានការឆ្លងទៅកាន់អ្នកដំណើរផ្សេងទៀតនៅលើយន្តហោះជាមួយនឹងនាង។
Jie Li អាយុ៣៧ឆ្នាំ បានវិវត្តន៍រោគសញ្ញាជំងឺកូវីដ១៩ ពេលនាងរស់នៅក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក។ មិនដល់ពីរសប្តាហ៍ក្រោយមក នាងបានជិះយន្តហោះពីទីក្រុង Los Angeles ទៅទីក្រុងប៉េកាំងជាមួយក្រុមគ្រួសាររបស់នាង។
មុនពេលឡើងលើយន្តហោះ Li បានលេបថ្នាំដើម្បីកុំឱ្យនាងក្តៅខ្លួន។ នាងមិនបានជូនដំណឹងដល់អ្នកបម្រើតាមយន្តហោះអំពីរោគសញ្ញារបស់នាង រហូតដល់ពួកគេជិតចុះចត។ ពេលមកដល់នាងត្រូវបានគេដាក់ឱ្យនៅដាច់ពីគេនៅឯមន្ទីរពេទ្យ ជាមួយនឹងអ្នកដំណើរផ្សេងទៀតជាង៦០នាក់។ បីថ្ងៃក្រោយមកប្តីរបស់នាងបានធ្វើតេស្តឃើញមេរោគកូវីដ១៩។
ដំបូងឡើយនាងបានអះអាងថា នាងត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីសហរដ្ឋអាមេរិក ពីព្រោះនាងមិនអាចទទួលបានការធ្វើតេស្តកូវីដ១៩នៅទីនោះ។ ទោះយ៉ាងណា សារព័ត៌មានក្នុងស្រុកនៅអាមេរិក បានរាយការណ៍ថា តាមពិតនាងត្រូវបានគេធ្វើតេស្ត ប៉ុន្តែនៅតែលួចមកប្រទេសចិន។
ទីក្រុងប៉េកាំងបានប្រកាសកាលពីថ្ងៃអង្គារ៍ថា ខ្លួនបានយល់ព្រមលើការចាប់ខ្លួនរបស់ស្ត្រីឈ្មោះ Li ពីបទប្រឆាំងនឹងការការពារជំងឺឆ្លង។ យោងទៅតាមច្បាប់របស់ប្រទេសចិន នាងអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ឬអាចជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ប្រសិនបើទង្វើរបស់នាងធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ៕
ប្រភព៖ កោះសន្តិភាព