ចង់បានស្នេហាដែលមានក្ដីសុខជាងទុក្ខនោះគឺអាស្រ័យលើមនុស្សពីរនាក់ មិនមែនមកពីអ្នកណាផ្សេងនោះទេ។ បើអ្នកមិនយល់គ្នា ស្នេហានោះនឹងក្លាយជាសមុទ្រទឹកភ្នែក ដែលមានរឿងទាស់ទាំងមិនលោះថ្ងៃ តែបើអ្នកយល់ពីរបៀបស្រឡាញ់គ្នាវិញនោះអ្នកនឹងរស់ក្នុងសុភមង្គលយ៉ាងពិតប្រាកដ។ ខាងក្រោមនេះជារឿងដែលមនុស្សស្រីត្រូវដឹង ក្នុងការស្រឡាញ់មនុស្សប្រុសម្នាក់ឲ្យបានល្អ និងត្រឹមត្រូវ៖
យល់៖ គាត់មិនអាចល្អគ្រប់ដប់ឡើយ។ មានចំណុចខ្លះគាត់អាចមិនល្អ ធ្វើឲ្យអ្នកពិបាកនឹងសម្របខ្លួនជាមួយគាត់។ ពេលខ្លះគាត់ឆាប់ឆេវឆាវ អារម្មណ៍មិនល្អ ហើយពិបាកគ្រប់គ្រងខ្លួនឯងដែលធ្វើឲ្យគាត់នៅឆ្ងាយពីអ្នក មិនខ្វល់ពីអ្នក។ បែបនេះហើយទើបតម្រូវឲ្យអ្នកត្រូវតែយល់ពីគាត់ ហើយព្យាយាមកុំបន្ថែមសម្ពាធទៀតទៅបានហើយ ព្រោះនៅពេលគាត់លែងអីគ្រប់យ៉ាងនឹងល្អឡើងវិញ។
សេរីភាព៖ សូមឲ្យគាត់នៅសេរីភាពដែលគាត់ចង់បានផង។ កុំហួងហែង ឬបិទសេរីភាពគាត់ពេក ព្រោះសម្រាប់មនុស្សប្រុសសេរីភាពគឺជារឿងសំខាន់បំផុត។ អ្វីដែលសំខាន់ដែលអ្នកគួរតែគិតនោះគឺថា បើគាត់ពិតជាស្រឡាញ់អ្នកមែន គាត់នឹងមិនធ្វើអ្វីដែលឲ្យអ្នកឈឺចាប់ឡើយ។ មនុស្សស្រីដែលឲ្យសេរីភាពមនុស្សប្រុសគ្រប់គ្រាន់ គឺជាគ្រាប់ពេជ្រសម្រាប់គាត់ ដូច្នេះគាត់នឹងកាន់តែស្រឡាញ់អ្នកលើសដើម។ កុំបង្ខាំងពិភពលោកគាត់ឲ្យនៅក្នុងដៃអ្នក ព្រោះពេលនោះគាត់នឹងរើខ្លួនចេញ។
ទង្វើ៖ បង្ហាញប្រាប់គាត់ថាអ្នកក៏ស្រឡាញ់គាត់មិនចាញ់គាត់ស្រឡាញ់អ្នកដែរ។ សួរគាត់ថាគាត់យ៉ាងម៉េចហើយថ្ងៃនេះ? មានរឿងអីមិនល្អមែនទេ? ធ្វើឲ្យគាត់មានអារម្មណ៍ថាអ្នកខ្វល់ពីគាត់ យកចិត្តទុកដាក់ជាមួយគាត់ តែមិនមែនរករឿងរញ៉ាំរញ៉ូវដាក់គាត់ទេ។
ការគោរព៖ អ្នកត្រូវគោរពតាមជម្រើសរបស់គាត់ដូចគ្នា មិនមែនឲ្យគាត់ធ្វើតាមតែចិត្តអ្នកនោះទេ។ ការគោរពគ្នាទៅវិញទៅមកគឺជាតម្លៃល្អបំផុតសម្រាប់ស្នេហា។
ការយកចិត្តទុកដាក់៖ គាត់ក៏ត្រូវការពីអ្នកដូចគ្នា។ មនុស្សប្រុសកាតពិតចង់បានការយកចិត្តទុកដាក់ពីមនុស្សខ្លួនស្រឡាញ់ខ្លាំងណាស់ គ្រាន់តែគាត់មិនដឹងថាទាមទារពីអ្នកដោយរបៀបណា ព្រោះគាត់មិនមែនជាមនុស្សស្រីដែលមានការងរង៉ក់ អន់ចិត្តច្រើននោះទេ។
ចាំណាគ្មានមនុស្សណាម្នាក់ល្អគ្រប់យ៉ាងនោះទេ។ ចំណុចខ្លះមានតែការទទួលយក ការអធ្យាស្រ័យ និងយោគយល់ពីគ្នាតែប៉ុណ្ណោះ ទើបអាចរក្សាក្ដីស្រឡាញ់រវាងគ្នានឹងគ្នាបាន៕
ប្រភពពី៖ sabay