ការរីកធំរបស់ក្រពេញប្រូស្តាត គឺជាជំងឺមួយ ដែលកើតមានជាញឹកញាប់បំផុត លើបុរសវ័យចំណាស់។ ជំងឺប្រភេទនេះ តែងតែធ្វើឲ្យប៉ះពាល់ ដល់ការនោមរបស់អ្នកជំងឺតែម្តង។ បើសិនមិនបានព្យាបាលទេ វានឹងបណ្តាលឲ្យស្ទះទឹកនោមជិត នោមមិនកើត មានបញ្ហាដល់ប្លោកនោម និងតម្រងនោមទៀត។
ផលវិបាករបស់ជំងឺនេះ មានដូចជា ៖
មិនអាចនោមបានភ្លាមៗ
អ្នកប្រហែលជាត្រូវការ ដាក់សុងទឹកនោមហើយ ក្នុងករណីដែលនោមមិនចេញបែបនេះ។ បុរសខ្លះ អាចនឹងត្រូវធ្វើការវះកាត់ ដើម្បីបំបាត់ការទល់នោមនេះទៀតផង។
ការបង្ករោគនៅផ្លូវទឹកមូត្រ
ការដែលមិនអាចនោមបានអស់ ឬសល់ទឹកនោមច្រើនក្នុងប្លោកនោម អាចប្រឈមកាន់តែខ្លាំង នឹងការបង្ករោគនៅផ្លូវទឹកមូត្រ។ បើសិនជាជំងឺនេះ ឧស្សាហ៍កើតមាន អ្នកប្រហែលជាត្រូវការ វះកាត់ក្រពេញប្រូស្តាតចោលដែរ។
គ្រួសនៅប្លោកនោម
គ្រួសទាំងនេះ ជាទូទៅ បណ្តាលមកពី ការដែលមិនអាចបញ្ចេញ ទឹកនោមឲ្យអស់ពីប្លោកនោម។ ជំងឺនេះក៏អាចបណ្តាលឲ្យឆ្លងរោគ រលាកប្លោកនោម ឈាមក្នុងទឹកនោម និងស្ទះលំហូរទឹកនោមបាន។
ខូចប្លោកនោម
ប្លោកនោម ដែលមិនអាចបញ្ចេញ ទឹកនោមអស់អាចនឹងយឺតខ្លួន និងខ្សោយបាន។ កាលណាជំងឺរីកក្រពេញប្រូស្តាត កើតឡើងរយៈពេលយូរ វានឹងធ្វើឲ្យជញ្ជាំងសាច់ដុំរបស់ប្លោកនោម មិនអាចកន្ត្រាក់បានល្អទេ ហើយក៏កាន់តែពិបាកប ញ្ចេញទឹកនោមឲ្យអស់ដែរ។
ខូចតម្រងនោម
សម្ពាធក្នុងប្លោកនោម ដែលកើតចេញពីការទល់នោម អាចនឹងបង្កឲ្យខូចតម្រងនោមដោយផ្ទាល់ ឬបង្ករោគនៅប្លោកនោម រហូតដល់តម្រងនោមថែមទៀត។
បុរសដែលមានបញ្ហារីកធំ របស់ក្រពេញប្រូស្តាត ភាគច្រើន មិនមានផលវិបាកអស់ទាំងនេះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការទល់នោមស្រួចស្រាវ និងខូចតម្រងនោម អាចជាការគម្រាមគំហែង ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។
ការរីកធំរបស់ក្រពេញប្រូស្តាត ដូចជា មិនមានអ្វីប៉ះពាល់ ដល់ការប្រឈមនឹង ជំងឺមហារីកក្រពេញប្រូស្តាតឡើយ៕