ដើម្បីចង់ដឹងថា អ្នកច្បាស់ជាមានបញ្ហានៃការនោម ដោយសារតែ ជំងឺរីកក្រពេញប្រូស្តាតមែននោះ គ្រូពេទ្យអាចនឹង ត្រូវធ្វើតេស្តមួយចំនួន។ រឿងនេះ ច្រើនតែកំណត់ដឹង តាមរយៈការសាកសួរប្រវត្តិជំងឺ ពិនិត្យរាងកាយ ដោយផ្តោតសំខាន់ទៅលើផ្លូវទឹកនោម ការវិភាគទឹកនោម និងធ្វើតេស្តឈាម។ ការពិនិត្យលើ សរសៃប្រសាទ ក៏គួរតែធ្វើដែរ ដើម្បីកំណត់ថា រោគសញ្ញាអ្នក មានទាក់ទងនឹង សរសៃប្រសាទប្លោកនោម ឬអត់។
តេស្តដែលគេធ្វើជាញឹកញាប់
• ការលូករន្ធគូថ ដោយប្រើម្រាមដៃ អាចឲ្យគ្រូពេទ្យពិនិត្យដឹង អំពីទំហំ និងភាពរឹងរបស់ក្រពេញប្រូស្តាតបាន។ ប៉ុន្តែ ទំហំរបស់ក្រពេញប្រូស្តាត មិនមែនតែងតែកំណត់ដឹង អំពីភាពធ្ងន់ធ្ងរ របស់រោគសញ្ញានោះទេ។
• ការវិភាគទឹកនោម និងបណ្តុះមេរោគក្នុងទឹកនោម អាចឲ្យយើងដឹងថា មានការបង្ករោគនៅផ្លូវទឹកម៉ូត្រ ឬអត់។
• តេស្តរកមើលកម្រិត Prostate-specific Antigen (PSA) អាចពិនិត្យដឹងថា មានជំងឺមហារីកក្រពេញប្រូស្តាតឬអត់ ហើយវាក៏អាចមានរោគសញ្ញា ដូចការរីកធំរបស់ក្រពេញប្រូស្តាតដែរ។
តេស្តដែលត្រូវធ្វើ
បើសិនជារោគសញ្ញា មានកម្រិតពីមធ្យមទៅធ្ងន់ធ្ងរ ការធ្វើតេស្តបន្ថែម ប្រហែលជាត្រូវធ្វើ ដូចជា ៖
• តេស្ត Blood Creatinine អាចឲ្យយើងដឹងថាតើ តម្រងនោមធ្វើការល្អប៉ុណ្ណា
• តេស្ត Post-void Residual Urine Test (PVR) ដើម្បីកំណត់ដឹងអំពី ចំនួននៃទឹកនោម ដែលនៅសល់ក្នុងប្លោកនោម ក្រោយពីនោមរួច។ តេស្តនេះ អាចធ្វើបាន ដោយការថតអេកូ ឬប្រើការសុងទឹកនោម។
• ការសិក្សាពីសម្ពាធ លំហូរទឹកនោមក្នុងប្លោកនោម ខណៈពេលកំពុងនោម។ ការធ្វើបែបនេះ អាចជួយបញ្ជាក់អំពីភាពខុសគ្នា រវាងរោគសញ្ញានៅផ្លូវទឹកម៉ូត្រ ដែលបង្កឡើងដោយការស្ទះដូចជា BPH និងសញ្ញាដែលបង្កឡើងដោយ ឥទ្ធិពលរបស់សរសៃប្រសាទ ឬសាច់ដុំរបស់ប្លោកនោម។
• តេស្ត Cytometrogram គេប្រើដើម្បីវាស់អំពី សម្ពាធប្លោកនោម ការធន់របស់ប្លោកនោម និងសមត្ថភាពក្នុងពេលស្តុកទឹកនោម។
តេស្តដែលអាចធ្វើបន្ថែម
តេស្តខាងក្រោមនេះ ប្រហែលជាត្រូវធ្វើទៀត បើសិនជាអ្នកមានផលវិបាក នៃជំងឺរីកក្រពេញប្រូស្តាត ឬត្រូវការរកមើល មូលហេតុរបស់រោគសញ្ញាទាំងនោះ។
• ការថតអេកូ អាចឲ្យយើងដឹងអំពីមូលហេតុ និងរចនាសម្ព័ន្ធរបស់តម្រងនោម ប្លោកនោម និងក្រពេញប្រូស្តាត។
• ការឆ្លុះប្លោកនោម អាចឲ្យគ្រូពេទ្យមើលឃើញ ទិដ្ឋភាពខាងក្នុងរបស់បង្ហួរនោម និងប្លោកនោមបាន ជាពិសេស ចង់ដឹងថាតើ ក្រពេញប្រូស្តាតនោះ ធ្វើឲ្យស្ទះបង្ហួរនោមខ្លាំងក្លាប៉ុណ្ណា។
• តេស្ត Intravenous Pyelogram (IVP) ជាការប្រើកាំរស្មី ដើម្បីបង្ហាញមុខងារ របស់តម្រងនោម និងលំហូររបស់ទឹកនោម ចេញពីតម្រងនោមទៅប្លោកនោម។
• តេស្តដោយការថត ស៊ីធីស្គេន អាចឲ្យយើងមើលឃើញ នូវរូបភាពនៃរចនាសម្ព័ន្ធក្នុងរាងកាយ បានយ៉ាងច្បាស់ ព្រមទាំងភាពស្ទះរបស់ក្រពេញប្រូស្តាត ដែលកំពុងតែរីកធំ និងលំហូរទឹកនោមចេញពីតម្រងនោម៕