ការដែលហូរទឹករំអិលតាមលិង្គភាគច្រើនជារោគសញ្ញានៃការបង្ករោគក្នុងបង្ហួរនោមតែម្តង ប៉ុន្តែក្រៅពីនេះក៏មានមូលហេតុផ្សេងៗទៀតផងដែរដូចជា៖
ការរលាកបង្ហួរនោមដោយមិនដឹងហេតុផល (Non-specific Urethritis, NSU) អាការៈជំងឺមួយនេះច្រើនតែបង្ហាញរោគសញ្ញាជាការហូរទឹករំអិលរន្ធគូថ។ ការរលាកបង្ហួរនោមបែបនេះគឺពិបាកដឹងពីមូលហេតុច្បាសលាស់របស់វាណាស់។ NSU នឹងធ្វើអោយទឹករំអិលដែលហូរចេញនោះមានសភាពថ្លា ហើយមានកាន់តែច្រើននៅពេលព្រឹក។ អ្នកប្រហែលជាយល់ថាវាពុំមានផាសុខភាពសោះក្នុងពេលនោម ហើយក៏មានអារម្មណ៍ក្រហាយៗនៅបំពង់បង្ហួរនោមខាងក្នុងដែរ។
NSU ច្រើនតែកើតឡើងក្នុងពេលរួមភេទ។ មានបាក់តេរីកច្រើនប្រភេទណាស់ដែលទទួលខុសត្រូវក្នុងការបង្កជំងឺបែបនេះ ប៉ុន្តែស្ទើរតែ ៥០ភាគរយហើយដែលបង្កឡើងដោយជំងឺប្រមេះទឹកថ្លា Chlamydia ហើយប្រមាណ ៤០ភាគរយទៀតបង្កដោយបាក់តេរីផ្សេងដូចជា Ureaplasma និង Mycoplasma។ បាក់តេរីទាំងនេះមិនបង្កអោយមានការហូរទឹករំអិលលើមនុស្សស្រី ឬមានរោគសញ្ញាផ្សេងៗទៀតនៅដំណាក់កាលភ្លាមៗទេ ដូច្នេះស្ត្រីភាគច្រើនមិនដឹងខ្លួនថាពួកគេកំពុងតែមានជំងឺផង។
ចំពោះមនុស្សស្រី ជំងឺប្រមេះទឹកថ្លាអាចធ្វើដំណើរឡើងទៅបំពង់ដៃស្បូន និងបង្កបញ្ហានៅកន្លែងនោះតែម្តង ដែលជាហេតុនាំអោយនាងមិនអាចមានកូនបាន។ ផ្អែកលើហេតុផលនេះ អ្នកត្រូវស្វែងរកការព្យាបាលអោយហើយ ទើបវាមិនចម្លងជំងឺនេះទៅដៃគូខាងស្រីបាន។
ជំងឺប្រមេះទឹកបាយ
ជំងឺប្រមេះទឹកបាយមិនខុសគ្នាប៉ុន្មានពីជំងឺ NSU ទេ គឺឆ្លងតាមការរួមភេទ ហើយច្រើនតែបង្កជាការហូរទឹករំអិលតាមលិង្គ និងឈឺចាប់ពេលនោម។ ប៉ុន្តែទឹករំអិលនោះអាចមានពណ៌ច្រើនដូចជា លឿង, បៃតង, ស, ខាប់ ឬថ្លា។ រោគសញ្ញាប្រហែលជាមានតិចតួចទេហើយពិបាកសម្គាល់ដឹងណាស់ក្រៅពីហូរទឹករំអិលច្រើន។ ជំងឺប្រមេះទឹកបាយអាចរាលដាលទៅពងស្វាស, ធ្វើអោយឈឺ, ហើម និងក្រហម។ ចំពោះ NSU ស្ត្រីអាចឆ្លងជំងឺនេះដោយមិនដឹងខ្លួន ប៉ុន្តែមានស្ត្រីប្រមាណ ១០ទៅ២០ភាគរយទេដែលកើតជំងឺប្រមេះទឹកបាយចេញរោគសញ្ញាហូរទឹករំអិលតាមបង្ហួរនោម។
ការរលាក
ជាម្តងម្កាល បង្ហួរនោមអាចទៅជារលាកដោយគ្មានការបង្ករោគអ្វីទាំងអស់។ ឧទាហរណ៍ បើសិនជាអ្នកយកដៃលូក ឬប៉ះពាល់នៅលើបង្ហួរនោម វាអាចនឹងធ្វើអោយដាច់ដោច ឬខូចភ្នាស់កម្រាលនៅទីនោះ ដែលជាហេតុនាំអោយរលាក និងហូរទឹករំអិលបាន។ ដូចគ្នានេះដែរ ថ្នាំសម្លាប់មេរោគ, ការងូតទឹកក្នុងទឹកពពុះសាប៊ូ ឬសាប៊ូមានជាតិគីមីខ្លាំងក៏អាចបង្កការរលាកដល់បង្ហួរនោមបានដែរបើសិនជាអ្នកងាយនឹងអាឡែកស៊ីនឹងផលិតផលទាំងនេះ។ ហើយចូរពិនិត្យអោយច្បាស់ថា ការហូរទឹករំអិលនេះពិតជាចេញពីបង្ហួរនោម ឬមានដំបៅនៅខាងក្រោមស្បែកគ្របក្បាលលិង្គ៕