ឈាមក្នុងទឹកកាមអាចបណ្តាលមកពីបញ្ហាជាច្រើនដែលប៉ះពាល់ទៅលើប្រព័ន្ធទឹកម៉ូដរបស់បុរស។ តំបន់ដែលប៉ះពាល់អាចជា ផ្លោកនោម, បង្ហួរនោម, ពងស្វាស, បំពង់សម្រាប់បញ្ចេញទឹកកាមពីពងស្វាស (Seminal Vesicles), បំពង់ Epididymis (កំណាត់បំពង់ទឹកកាមដែលមាននាទីរក្សា, បន្ទុំ និងដឹកជញ្ជូនមេជីវិតឈ្មោល) និងក្រពេញប្រូស្តាត។
ឈាមក្នុងទឹកកាមច្រើនតែជួបច្រើនបំផុតនោះគឺបណ្តាលមកពីការច្រឹបសាច់ពីក្រពេញប្រូស្តាតទៅវិភាគ។ បុរសប្រមាណច្រើនជាង ៨០ភាគរយដែលច្រឹបសាច់ពីក្រពេញប្រូស្តាតទៅវិភាគប្រហែលជាមានឈាមក្នុងទឹកកាមជាប់ពី ៣ ទៅ៤សប្តាហ៍។ ម្យ៉ាងវិញទៀត ការចងបំពង់បញ្ចេញមេជីវិតឈ្មោល (Vasectomy) ក៏អាចបណ្តាលបណ្តាលអោយមានឈាមក្នុងទឹកកាមរយៈពេលប្រហែល ១សប្តាហ៍ក្រោយដែរ។
បុរសដែលមានអាការៈឈាមក្នុងទឹកកាមហើយមិនបានច្រឹបសាច់ក្រពេញប្រូស្តាតទៅវិភាគ ឬកាត់បំពង់បញ្ចេញមេជីវិតឈ្មោលទេ មានមួយចំនួនប្រហែលជាបណ្តាលមកពីជំងឺដុំសាច់មិនមែនមហារីក និងមហារីកក្នុងប្រព័ន្ធទឹកម៉ូដបុរស។ មានករណីជាច្រើន ដែលយើងមិនអាចរកឃើញមូលហេតុពិតប្រាកដរបស់វាបាន។
ខាងក្រោមនេះគជារឿងមួយចំនួនដែលមានជាប់ពាក់ព័ន្ធនឹងការមានវត្តមានឈាមក្នុងទឹកកាម៖
- ដុំសាច់មិនមែនមហារីក ឬមហារីកលើក្រពេញប្រូស្តាត, ផ្លោកនោម, ពងស្វាស ឬបំពង់ Seminal Vesicles
- ការបង្ករោគដូចជា ជំងឺប្រមេះទឹកថ្លា, ជំងឺប៉េស, Cytomegalovirus និង Trichomoniasis
- គ្រួសក្នុងបំពង់ Seminal Vesicles ឬក្រពេញប្រូស្តាត
- ប៉ូលីពក្នុងបង្ហួរនោម
- ការស្ទះនៅបំពង់បាញ់ទឹកកាម
- មហារីកដែលរីករាលដាល និងមានទីតាំងក្នុងប្រព័ន្ធទឹកម៉ូដ
- គីស, ហូរឈាម ឬភាពមិនធម្មតាផ្សេងៗទៀតក្នុងបំពង់ Seminal Vesicles៕