ក្រពេញប្រូស្តាតមនុស្សប្រុសមានមុខងារយ៉ាងសំខាន់ក្នុងការបញ្ចេញទឹករំអិល ទឹកកាម នៅពេលមានចំណង់ផ្លូវភេទ ឬរួមភេទ ហើយអ្វីដែលសំខាន់មួយទៀតនោះគឺសម្រាប់បន្សាប់ជាតិអាស៊ីតក្នុងបង្ហួរនោមដើម្បីកុំអោយមេជីវិតឈ្មោលងាប់។ ក្រពេញប្រូស្តាមានសាច់ដុំខ្ជឹបសម្រាប់ទប់ទឹកនោមកុំអោយហូរចេញនៅពេលរួមភេទ។ ប៉ុន្តែប្រសិនបើបុរសមានបញ្ហារលាកក្រពេញប្រូស្តាត ឬមហារីកក្រពេញប្រូស្តាត វានឹងមានផលប៉ះពាល់ទៅលើផ្លូវភេទ នឹងមុខងារផ្លូវភេទជាមិនខាន។
ជំងឺរលាកក្រពេញប្រូស្តាតបង្កឡើងដោយពពួកមេរោគផ្សេងៗដែលឆ្លងតាមផ្លូវបង្ហួរនោម តម្រងនោម និងជំងឺកាមរោគផ្សេងៗដូចជាជំងឺប្រមេះទឹកបាយជាដើម។ ជំងឺរលាកក្រពេញប្រូស្តាតនេះត្រូវបានបែងចែកជាបួនប្រភេទដូចជា៖
- រលាកក្រពេញប្រូស្តាតដោយសារបាក់តេរីស្រួចស្រាវ
- រលាកក្រពេញប្រូស្តាតដោយសារបាក់តេរីរ៉ាំរ៉ៃ
- រលាកក្រពេញប្រូស្តាតមិនដោយសារមេរោគរ៉ាំរ៉ៃ
- រលាកក្រពេញប្រូស្តាតដោយគ្មានរោគសញ្ញា
ការរលាកក្រពេញប្រូស្តាតដោយសារបាក់តេរីស្រួចស្រាវ
ទម្រងនៃការរលាកក្រពេញប្រូស្តាតប្រភេទនេះច្រើនបង្កឡើងដោយសារពពួកបាក់តេរីដូចគ្នានឹងជំងឺរលាកផ្លោកនោមដែរ ដូចជា E. Coli, Klebsiella និង Proteus។ ខណៈពេលដែលវាអាចជាជំងឺកាមរោគ ដូច្នេះការបង្ករោគក៏អាចចម្លងមកក្រពេញប្រូស្តាតតាមរយៈឈាម ប៉ះពាល់ផ្ទាល់ ឬផលវិបាកនៃការច្រិបសាច់ក្រពេញប្រូស្តាតទៅពិនិត្យ។
អ្នកជំងឺរលាកក្រពេញប្រូស្តាតប្រភេទនេះអាចនឹងមានរោគសញ្ញាដូចជា៖
- ក្តៅខ្លួន
- ញ៉ាក់
- ញ័រ
ចំពោះសញ្ញាដែលកើតមានជាញឹកញាប់គឺ ចេះតែចង់នោម នោមញឹក និងនោមឈឺ។
ការរលាកក្រពេញប្រូស្តាតដោយសារបាក់តេរីរ៉ាំរ៉ៃ
ទម្រងនៃការរលាកក្រពេញប្រូស្តាតប្រភេទនេះគឺជាជំងឺក៏កម្រមួយដែលមានការឆ្លងជំងឺដោយសារបាក់តេរីក្នុងក្រពេញប្រូស្តាត។ ទោះបីជាយ៉ាងណាក៏ដោយ លក្ខណៈនៃការរលាករ៉ាំរ៉ៃមិនបង្កជារោគសញ្ញាអ្វីទេ ប៉ុន្តែក៏អាចមានបញ្ហាម្តងម្កាលដែរដូចជា ការឈឺចាប់តិចតួច និងមានជាប់ពាក់ព័ន្ធនឹងការឆ្លងរោគក្នុងផ្លោកនោម។
ការរលាកផ្លោកនោមដោយមិនមានការបង្ករោគរ៉ាំរ៉ៃ
ទម្រងនៃការរលាកផ្លោកនោមបែបនេះត្រូវបានកើតឡើងដោយការឈឺចាប់ក្នុងអាងត្រគៀក ពងស្វាស ឬរុន្ធគូថម្តងហើយម្តងទៀតដោយគ្មានលក្ខណៈសំខាន់ថាមានការបង្ករោគក្នុងផ្លោកនោម។ រឿងនេះប្រហែលជាមានការពិបាកនោម បាញ់ទឹកកាម និងងាប់លិង្គ។ ចំពោះមូលហេតុរបស់វាគេមិនទាន់យល់ដឹងច្បាស់នៅឡើយទេ។
ការរលាកក្រពេញប្រូស្តាតដែលគ្មានរោគសញ្ញា
ការរលាកក្រពេញប្រូស្តាតប្រភេទនេះគឺគ្មានបង្ហាញនូវរោគសញ្ញាអ្វីទាំងអស់ ហើយមូលហេតុរបស់វាក៏មិនទាន់យល់ដឹងច្បាស់លាស់ដែរ។
រោគវិនិច្ឆ័យ
ចំពោះរោគវិនិច្ឆ័យលើការរលាកក្រពេញប្រូស្តាតគឺអាចផ្អែកទៅលើប្រវត្តិជំងឺ និងការពិនិត្យលើរាងកាយ។ ហើយការធ្វើតេស្តដ៏សំខាន់បំផុតនោះគឺ ពិនិត្យទឹកនោមដើម្បីអាចញែកអោយដាច់នូវប្រភេទខុសៗគ្នារបស់ជំងឺ។ លើសពីនោះក៏អាចធ្វើតេស្តឈាម ឬថតរូបភាពវេជ្ជសាស្ត្រដូចជា ថតអេកូ ថតកាំរស្មីអ៊ិច និង Computerized Tomography (CT) ដោយយោងទៅតាមស្ថានភាពជំងឺរបស់អ្នក។
រោគវិនិច្ឆ័យចំពោះការរលាកក្រពេញប្រូស្តាតដោយសារបាក់តេរីស្រួចស្រាវ
ក្រោយពីសាកសួរប្រវត្តិជំងឺរួច គ្រូពេទ្យទំនងជាត្រូវពិនិត្យលើរាងកាយដោយផ្តោតសំខាន់លើថងពងស្វាស សើម្បីរកមានអាការៈនៃការរលាកពងស្វាស់។ ប្រសិនបើពិនិត្យក្នុងរុន្ធគូថ នឹងអាចរកឃើញថាក្រពេញប្រូស្តាតទៅជាហើម និងប៉ោង ព្រមទាំងជាលក្ខណៈរលាកស្រួចស្រាវទៀតផង។
ការធ្វើតេស្តដោយពិនិត្យទឹកនោមគឺដើម្បីរកមើលវត្តមានគ្រាប់ឈាមស និងបាក់តេរីដែលជាសញ្ញានៃការបង្ករោគ។ ទឹកនោមក៏អាចយកទៅបណ្តុះដើម្បីកំណត់ពីបាក់តេរីណាមួយដែលបង្ករោគ ប៉ុន្តែលទ្ធផលត្រូវចំនាយរហូតដល់ ៧ថ្ងៃទើបបាន។ ហើយលទ្ធភលដែលបានមកនឹងជួយបញ្ជាក់អោយកាន់តែច្បាស់នូវការប្រើថ្នាំអង់ទីបីយ៉ូទិចដែលត្រឹមត្រូវ។
រោគវិនិច្ឆ័យចំពោះការលាកក្រពេញប្រូស្តាតដោយសារបាក់តេរីរ៉ាំរ៉ៃ
រោគវិនិច្ឆ័អាចរកឃើញដោយសារភាពមិនធម្មតានៅក្នុងទឹកនោម។ ពេលខ្លះការយកទឹកនោមត្រូវធ្វើឡើងក្រោយពីពិនិត្យលើក្រពេញប្រូស្តាតរួច ព្រោះវាអាចអោយក្រពេញប្រូស្តាតបញ្ចេញទឹករំអិលរបស់វាមួយចំនួនចូលទៅក្នុងទឹកនោមដើម្បីធ្វើការបណ្តុះ។ តេស្តឈាមរកមើល (Prostate Surface Antigen,PSA) អាចនឹងកើនឡើងប្រសិនបើមានជំងឺរលាកក្រពេញប្រូស្តាតប្រភេទនេះ។ ប៉ុន្តែតេស្ត PSA នេះក៏ត្រូវបានគេយកទៅប្រើដើម្បីរកមើលជំងឺមហារីកក្រពេញប្រូស្តាតដែរ។
រោគវិនិច្ឆ័យចំពោះការរលាកក្រពេញប្រូស្តាតដោយគ្មានការបង្ករោគរ៉ាំរ៉ៃ
ដើម្បីធ្វើរោគវិនិច្ឆ័យចំពោះការរលាកក្រពេញប្រូស្តាតប្រភេទនេះអោយបានច្បាស់លាស់ រោគសញ្ញាគួរតែកើតមានយ៉ាងហោចណាស់ក៏បីខែដែរ។ ដើម្បីធ្វើរោគវិនិច្ឆ័យទាត់ចោលជំងឺផ្សេងបាន គ្រូពេទ្យប្រហែលជាត្រូវធ្វើតេស្តឈាម តេស្តទឹកនោម ថតកាំរស្មីអ៊ិច និងអេកូ។
រោគវិនិច្ឆ័យចំពោះការរលាកក្រពេញប្រូស្តាតដែលគ្មានរោគសញ្ញា
ទោះបីជាការរលាកក្រពេញប្រូស្តាតប្រភេទនេះមិនមានបង្ហាញនូវរោគសញ្ញាក៏ដោយ ក៏ការពិនិត្យទៅលើទឹកនោមឃើញមានចំនួនគ្រាប់ឈាមសក្នុងទឹកនោមដែរ ប៉ុន្តែវាមិនមានជាប់ពាក់ព័ន្ធនឹងការបង្ករោគដោយបាក់តេរី ឬជំងឺផ្សេងៗទៀតទេ។
ការព្យាបាល
ការរលាកក្រពេញប្រូស្តាតដោយសារបាក់តេរីស្រួចស្រាវ វិធានការណ៍នៃការព្យាបាលគឺប្រើថ្នាំអង់ទីបីយ៉ូទិចរយៈពេលមួយខែ ដែលថ្នាំច្រើនតែជា Ciprofloxacin (Cipro) ឬ Tetracycline (Achromycin)។ ចំពោះការថែទាំជំងឺនៅតាមផ្ទះ អ្នកជំងឺគួរតែផឹកទឹកអោយបានច្រើន ប្រើថ្នាំបំបាត់ការឈឺចាប់ និងសម្រាក។
ប្រសិនបើអ្នកជំងឺមានជំងឺធ្ងន់ធ្ងរភ្លាមៗ ឬប្រព័ន្ធភាពស៊ាំចុះខ្សោយ (ដូចជា កំពុងប្រើថ្នាំព្យាបាលជំងឺមហារីក ឬថ្នាំទបស្កាត់ប្រព័ន្ធភាពស៊ាំ ឬមានជំងឺអេដស៍) ពួកគេគួរតែសម្រាកក្នុងមន្ទីរពេទ្យដើម្បីអាចចាក់ថ្នាំអង់ទីបីយ៉ូទិចតាមសរសៃ និងថែទាំងជំងឺផ្សេងៗទៀត។
ការរលាកក្រពេញប្រូស្តាតដោយសារបាក់តេរីរ៉ាំរ៉ៃ
ចំពោះទម្រងជំងឺប្រភេទនេះត្រូវព្យាបាលជាមួយនឹងថ្នាំអង់ទីបីយ៉ូទិចដូចជា Ciprofloxacin (Cipro, Cipro XR), Sulfa Drug (Sulfamethoxazole និង Trimethoprim ឬ Bactrim) ឬ Erythromycin រយៈពេលយូររហូតដល់ ៨សប្តាហ៍ឯណោះ។ ប៉ុន្តែទោះបីជាការព្យាបាលធ្វើទៅបានយ៉ាងល្អយ៉ាងណាក៏ដោយ ក៏ការរលាកក្រពេញប្រូស្តាតប្រភេទនេះអាចកើតឡើងវិញម្តងទៀតដែរ។ នេះមិនដឹងថាមកពីហេតុអ្វីនោះទេ ប៉ុន្តែវាអាចដោយសារតែការក្រនោមអោយអស់ទឹកនោមពីផ្លោកនោមពេកមើលទៅ។ ចំនួនទឹកនោមដែលសល់ក្នុងផ្លោកនោមតិចតួចអាចគ្រប់គ្រាន់នឹងបង្ករោគបាន។ ស្ថានភាពបែបនេះអាចកើតឡើងដោយសារ Benign Prostatic Hypertrophy (BPH), គ្រួសក្នុងផ្លោកនោមឬ គ្រួសក្នុងក្រពេញប្រូស្តាត។
ការរលាកក្រពេញប្រូស្តាតដោយគ្មានការបង្ករោគរ៉ាំរ៉ៃ
ការព្យាបាលលើស្ថានភាពជំងឺបែបនេះគឺផ្តោតទៅលើការគ្រប់គ្រងលើការឈឺចាប់រ៉ាំរ៉ៃ និងអាចមានការព្យាបាលដោយចលនា និងតិចនិចអោយសាច់ដុំសម្រាក គួបផ្សំនឹងការប្រើថ្នាំ Tricyclic Antidepressant។ ចំពោះថ្នាំ Alpha-adrenergic Blocker ប្រភេទ Tamsulosin (Flomax) និង Terazosin (Hytrin) ក៏អាចប្រើសម្រាប់ព្យាបាលជំងឺ BPH និងការស្ទះផ្លូវចេញរបស់ផ្លោកនោមបានដែរ។
ការរលាកក្រពេញប្រូស្តាតដែលគ្មានរោគសញ្ញា
ស្ថានភាពរលាកក្រពេញប្រូស្តាតប្រភេទនេះមិនទាមទារអោយមានការព្យាបាលអ្វីឡើយ ប៉ុន្តែចំពោះអ្នកជំងឺដែលមានស្ថានភាពមិនអាចមានកូនបានដោយសារតែការរលាក់ ការព្យាបាលដោយថ្នាំ Nonsteroidal Anti-inflammatory Medication (Ibuprofen, Motrin, Advil) ឬ អង់ទីបីយ៉ូតិចប្រហែលជាត្រូវប្រើមួយរយៈ។
ការបង្ការ
អ្នកប្រហែលជាអាចបង្ការជំងឺរលាកក្រពេញប្រូស្តាតបានតាមរយៈការវិធានការដូចខាងក្រោមនេះ៖
- អនុវត្តន៍ថែរក្សាអនាម័យអោយបានល្អ ជាពិសេសការសម្អាតលិង្គ។
- ផឹកទឹកអោយបានគ្រប់គ្រាន់ដើម្បីនោមទៀងទាត់
- ស្វែងរកការព្យាបាលភ្លាមពេលមានការបង្ករោគលើផ្លូវទឹកមូដ៕