ជំងឺត្រៀមក្រឡាភ្លើងគឺជាជំងឺគ្រោះថ្នាក់មួយក្នុងពេលស្ត្រីមានផ្ទៃពោះ ដែលវាច្រើនតែកើតឡើងក្រោយពីពរពោះបាន ២០សប្តាហ៍។ អ្វីដែលកម្របំផុតនោះគឺវាកើតឡើងមុនពរពោះ ២០សប្តាហ៍។ លក្ខណៈដ៏សំខាន់បំផុតនោះគឺ លើសសម្ពាធឈាមក្នុងពេលមានផ្ទៃពោះ និងមានវត្តមានប្រូតេអ៊ីនក្នុងទឹកនោម។ បើសិនជារកមិនឃើញជំងឺនេះទេ វាអាចវិវត្តន៍ទៅរកអាការៈកាន់តែធ្ងន់ធ្ងរជាងនេះគឺ ក្រឡាភ្លើងចំតួរតែម្តង ដែលវានឹងបង្កគ្រោះថ្នាក់បានទាំងម្តាយ និងកូន។
ស្ថិតក្នុងករណីជំងឺត្រៀមក្រឡាភ្លើងនេះដែរ គឺមិនមានការព្យាបាលអ្វីឲ្យសះស្បើយឡើយ ហើយស្ត្រីមានផ្ទៃពោះគួរតែដឹងអំពីរោគសញ្ញារបស់វាដើម្បីចៀសវាងផលវិបាកនានាបាន។
សញ្ញានៃជំងឺត្រៀមក្រឡាភ្លើងមានដូចជា៖
1. សម្ពាធឈាមឡើងខ្ពស់
2. មានវត្តមានប្រូតេអ៊ីនក្នុងទឹកនោមខ្ពស់គួរឲ្យកត់សម្គាល់
3. ឈឺក្បាលខ្លាំង ហើយគំហើញក៏មានការប្រែប្រួលទៀត
4. ហើមជើង និងប្រអប់ជើង
5. ឡើងទម្ងន់ភ្លាមៗដោយសារតែចាលជាតិទឹកក្នុងខ្លួនច្រើន
6. ចង្អោ និងក្អួត
7. ឈឺក្នុងពោះ និងស្មា
8. ចេះតែនោមញឹក
9. ទឹកនោមមានតិច
10. ពិបាកដកដង្ហើម និងថប់អារម្មណ៍
បើសិនជាអ្នកសង្កេតឃើញថាមានរោគសញ្ញាខាងលើចាប់ពីពីរឡើងទៅ ចូរទៅជួបពេទ្យជាបន្ទាន់។ ជំងឺត្រៀមក្រឡាភ្លើងប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះប្រហែល ៨ ទៅ១០ភាគរយ ហើយក៏ជាអាការៈដែលគ្រោះថ្នាក់ដែរ។ អ្វីដែលកម្របំផុតនោះគឺថា ជំងឺនេះមិនបង្កជារោគសញ្ញាអ្វីទាំងអស់ ដែលវាធ្វើឲ្យការប្រឈមមុខកើនឡើងទ្វេដង។ ដូច្នេះទើបការពិនិត្យសុខភាពក្នុងពេលមានផ្ទៃពោះគឺជារឿងសំខាន់ដែលត្រូវធ្វើ៕