ការរាំងរដូវគឺជារឿងធម្មតារបស់មនុស្សស្រី ហើយក៏មិនអាចកំណត់រោគវិនិច្ឆ័យអ្វីបានដែរ។ ការធាត់ឡើងទម្ងន់គឺជាផ្នែកមួយពិបាកនឹងទទួលយកណាស់សម្រាប់ស្ត្រីរាំងរដូវ ហើយវាក៏អាចបណ្តាលឲ្យប្រឈមនឹងបញ្ហាសុខភាពជាច្រើនទៀតផងបើសិនជាមិនបានគ្រប់គ្រងល្អទេ។
ការស្រាវជ្រាវបានបង្ហាញថា ការផ្តល់សំខាន់ទៅលើអ្វីដែលអ្នកញ៉ាំក្នុងពេលរ៉ាំងរដូវអាចជយយគ្រប់គ្រង មិនឲ្យឡើងទម្ងន់ក្នុងពេលរ៉ាំងរដូវបាន។ សូមបញ្ជាក់ថា រឿងនេះមិនមែនមានន័យថា អាចជួយឲ្យអ្នកទទួលបានរាងកាយដូចកាលពីអាយុខ្ទង់ ២០ឆ្នាំឡើងវិញនោះទេ តែវាជាវិធីជួយឲ្យអ្នកទទួលបានសុខភាពល្អ។
ទឹកឃ្មុំ
នៅពេលអ្នកស្ថិតក្នុងដំណាក់កាលត្រៀមរ៉ាំងរដូវ ឬកំពុងរ៉ាំងរដូវហើយ អ័រម៉ូនភេទអេស្ត្រូជែន ឬប្រូជេស្តេរ៉ូននឹងថយចុះ ដែលជាហេតុនាំឲ្យអ្នកចេះតែឃ្លានញ៉ាំរបស់ផ្អែមៗ។ អារម្មណ៍ប្រែប្រួលមុនពេល និងក្នុងពេលរ៉ាំងរដូវក៏កើតមានញឹកញាប់ផងដែរ។ ទឹកឃ្មុំគឺជាជាតិផ្អែមធម្មជាតិមួយប្រភេទដែលត្រូវបានគេប្រើប្រាស់យ៉ាងល្អដើម្បីជំនួសជាតិស្ករ ហើយក៏អាចជួយគ្រប់គ្រងតម្រូវការញ៉ាំផ្អែមដើម្បីកុំឲ្យធាត់លើសទម្ងន់ និងលើសជាតិស្ករក្នុងឈាមដែរ។
គ្រាប់ធញ្ញជាតិ
ក្នុងពេលស្ត្រីរ៉ាំងរដូវ ការរំលាយអាហារអាចនឹងយឺត។ ដូច្នេះហើយទើបធ្វើឲ្យវាក្លាយជាកត្តានាំឲ្យធាត់ឡើងទម្ងន់ក្នុងពេលរ៉ាំងរដូវ។ ការញ៉ាំអាហារសម្បូរជាតិសរសៃនឹងជួយបង្កើនចង្វាក់នៃការរំលាយអាហារកាន់តែលឿនជាងមុនបាន។ ការញ៉ាំអាហារសម្បូរជាតិសរសៃទៀងទាត់ជួយបង្ការការទល់លាមក និងជំរុញឲ្យទទួលបានទម្ងន់ប្រកបដោយសុខភាពល្អ បង្ការជំងឺបេះដូង ទឹកនោមផ្អែមប្រភេទ២ និងមហារីក។ អាហារសម្បូរជាតិសរសៃខ្ពស់គឺមានកាឡូរីទាប ហើយអ្នកអាចរកបានយ៉ាងស្រួលនៅក្នុងគ្រាប់ធញ្ញជាតិ។
សណ្តែកសៀង
សារធាតុ Phytoestrogen គឺជាសារធាតុមួយប្រភេទមានលក្ខណៈដូចអ័រម៉ូនអេស្ត្រូជែនដែរ ដែលមានក្នុងសណ្តែកសៀង។ ក្នុងពេលរ៉ាំងរដូវ អ័រម៉ូនអេស្ត្រូជែនមានការថយចុះយ៉ាងខ្លាំង ដែលអាចប៉ះពាល់ដល់អារម្មណ៍ និងបង្កភាពអតុល្យភាពអ័រម៉ូនក្នុងរាងកាយ ព្រមទាំងបង្កជាទម្លាប់ញ៉ាំអាហារមិនផ្តល់សុខភាពទៀតផង។ សម្រាប់អាហារសម្បូរសារធាតុ Phytoestrogen ប្រហែលជាអាចជួយបន្ថយអាការៈរ៉ាំងរដូវមួយនេះបាន៕