ចាប់ពីពេលតនេះទៅ នៅពេលណាដែលអ្នកនឹងគិតពីការដាក់កុំព្យូទ័រយួរដៃនៅលើភ្លៅរបស់អ្នក សូមធ្វើការ ពិចារណាអំពីវាអោយបានពីរដង។ វាត្រូវដូច្នេះនោះគឺ ដោយសារតែការសិក្សាស្រាវជ្រាវបានបង្ហាញថា កំដៅដែល បញ្ចេញពីកុំព្យូទ័រយួរដៃ អាចមានឥទ្ធិពលដល់ភាពមានកូនរបស់អ្នក ។
ការពិតដែលការសិក្សាស្រាវជ្រាវបានបង្ហាញ
អត្ថបទមួយនៅក្នុង WebMD បានរាយការណ៍ ដោយយោងទៅតាមអ្នកសិក្សាស្រាវជ្រាវមួយក្រុមនៅក្នុង សហរដ្ឋអាមេរិកថា កំដៅដែលត្រូវបានបង្កើតដោយកុំព្យូទ័រយួរដៃ បានក្លាយជាភាពគំរាមកំហែងដល់សម្ថភាពមាន កូនរបស់មនុស្សប្រុសទាំងឡាយណា ដែលដាក់ម៉ាស៊ីនមួយនេះនៅលើភ្លៅរបស់ពួកគេ ។
សាស្រា្តចារ្យ យ៉េហ្វីម ស្យេនឃីន ( Yefim Sheynkin )ដែលជាអ្នកដឹកនាំនៃការសិក្សាស្រាវជ្រាវនេះបាន និយាយថា ការធ្វើការជាមួយកុំព្យូទ័រយួរដៃ នៅក្នុងស្ថានភាពនោះ គឺអាចបណ្តាលអោយ កំដៅនៃពងស្វាសកើន ឡើងជាខ្លាំង ដែលវាជាលទ្ធផលនៃការប៉ះទៅនឹងកំដៅ និង ឥទ្ធិពលទំនាក់ទំនងទៅនឹងឥរិយាបថនេះ ។
ជាការពិតមេជីវិតឈ្មោលដែលស្ថិតនៅក្នុងស្រោមពងស្វាស ត្រូវបានផលិតនៅក្នុងពងស្វាស។ រីឯ ស្រោម ពងស្វាសគឺស្ថិតនៅផ្នែកខាងក្រៅនៃរាងកាយ ។ ជាលទ្ធផល វាគឺហាក់នឹងងាយរងគ្រោះទៅនឹង កំដៅនៅខាង ក្រៅជាង អូវែរបស់មនុស្សស្រី ។ ជាមូលដ្ឋាន សំរាប់ហេតុផលនេះ អូវែរបស់ស្ត្រី គឺហាក់ដូចជាមិនសូវងាយ នឹង ទទួលរងផលប៉ះពាល់ពី កំដៅដែលបញ្ចេញពីកុំព្យូទ័រយួរដៃនេះទេ ។
ការសិក្សាស្រាវជ្រាវក៏បានបង្ហាញទៀតផងដែរថា ការកើនឡើងកំដៅនៅក្នុងពងស្វាស គឺមានទំនាក់ទំនង យ៉ាងជិតស្និទ្ធទៅនឹង គុណភាពអន់ខ្សោយនៃមេជីវិតឈ្មោល ។ នេះជាហេតុផលដ៏ពិតប្រាកដ សំរាប់អ្នកជំនាញ ផ្នែកសិក្សាពីភាពមានកូន ណែនាំពីការស្ថិតនៅអោយឆ្ងាយពី ភួយអគ្គិសនី, គ្រែទឹកដែលមានកំដៅ ឬ ការស្លៀក ខោស្លីបតឹងណែន នៅពេលណាដែលអ្នកកំពុងព្យាយាមមានកូននោះ ។ កត្តាទាំងនេះ តែងតែអាចបង្កើតកំដៅ បន្ថែមនៅជុំវិញពងស្វាស ៕