ជំងឺមហារីកក្រពេញប្រូស្តាត គឺមានការវិវត្តន៍នៅក្នុងក្រពេញប្រូស្តាតរបស់បុរស ដែលជាក្រពេញមួយមានទំហំប៉ុនគ្រាប់វាល់ណាត់ និង ស្ថិតនៅខាងក្រោមប្លោកនោមដែលវាមាននាទីផលិតសារធាតុរាវ មួយចំនួននៅក្នុងទឹកកាម។ វាគឺជាជំងឺមហារីកមួយដែលតែងតែកើតមានចំពោះបុរស បន្ទាប់ពីជំងឺមហារីកស្បែក។ មហារីកក្រពេញប្រូស្តាតជារឿយៗ មានការវិវត្តន៍យ៉ាងយឺត និង មិនបណ្តាលអោយមានមហន្តរាយគួរអោយកត់សំគាល់នោះទេ។ប៉ុន្តែ មានប្រភេទមួយចំនួន គឺមានសភាពកាចសាហាវជាង និង អាចរីករាលដាលយ៉ាងលឿន ដោយមិនមានការព្យាបាលបាន ។
ខាងក្រោមនេះគឺជា វិធីផ្សេងៗគ្នា ក្នុងការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត ទៅតាមដំណាក់កាល និង ស្ថានភាពជំងឺជាក់ស្តែង ៖
ការព្យាបាល ដោយការឃ្លាំមើល និង ការរង់ចាំ
ជាមួយនឹងមហារីកក្នុងកំរិតទាប ជំរើសមួយនោះ គឺការឃ្លាំមើលវា និង រង់ចាំ។ វាត្រូវបានកំណត់ដោយការច្រឹបសាច់ពិនិត្យរកមហារីករបស់អ្នក, ការធ្វើតេស្តរកអង់ទីហ្សែនពិសេសនៅក្នុងក្រពេញប្រូស្តាត និង ការដាក់ពិន្ទុGleason ។ វេជ្ជបណ្ឌិតរបស់អ្នក នឹងធ្វើការបញ្ជាអោយអ្នកធ្វើតេស្ត ដោយមិនកំណត់ពេល។ ការព្យាបាលផ្សេងទៀត ជាមួយនឹងការប្រឈមនឹងគ្រោះថ្នាក់នៃការរួមភេទ ឬ ក៏បញ្ហានឹងការបត់ជើងតូច អាចនឹងមិនមានភាពចាំបាច់ ។ បុរសមួយចំនួនដែលមានវ័យចំណាស់ ឬ មានស្ថានភាពសុខភាពនឹងនរ អាចនឹងមិនចាំបាច់ ត្រូវការ ការព្យាបាលនោះទេ។ តែទោះជាយ៉ាងណាក៏ដោយការព្យាបាលដោយខ្លាំងក្លា ជាធម្មតាត្រូវបានណែនាំ សំរាប់មនុស្សដែលមានវ័យក្មេងជាង ឬ បុរសដែលមានជំងឺនេះក្នុងសភាពកាចសាហាវ ។
ការព្យាបាលដោយប្រើកាំរស្មី
ការបាញ់បញ្ចាំងកាំរស្មីពីខាងក្រៅ ដើម្បីសំលាប់កោសិកាមហារីក អាចត្រូវបានប្រើប្រាស់ជាវិធីព្យាបាលដំបូងឬ បន្ទាប់ពីធ្វើការវះកាត់ជំងឺមហារីកក្រពេញប្រូស្តាត ។ វាក៏អាចជួយកាត់បន្ថយការឈឺចាប់ នៅក្នុងឆ្អឹង ពីការរីករាលដាលនៃជំងឺមហារីកនេះ ។ នៅក្នុងការព្យាបាលដោយកាំរស្មី ដុំគ្រាប់តូច នៃសារធាតុបញ្ចេញពណ៌ដែល មាន ទំហំប្រហែលគ្នានឹងគ្រាប់ស្រូវ ត្រូវបានដាក់បញ្ចូលទៅក្នុង ក្រពេញប្រូស្តាត។
វិធីទាំងពីរនេះ អាចធ្វើអោយ មុខងារ របស់ លិង្គ អន់ខ្សោយបាន ។ សភាពអស់កំលាំង, បញ្ហាក្នុងការបត់ជើងតូច និង ការរាគរូសអាចជាផលវិបាកដែលអាចនឹងកើតមាន ។
ការព្យាបាលដោយធ្វើការវះកាត់
ការយកក្រពេញប្រូស្តាតចេញ ឬ radical prostatectomy គឺត្រូវបានប្រើប្រាស់ដើម្បីលុបបំបាត់នូវជំងឺមហារីកនៅពេលដែលវាស្ថិតនៅក្នុងក្រពេញប្រូស្តាតនៅឡើយ ។ បច្ចេកវិទ្យាថ្មីមួយចំនួន នឹងធ្វើការវះកាត់ក្នុងទំហំតូច និងដើម្បីស្វែងរកដើម្បីជៀងវាងពី ផលខូចខាតដល់សសៃប្រសាទដែលស្ថិតនៅជិតនោះ ។ ប្រសិនបើកូនកណ្តុរ ក៏មានជំងឺមហារីកផងដែរ ការវះកាត់យកក្រពេញប្រូស្តាតចេញ គឺមិនមែនជាជំរើសដ៏ល្អនោះទេ។ ការវះកាត់អាចនឹងធ្វើអោយមុខងាររបស់ការបញ្ចេញទឹកនោម និង ការរួមភេទអន់ខ្សោយ ប៉ុន្តែវាទាំងពីរនេះ អាចនឹងមានភាពប្រសើរឡើងវិញ នៅពេលក្រោយមកទៀត ។
ការព្យាបាលដោយប្រើអរម៉ូន
ការព្យាបាលដោយប្រើអរម៉ូន អាចនឹងធ្វើអោយដុំមហារីករួមតូច ឬ ពន្យារការរីកលូតលាស់នៃជំងឺមហារីករបស់អ្នក ប៉ុន្តែលុះត្រាតែ វាត្រូវបានប្រើប្រាស់នឹងការព្យាបាលផ្សេងទៀត ទើបវានឹងអាចកំចាត់ចោលនូវជំងឺមហារីកនេះបាន។ ការប្រើប្រាស់ឱសថ និង ការចាក់អរម៉ូនរារាំងខ្ទប់ ឬ ការបញ្ឈប់នូវផលិតផលនៃ អរម៉ូនតេស្តូស្តេរ៉ូន និង អរម៉ូនភេទប្រុសដទៃទៀត ដែលត្រូវបានហៅថា អង់ដ្រូសែន ។ ផលរំខានអាចរួមមានដូចជា ការឡើងក្រហមនៅលើមុខ , ការរីកធំរបស់ជាលិកានៃដើមទ្រូង, ការកើនទំងន់ និង អសម្ថភាពផ្លូវភេទ ។
ការព្យាបាលដោយប្រើគីមី
ការព្យាបាលដោយប្រើគីមី អាចសំលាប់កោសិកាមហារីក នៅក្នុងរាងកាយ រួមមានទាំងផ្នែកខាងក្រៅនៃក្រពេញប្រូស្តាត ដូច្នេះវាត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាល មហារីកដែលមានការវិវត្តន៍លឿនទៅមុខ និងមហារីកដែលមិនមានការឆ្លើយតបនឹងការព្យាបាលដោយ ការប្រើអរម៉ូន។ ការព្យាបាលនេះជាធម្មតា ត្រូវបានចាក់បញ្ចូលតាមសសៃវ៉ែន និង ត្រូវបានផ្តល់អោយ ជាវដ្ត មានរយៈពេលពី ៣ ទៅ ៦ខែ។ ដោយសារតែការព្យាបាលដោយប្រើគីមី អាចសំលាប់កោសិកាដែលរីកលូតលាស់លឿនផ្សេងទៀតនៅក្នុងរាងកាយ អ្នកអាចនឹងមានការជ្រុះសក់ និង ឈឺចាប់នៅក្នុងមាត់។ ផលវិបាករំខានផ្សេងទៀតរួមមានដូចជា ៖ ចង្អោរ, ក្អួត និង អស់កំលាំងល្ហិតល្ហៃ។
ការព្យាបាលដោយប្រើភាពត្រជាក់
ការព្យាបាលដោយប្រើភាពត្រជាក់ កក នឹងអាចសំលាប់កោសិកាមហារីកដែលមាននៅនឹងក្រពេញប្រូស្តាត ។វាគឺមិនសូវបានគេ ប្រើប្រាស់យ៉ាងទូលំទូលាយនោះទេ ដោយសារតែ ប្រសិទ្ធភាពរបស់វាមានរយៈពេលយូរនិងត្រូវបានគេដឹងបាន តិចតួចបំផុត។ វាមិនសូវមានផលវិបាក ដូចការវះកាត់ទេ និង មានការជាសះស្បើយវិញក្នុងរយៈពេលខ្លី។ ដោយសារតែភាពកក អាចផ្តល់ផលប៉ះពាល់ដល់ សសៃប្រសាទ ក្នុងអត្រា ៨០ភាគរយ នៃចំនួនបុរសជាច្រើន ក្លាយជាអសម្ថភាពផ្លូវភេទ បន្ទាប់ពីធ្វើការព្យាបាលដោយប្រើភាពត្រជាក់នេះរួច ។វាអាចនឹងមានការឈឺចាប់ជាបណ្តោះអាសន្ន និង មានអារម្មណ៍ថារលាកនៅក្នុងប្លោកនោម និង ពោះវៀន ។
ការព្យាបាលដោយ ការចាក់វ៉ាក់សាំងជំងឺមហារីកក្រពេញប្រូស្តាត
វ៉ាក់សាំងនេះត្រូវបានរៀបចំឡើង ដើម្បីព្យាបាល គឺមិនមែនសំរាប់ការ ការពារជំងឺមហារីកក្រពេញប្រូស្តាតនោះទេ ដោយការជម្រុញប្រព័ន្ធភាពសុំានៃរាងកាយរបស់អ្នក ដើម្បីអោយវាប្រឆាំងនឹង កោសិកាមហារីកនៃក្រពេញប្រូស្តាតនេះ ។ កោសិកាភាពសុំា ត្រូវបានយកចេញពីឈាមរបស់អ្នក នឹងធ្វើអោយវាមានភាពសកម្ម ដើម្បីប្រយុទ្ធនឹងជំងឺមហារីក និង បញ្ចូលវាទៅក្នុងឈាមរបស់អ្នកវិញ។ វដ្តទាំងបី នឹងកើតមានឡើងនៅក្នុងរយៈពេល១ខែ ។វាត្រូវបានគេប្រើប្រាស់ សំរាប់ជំងឺមហារីកក្រពេញប្រូស្តាតដែលមានការវិវត្តន៍លឿន និង មិនមានការឆ្លើយតបនឹងការព្យាបាលដោយការប្រើអរម៉ូន ។ ផលរំខានតិចតួច អាចកើតមានដូចជាការ អស់កំលាំង ,ចង្អោរ និង គ្រុនក្តៅ ។
សេចក្តីសង្ឃឹមចំពោះជំងឺមហារីកដែលមានការវិវត្តន៍លឿន
វេជ្ជបណ្ឌិតនឹងបន្តធ្វើការតាមដាន កំរិតនៃអង់ទីហ្សែនពិសេសនៅក្នុងក្រពេញប្រូស្តាតរបស់អ្នក និង ធ្វើតេស្តផ្សេងៗជាច្រើនទៀត បន្ទាប់ពីអ្នកបានទទួលការព្យាបាលសំរាប់ជំងឺមហារីកក្រពេញប្រូស្តាតនេះ ។ ប្រសិនបើវាកើតមានឡើងវិញ ឬ រីករាលដាលទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ ការព្យាបាលបន្ថែមទៀត នឹងអាចធ្វើការណែនាំ។ ជំរើសនៃរបៀបរស់នៅប្រចាំថ្ងៃ ក៏អាចជាបញ្ហាចោទផងដែរ។ ការសិក្សាមួយបានរកឃើញថា អ្នកដែលរស់រានពីជំងឺមហារីកក្រពេញប្រូស្តាត ដែលធ្លាប់មានការហាត់ប្រាណបានទៀតទាត់ នឹងមាន ការប្រឈមនឹង គ្រោះថ្នាក់នៃការស្លាប់ ក្នុងកំរិតទាប ៕