ប្រសិនបើអ្នកត្រូវផ្តល់គំរូទឹកកាមសំរាប់ការពិនិត្យ សូមធ្វើតាមការណែនាំខាងក្រោមនេះដោយប្រុងប្រយ័ត្នដើម្បីប្រាកដថា លទ្ធផលដែលអ្នកទទួលបាននឹងមានភាពត្រឹមត្រូវ ហើយការធ្វើតេស្តនេះនឹងមិនត្រូវបានធ្វើសារឡើងវិញ ។
ការយកគំរូទឹកកាម បុរសមិនត្រូវបញ្ចេញទឹកកាមទេ ក្នុងរយៈពេល ៣ថ្ងៃមុននឹងយកវាទៅពិនិត្យ។ បន្ទាប់មកគាត់ត្រូវ ធ្វើការផលិតគំរូទឹកកាមរបស់គាត់ដោយប្រើវិធីសម្រើប និង បញ្ចេញវាទៅក្នុងបំពង់ជ័រស្តេរីល ដោយមានបិទឈ្មោះ, ថ្ងៃបរិច្ឆេទ និង ពេលវេលាអោយបានត្រឹមត្រូវ។ គំរូទឹកកាមនេះ ត្រូវការពារអោយបានល្អ ជៀសវាងការប៉ះនឹងសីតុណ្ហភាពខ្ពស់បំផុត និងត្រូវបញ្ជូនវាទៅកាន់មន្ទីរពិសោធន៍ ។
តើទឹកកាមដែលមានសុខភាពល្អ ត្រូវមានលក្ខណៈយ៉ាងដូចម្តេចខ្លះ?
មន្ទីរពិសោធន៍នឹងស្វែងរកល័ក្ខខ័ណ្ឌដូចខាងក្រោមនេះ ពីគំរូទឹកកាមដែលមានសុខភាពល្អ ៖
បរិមាណ ២ ទៅ ៥ មីលីលីត្រ ( កន្លះ ទៅ ១ស្លាបព្រាកាហ្វេ)
ចំនួន មានច្រើនជាង ២០លានស្ពែម នៅក្នុងទឹកកាម ១មីលីលីត្រ
ការធ្វើចលនា ច្រើនជាងមួយភាគពីរ នៃស្ពែមទាំងអស់អាចធ្វើចលនាបាន
ភាពប្រក្រតី ច្រើនជាងមួយភាគបី នៃស្ពែមទាំងអស់មានសភាពប្រក្រតី
កោសិកាឈាមស មានតិចជាង ១លាន នៅក្នុងទឹកកាម ១មីលីលីត្រ
នៅពេលដែលប្តីប្រពន្ធមានវិបត្តិ ជាមួយនឹងការមានកូន គឺជាធម្មតាមានតែប្រពន្ធទេដែលជាអ្នកស្វែងរកដំបូន្មានមុនគេ ប៉ុន្តែវាគ្មានហេតុផលណាមួយ ដែលនាងត្រូវទទួលយកបញ្ហានេះតែម្នាក់ឯងនោះទេ។ ប្រសិនបើប្តីប្រពន្ធមួយគូកំពុងមានភាពពិបាកក្នុងការមានគក៌ បុរសពិតជាមិនគួរពន្យាពេលក្នុងការទទួលយកការពិនិត្យទេ។ការវិភាគទឹកកាម គួរតែត្រូវបានធ្វើមុនគេ ប្រសិនបើមានការស្រាវជ្រាវពីលទ្ធភាពមានកូន។
តើបុរសអាចទទួលបានជំនួយដោយរបៀបណា ?
ភាពមិនអាចមានកូនរបស់បុរស គឺមិនមានអ្វីទាក់ទងនឹងសម្ថភាពនៃការបង្កើតកូននោះទេ។ ទោះបីជាស្ពែមរបស់បុរសមិនមានលទ្ធភាពក្នុងការបង្កកំណើតជាមួយនឹងស៊ុត គាត់ក៏ប្រហែលអាចជាដៃគូស្នេហាម្នាក់ដ៏ល្អបំផុត។ផ្ទុយទៅវិញ បុរសដែលមិនអាចរួមដំណេកជាមួយស្ត្រីបាន ប្រហែលជាអាច មានស្ពែមដ៏ល្អបំផុតក្នុងការបង្កកំណើត។
ការសិក្សាមួយបានបង្ហាញថា ចំនួនស្ពែមត្រូវបានថយចុះនៅក្នុងសតវត្សរ៍ទី២០នេះ ដោយសារតែកត្តាមជ្ឈដ្ឋាននៅជុំវិញខ្លួនយើងមួយចំនួនដូចជា ការប្រឈមនឹងអឺស្ត្រូសហ្សែន ( oestrogen ) នៅក្នុងចំណីអាហារ និងសារធាតុគីមីប្រើនៅក្នុងរោងចក្រប្លាស្ទិក ដែលបានចូលទៅក្នុងវដ្តអាហារ។ នៅពេលខ្លះ យើងអាចដឹងពីភាពមិនមានកូនរបស់ស្ត្រី ច្រើនជាងភាពមិនមានកូនរបស់បុរស ប៉ុន្តែគ្លីនិកព្យាបាលភាពមានកូន ឥលូវនេះទើបតែអាចដោះស្រាយបញ្ហា និង ជំងឺរបស់បុរស។ បច្ចុប្បន្ននេះ បុរសដែលមានសម្ថភាពតិចក្នុងការមានកូន ឬ ក៏អសម្ថភាពមានកូនអាចឱកាសកាន់តែច្រើនជាងមុន ក្នុងការទទួលយកជំនួយដើម្បីអោយពួកគាត់អាចក្លាយខ្លួនទៅជាឪពុកគេ ។
ការវិភាគទឹកកាម
ការពិនិត្យលើកដំបូង ដែលបុរសត្រូវធ្វើនោះគឺ ការវិភាគទឹកកាម ។ចំនួនស្ពែមរបស់បុរស អាចមានចំនួនខុសៗគ្នាទៅតាមកាលះទេសះ ដូចជា តើគាត់ធ្វើការរួមភេទញឹកញាប់ប៉ុនណា? ហើយដូចនេះ ប្រហែលជាមានការយក គំរូទឹកកាមពីរដងទៅពិនិត្យ ប្រសិនបើការពិនិត្យលើកទីមួយ បង្ហាញថាវាមានបញ្ហា។
ការវិភាគនឹងពិនិត្យ ទៅលើចំនួនស្ពែមថាតើវា មានសុខភាព និងចលនាបានល្អប៉ុនណា ? និងរូបរាងរបស់ពួកវា។ អ្នកជំនាញជាច្រើនជឿថា ទោះបីជាចំនួនស្ពែមមានកំរិតទាប ក៏វាប្រហែលជាមិនមានផលប៉ះពាល់ដល់ភាពមានកូនរបស់បុរសដែរ។ ប៉ុន្តែប្រសិនបើគាត់មានចំនួនស្ពែមតិច រួមជាមួយនឹងស្ពែមជាច្រើនដែលមានរូបរាងមិនប្រក្រតី, ធ្វើចលនាយឺត ឬមានទាំងពីរយ៉ាង ឬក៏មានចំនួន កោសិកាឈាមសខ្ពស់នៅក្នុងទឹកកាម នោះវាហាក់ដូចជាមានផលប៉ះពាល់ទៅលើភាពមានកូនរបស់គាត់។
ចំនួនស្ពែមស្ថិតក្នុងកំរិតទាប
ចំនួនស្ពែមតិចនៅក្នុងទឹកកាម មានជាច្រើនប្រភេទ ។ អ្នកវិភាគទឹកកាមនឹងធ្វើការសំរេចចិត្ត ពីគំរូទឹកកាមជាក់លាក់មួយ ថាតើវាត្រូវនឹងនិយមណាមួយ ក្នុងចំណោមនិយមន័យខាងក្រោមនេះ ។
· អវត្តមានមេជីវិតឈ្មោល ( Azoospermia ) វាគ្មានស្ពែមនៅក្នុងទឹកកាមទាល់តែសោះ។ ពីព្រោះតែបុរសមិន
អាចផលិតស្ពែមបាន ដោយសារតែគាត់មានភាពរាំងស្ទះ ដែលប៉ះពាល់ដល់ការដឹកជញ្ជូនរបស់ស្ពែម ឬក៏
គាត់មិនអាចបញ្ចេញទឹកកាមបាន។
· កង្វះមេជីវិតឈ្មោលក្នុងទឹកកាម ( Oligospermia ) មានស្ពែមតិចជាង ២០លាន នៅក្នុងទឹកកាម ១មីលីលីត្រ។ ក្នុងករណីស្រាលគឺ មានចន្លោះពី ១០ទៅ ២០លាន, ករណីមធ្យម មានពី ៥ទៅ ១០លាននិង
ករណីធ្ងន់ធ្ងរ គឺអាចមានស្ពែមតិចជាង ៥លាន នៅក្នុងទឹកកាម ១មីលីលីត្រ ។
· ស្ពែមមិនអាចមានចលនាបាន ប៉ុន្តែវាមានចំនួនធម្មតា ( Aesthenospermia) ។
· ចំនួននៃស្ពែមមិនប្រក្រតីមានច្រើន ( Teratospermia) ។ វាជាករណីដ៏ធ្ងន់ធ្ងរ ប្រសិនបើបុរសមានចំនួនស្ពែម មិនប្រក្រតីលើសពី ៧០ភាគរយ។ វាប្រហែលជាអាច បណ្តាលមកពីភាពមិនប្រក្រតីនៃក្រូម៉ូសូម ឬដោយសារផលប៉ះពាល់នៃមជ្ឈដ្ឋានជុំវិញមួយចំនួន។
ការធ្វើតេស្តជាពិសេស
បន្ទាប់ពីការវិភាគទឹកកាម ការធ្វើតេស្តដោយមីក្រូទស្សន៍ពីដំណើរការរបស់ស្ពែម នឹងត្រូវបានធ្វើនៅ តែគ្លីនិកជំនាញដែលជាផ្នែកមួយ នៃដំណាក់កាលនៃការធ្វើតេស្តកំរិតមធ្យម នៃការស្រាវជ្រាវរបស់ប្តីប្រពន្ធដែលមានបញ្ហា មិនអាចមានកូនបាន។
ការធ្វើតេស្តជាពិសេស ពិនិត្យទៅលើសម្ថភាពរបស់ស្ពែម ក្នុងការជ្រាបចូលទៅក្នុងទឹករំអិល ដូចនេះវាអាចឆ្លងកាត់កស្បូន និង ចូលទៅក្នុងស្បូន ហើយពីទីនោះទៅកាន់បំពង់ និង ស៊ុត ៕