បេះដូងប្រៀបដូចជាម៉ាស៊ីនសប់ឈាមដ៏ខ្លាំងមួយអញ្ចឹង ដែលវាអាចច្របាច់ឈាមចេញទៅគ្រប់កន្លែងទាំងអស់នៃរាងកាយតាមរយៈសរសៃឈាម។ សម្ពាធឈាមអាចវាស់ដឹងតាមរយៈ ការវាស់លើកម្លាំងឈាមដែលបាញ់ចេញពីបេះដូងខ្ទុបទៅនឹងជញ្ជាំងសរសៃឈាម។ ចំពោះសម្ពាធឈាមធម្មតាគឺពីចន្លោះ ៩០/៦០ ទៅ ១៤០/៩០ mmHg។ កាលណាសម្ពាធឈាមចុះទាបជាង ៩០/៦០ mmHg មានន័យថា សម្ពាធឈាមខ្សោយហើយ។
តើមានអារម្មណ៍ដូចម្តេចទៅដែលអាចបញ្ជាក់ថាវាជាការខ្សោយសម្ពាធឈាម?
- នៅពេលសម្ពាធឈាមចុះខ្សោយ ការផ្គត់ផ្គង់អុកស៊ីសែនទៅគ្រប់សរីរាង្គនឹងថយចុះ។ ការកង្វះអុកស៊ីសែនទៅចិញ្ចឹមខួរក្បាលអាចបណ្តាលឲ្យមានអាការៈ ឈឺក្បាល ឬវិលមុខ។ បើសិនជាករណីធ្ងន់ធ្ងរ វាអាចបណ្តាលឲ្យសន្លប់បានទៀតផង។ កាលណាករណីនេះចេះតែបណ្តោយយូរទៅៗ នឹងធ្វើឲ្យងាប់កោសិកាខួរក្បាលមិនខានឡើយ។
- នៅពេលសម្ពាធឈាមខ្សោយ ការផ្គត់ផ្គង់ឈាមទៅចិញ្ចឹមសាច់បេះដូងក៏ថយចុះដែរ ដែលនាំឲ្យកើតជាបញ្ហាឈឺទ្រូង ឬពិបាកដកដង្ហើម។ នៅពេលសម្ពាធឈាមខ្សោយ ចង្វាក់បេះដូងនឹងកើតឡើងដើម្បីគ្រប់គ្រងស្ថានការណ៍ដែលភាពខ្វះនៃសម្ពាធឈាម ដូច្នេះអ្នកជំងឺអាចនឹងមានអាការៈញ័រដើមទ្រូងថែមទៀត។
- នៅពេលសម្ពាធឈាមចុះខ្សោយ ស្បែកនឹងទៅជាស្លេកស្លាំង និងត្រជាក់ខ្លាំង។ រឿងនេះកើតឡើងដោយសារតែសរសៃឈាមនៅស្បែករួមតូច ដើម្បីជំរុញដល់ការផ្គត់ផ្គង់ឈាមទៅសរីរាង្គក្នុងខ្លួនដូចជា ខួរក្បាល និងបេះដូង ឲ្យគ្រប់សិន។
- មានជំងឺច្រើនណាស់ដែលអាចបណ្តាលឲ្យសម្ពាធឈាមចុះខ្សោយ ហើយរោគសញ្ញារបស់វាក៏មានផ្សំនូវកត្តាមូលហេតុរបស់វាមកជាមួយដែរ។
- នៅពេលសម្ពាធឈាមចុះខ្សោយដោយសារតែចំណុះឈាមថយចុះ អ្នកជំងឺអាចនឹងមានអារម្មណ៍វិលមុខ ឬងងឹតមុខខណៈពេលកំពុងតែឈរ ឬងើបពីអង្គុយ។
- បើសិនជាមូលហេតុនៃសម្ពាធឈាមថយចុះទាក់ទងនឹងការក្រិនរឹងរបស់សរសៃឈាមអាអក អ្នកជំងឺអាចនឹងសន្លប់ ឬងងឹតមុខក្នុងពេលធ្វើសកម្មភាពណាមួយខ្លាំងក្លា។
- ទាំងជំងឺកង្វះ និងលើសអ័រម៉ូនទីរ៉ូអ៊ីតសុទ្ធតែអាចបណ្តាលឲ្យសម្ពាធឈាមថយចុះទាំងអស់ ហើយអ្នកក៏អាចធ្លាប់មានអាការៈពាក់ព័ន្ធជាច្រើនទៀតទាក់ទងនឹងជំងឺក្រពេញទីរ៉ូអ៊ីតដែរ៕