រឿងនេះស្តាប់មើលទៅដូចជាមិនទំនងសោះ ប៉ុន្តែករណីកម្ពស់ប្រហែលជាដើរតួនាទីដ៏សំខាន់មួយក្នុងការកំណត់ថាពេលណាដែលត្រូវសម្រាលកូនដែរ។ ការសិក្សាថ្មីមួយដែលបានចុះផ្សាយក្នុងសារព័ត៌មាន PLOS Medicine បានឲ្យដឹងថា កម្ពស់របស់ម្តាយក៏មានទំនាក់ទំនងធ្វើឲ្យមានឱកាសប្រឈមនឹងសម្រាលកូនមិនគ្រប់ខែដែរ។ ការសិក្សាមួយដែលធ្វើនៅ Center for Prevention of Preterm Birth នៃមន្ទីរពេទ្យ Cincinnati Children’s បានរកឃើញថា ស្ត្រីដែលទាបៗប្រហែលជាពរពោះមិនបានគ្រប់ខែទេ។
នៅសហរដ្ឋអាមេរិក មានទារកប្រហែល ៥០០០០០នាក់ដែលកើតមិនគ្រប់ខែជារៀងរាល់ឆ្នាំ។ តាមពិត នៅអាមេរិកមានអត្រាទារកកើតមិនគ្រប់ខែខ្ពស់បំផុតមួយក្នុងចំណោមប្រទេសអភិវឌ្ឈន៍ទាំងអស់។
តើមានអ្វីទាក់ទងនឹងកម្ពស់ម្តាយដែរទៅ?
ការសិក្សានេះបានធ្វើការតាមដានលើស្ត្រីមានផ្ទៃពោះប្រមាណ ៣៥០០នាក់ក្នុងប្រទេសហ្វាងឡង់ ណរវ៉េ និងដាណឺម៉ាខ។ ខណៈពេលដែលការសិក្សានេះមិនបានទាញសេចក្តីសន្និដ្ឋានថាហេតុអ្វីបានជាកម្ពស់ស្ត្រីជាម្តាយដើរតួនាទីលើរឿងនេះក៏ដោយ តែអ្នកជំនាញមួយចំនួនបានផ្តល់នូវគំនិតផ្ទាល់ខ្លួនរបស់ពួកគេថា កម្ពស់ម្តាយប្រហែលជាប៉ះពាល់ដល់ទំហំរបស់ស្បូន និងត្រគាករបស់ពួកគេ មានន័យថា ទារកអាចនឹងមិនមានកន្លែងធំគ្រប់គ្រាន់ដើម្បីលូតលាស់ ហើយនេះជាហេតុផលនាំឲ្យពួកគេបង្ខំកើតមុនកំណត់។
តើស្ត្រីទាបៗអាចធ្វើអ្វីបានទៅ?
ជាក់ស្តែងក្នុងប្រទេសកម្ពុជាយើង មានស្ត្រីទាបៗច្រើនណាស់ ប៉ុន្តែកុំទាន់បារម្ភអី ចូរបន្ធូរអារម្មណ៍ និងដកដង្ហើមជ្រៅៗសិនទៅ។ ការសិក្សាបានឲ្យដឹងថា មានកត្តាច្រើនណាស់ដែលនាំឲ្យស្ត្រីកើតកូនមិនបានគ្រប់ខែដូចជា ទម្ងន់ម្តាយ ឬភាពតានតឹងរបស់ម្តាយ ជាដើម។
អ្វីដែលល្អបំផុតដែលបងប្អូនស្ត្រីរបស់យើងដែលមានកម្ពស់មិនសូវបានអាចធ្វើបាននោះគឺ ធ្វើយ៉ាងណារក្សាសុខភាពឲ្យបានល្អបំផុតក្នុងពេលមានផ្ទៃពោះ។ ចូរប្រុងប្រយ័ត្នឲ្យមែនទែនចំពោះការធាត់ឡើងទម្ងន់ ជាពិសេសត្រូវទៅជួបពេទ្យតាមការណាត់ និងប្រាកដថា អ្នកបានញ៉ាំអាហារមានជីវជាតិគ្រប់គ្រាន់ លេបថ្នាំវីតាមីនក្នុងពេលមានផ្ទៃពោះ និងរបបអាហារមានតុល្យភាព៕