ជំងឺគាំងបេះដូងគឺជាមូលហេតុចំបងជាងដែលធ្វើឲ្យមនុស្សស្លាប់លឿនបំផុតក្នុងយុគ្គសម័យដ៏ទំនើបមួយនេះ។ ជាអកុសល្យ ជំងឺនេះច្រើនតែកើតឡើងយ៉ាងស្ងៀមស្ងាត់ចំពោះមនុស្សយើងទៅវិញ។ យ៉ាងណាមិញវាក៏មានបង្ហាញនូវអាការៈមួយចំនួនឲ្យយើងដឹងដែរថា វាមិនមែនជារឿងធម្មតានោះទេ។ ខាងក្រោមនេះគឺជាអាការៈមួយចំនួនដែលស្ត្រីគ្រប់រូបគួរតែដឹង និងចងចាំថា វាអាចជាជំងឺគាំងបេះដូង ដែលត្រូវត្រៀមលក្ខណៈ ឬចាត់វិធានការណាមួយឲ្យទាន់ពេលវេលាផង។
ឈឺនៅខ្នង ក ថ្គាម និងដៃ
សញ្ញាទាំងនេះប្រហែលជាអាចធ្វើឲ្យច្រឡំបាន ព្រោះថាជំងឺគាំងបេះដូងច្រើនតែទាក់ទងនឹងការឈឺចាប់នៅទ្រូង ឬដៃខាងឆ្វេង មិនមែនក ឬថ្គាមឡើយ។ ការឈឺចាប់នេះអាចនឹងខ្លាំងទៅៗ ស្រួចស្រាវ ឬភ្លាមៗ។ វាអាចធ្វើឲ្យអ្នកភ្ញាក់ពីគេងទាំងកណ្តាលយប់ដោយសារតែឈឺនេះ។
ឈឺក្នុងពោះដូចគេចាក់ មិនងមិនស្រួលខ្លួន
សញ្ញាខ្លះនៃជំងឺគាំងបេះដូងអាចច្រឡំនឹងអាការៈនៃការពុលអាហារ ជំងឺភ្តាសាយ ឬក្រហាយទ្រូងខ្លាំងក្លា។ ពេលខ្លះ ស្ត្រីអាចនឹងធ្លាប់មានសម្ពាធនៅក្នុងពោះ ដែលមានលក្ខណៈដូចមានដំរីអង្គុយក្នុងពោះអញ្ចឹង។
បែកញើសត្រជាក់
ការបែកញើសត្រជាក់គឺជាសញ្ញារួមមួយផ្សេងទៀតដែលកើតឡើងលើមនុស្សស្រី។ វាប្រហែលជាអាចទាក់ទងនឹងស្ត្រេសដែរ។ ប៉ុន្តែបើសិនជាអ្នកមិនធ្លាប់មានអាការៈនេះពីមុនទេ យកល្អគួរតែទៅជួបអ្នកជំនាញដើម្បីប្រឹក្សាហើយ។
ដកដង្ហើមខ្លីៗ និងវិលមុខ
មានបញ្ហាក្នុងការដកដង្ហើមដោយមិនដឹងមូលហេតុអាចជាសញ្ញាមួយសង្ស័យថាមានជំងឺគាំងបេះដូង ជាពិសេសបើសិនជាវាកើតឡើងជាមួយនឹងអាការៈណាផ្សេងទៀត។
អស់កម្លាំងកាន់តែខ្លាំង
បើសិនជាក្រោយពីសម្រាករយៈពេលយូរហើយ អ្នកនៅតែមានអារម្មណ៍អស់កម្លាំងខ្លាំង និងមិនអាចធ្វើការងារធម្មតាៗបានទៀតនោះ វាអាចជាសញ្ញាប្រកាសអាសន្នមួយដែលត្រូវយកចិត្តទុកដាក់លើប្រព័ន្ធបេះដូងសរសៃឈាមហើយ។
មានសម្ពាធ និងឈឺចាប់ក្នុងទ្រូង
ការឈឺចាប់ក្នុងទ្រូង មិនស្រួលក្នុងទ្រូង ការក្រហាយទ្រូង និងមានអារម្មណ៍ថាតឹងក្នុងទ្រូង សុទ្ធតែជាអាការៈបញ្ជាក់អំពីជំងឺបេះដូងហើយ។ ស្ត្រីខ្លះធ្លាប់មានការឈឺចាប់តែមិនមែនទ្រូងខាងឆ្វេងទេ ប៉ុន្តែពេញទ្រូងតែម្តង។ បើសិនជាការឈឺចាប់ ឬសម្ពាធនោះមិនបាត់ទៅវិញក្នុងរយៈពេលពីរបីនាទីទេ ចូរទាក់ទងទៅគ្រូពេទ្យជាបន្ទាន់។
ចំណាំ៖
អាការៈទាំងនេះមិនមែនធានាថាជាសញ្ញាដំបូងនៃជំងឺគាំងបេះដូងទេ ប៉ុន្តែការផ្សំគ្នានៃអាការៈទាំងអស់នេះ ព្រមទាំងភាពញឹកញាប់របស់វាវិញ អាចគ្រប់គ្រាន់ជាហេតុផលដែលត្រូទៅជួបពេទ្យហើយ៕