ទិវាជំងឺតាឡាសេមៀពិភពលោកត្រូវបានគេធ្វើឡើងនៅថ្ងៃទី៨ ខែឧសភា ជារៀងរាល់ឆ្នាំ។ វាគឺជាជំងឺដំណរពូជមួយប្រភេទដែលគ្រាប់ឈាមអេម៉ូគ្លូប៊ីនមិនត្រូវបានបង្កើតត្រឹមត្រូវក្នុងឈាមឡើយ ដែលជាហេតុនាំឲ្យចេញជាអាការៈជាច្រើនដូចខាងក្រោមនេះ៖
អស់កម្លាំងខ្លាំងក្លា
បើសិនជាអ្នកមានជំងឺតាឡាសេមៀ អ្នកប្រហែលជាមានសភាពស្លេកស្លាំងដោយសារតែកង្វះអុកស៊ីសែន និងជាតិដែក។ នេះដោយសារតែ កោសិកាគ្រាប់ឈាមក្រហមមានរូបរាងមិនត្រឹមត្រូវ មិនអាចចាប់អុកស៊ីសែនបាន ទើបធ្វើឲ្យខ្សោយ អស់កម្លាំង និងនឿយហត់ខ្លាំងក្លាបែបនេះ។ សម្រាប់ក្មេងដែលកើតមកមានជំងឺតាឡាសេមៀប្រភេទ Major ច្រើនតែមានរោគសញ្ញាកង្វះគ្រាប់ឈាមធ្ងន់ធ្ងរក្នុងរយៈពេលមួយឆ្នាំដំបូងនៃជិវិត។
ការលូតលាស់ និងរីកចម្រើនរាងកាយមានភាពយឺតយ៉ាវ
ជំងឺតាឡាសេមៀគឺជាជំងឺដំណរពូជ ហើយក្មេងៗដែលមានជំងឺនេះគឺមិនអាចផលិតអេម៉ូគ្លូប៊ីនបានធម្មតា និងគ្រប់គ្រាន់ឡើយ។ ដូច្នេះជំងឺនេះមិនត្រឹមតែធ្វើឲ្យកង្វះគ្រាប់ឈាមធ្ងន់ធ្ងរទេ តែក៏បន្ថយការលូតលាស់ និងរីកចម្រើនរបស់រាងកាយ ព្រមទាំងក្រពេញវ័យទៀតផង។
ស្បែកលឿង ឬស្លេកស្លាំង
ជំងឺតាឡាសេមៀក៏អាចបណ្តាលឲ្យស្បែកទៅជាលឿងបានដែរ ដោយសារតែថ្លើមធ្វើការមិនបានល្អ និងការរីកថ្លើមដែរ។ នេះដោយសារតែ កោសិកាគ្រាប់ឈាមក្រហមខុសលក្ខណៈប៉ះពាល់ដល់មុខងារទូរទៅរបស់ថ្លើមខ្លាំង។
មានបញ្ហាឆ្អឹង
អ្នកជំងឺតាឡាសេមៀប្រហែលជាធ្វើឲ្យខួរឆ្អឹងរីកធំ។ ខួរឆ្អឹងមាននាទីផលិតកោសិកាគ្រាប់ឈាម។ នៅពេលខួរឆ្អឹងរីកធំបែបនេះ ដូច្នេះឆ្អឹងក៏ធំជាងធម្មតា ប៉ុន្តែវាជាឆ្អឹងដែលងាយបាក់ និងពុកផុយណាស់។
ទឹកនោមខាប់
អាការៈមួយផ្សេងទៀតនៃជំងឺតាឡាសេមៀគឺទឹកនោមមានពណ៌ខាប់។ វាគឺជាសញ្ញាមួយដែលបញ្ជាក់ថា កោសិកាគ្រាប់ឈាមក្រហមកំពុងតែខូចខាតហើយ៕