ជំងឺមហារីកក្រពេញអូវ៉ែកើតឡើងនៅពេលដែលកោសិការបស់ក្រពេញអូវ៉ែវិវឌ្ឈន៍ទៅជាដុំសាច់មហារីកតែម្តង។ មហារីកប្រភេទនេះត្រូវបានគេស្គាល់ថាជាឃាតករឈាមត្រជាក់ ព្រោះតែវាមិនមានបញ្ហារោគសញ្ញាអ្វីទាំងអស់ ហើយក៏ពិបាកពិនិត្យរកជំងឺនេះឲ្យឃើញដែរ។ ថ្វីបើភាគច្រើនជំងឺនេះកើតឡើងលើស្ត្រីក្រោយរ៉ាំងរដូវក៏ដោយ តែក៏គេសង្កេតឃើញថាកើតមានលើស្ត្រីវ័យ ៣០ ទៅ៤០ឆ្នាំ ឬក្មេងជាងនេះផងដែរ។
តាមការស្រាវជ្រាវថ្មីបានបង្ហាញថា មានអាការៈនៃជំងឺមហារីកក្រពេញអូវ៉ែដំបូងជាច្រើនដែលយើងអាចសម្គាល់ដឹង ហើយស្ត្រីគ្រប់រូបក៏ត្រូវតែដឹងអំពីរឿងនេះដែរដើម្បីចាត់វិធានការការពារ ឬព្យាបាលឲ្យទាន់ពេលវេលា។ អាការៈទាំងនោះមានដូចជា៖
ហើមពោះជាប់រហូត
បើសិនជាអ្នកសម្គាល់ឃើញថា អ្នកកំពុងតែហើមពោះជាប់ ហើយញឹកញាប់ទៀត ដែលករណីបែបនេះមិនធ្លាប់កើតពីមុនមកសោះនោះ វាអាចសញ្ញាមួយនៃដុំសាច់មហារីកកំពុងតែលូតលាស់ហើយ។
ឈឺក្នុងពោះផ្នែកខាងក្រោម និងក្នុងអាងត្រគាក
និយាយដល់ការឈឺចាប់ក្នុងពេលមករដូវ កន្លែងដែលឈឺនោះអាចជា ក្នុងពោះ តំបន់ត្រគាក ឬចង្កេះផង។ ខណៈពេលដែលការឈឺចាប់ក្នុងពេលមករដូវគឺជារឿងធម្មតា តែការដែលឈឺចាប់រយៈពេលយូរក្រោយពីបាត់មករដូវហើយ អាចជាសញ្ញាមួយនៃជំងឺមហារីកក្រពេញអូវ៉ែដែរ។ រឿងនេះកើតឡើងជាពិសេសសម្រាប់ស្ត្រីត្រៀមរ៉ាំងរដូវតែម្តង។
ពិបាកញ៉ាំ ឬមានអារម្មណ៍ថាឆាប់ឆ្អែត
បើសិនជាអ្នកសម្គាល់ឃើញថា មានការថយចុះចំណង់អាហាររយៈពេលយូរជាង ៣សប្តាហ៍ ចូរពិគ្រោះជាមួយគ្រូពេទ្យទៅ។ ខណៈពេលដែលរឿងនេះអាចជាសញ្ញាមួយនៃបញ្ហាក្រពះ និងពោះវៀន តែក៏អាចបញ្ជាក់ថាមានមហារីកដែរ។
ត្រូវការនោមកាន់តែច្រើន
បើសិនជាអ្នកយល់ថា ខ្លួនឯងត្រូវការទៅបន្ទប់ទឹកដើម្បីនោមកាន់តែញឹកញាប់ ទោះបីជាមិនបានញ៉ាំទឹកច្រើនក៏ដោយនោះ វាអាចជាសញ្ញាដំបូងមួយនៃជំងឺមហារីកក្រពេញអូវ៉ែដែរ។
យ៉ាងណាមិញ អាការៈទាំងអស់ខាងលើនេះងាយនឹងច្រឡំនឹងបញ្ហា និងជំងឺផ្សេងៗក្នុងផ្លូវក្រពះពោះវៀនណាស់។ បើសិនជាអ្នកយល់ថា ខ្លួនឯងកំពុងតែមានអាការៈទាំងអស់នេះមែន ហើយមិនធ្លាប់កើតពីមុនសោះ យកល្អគួរតែទៅជួបពេទ្យដើម្បីកំណត់រោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវផងទៅ៕