ស្ត្រីមានផ្ទៃពោះតែងតែត្រូវបានគេរំពឹងថា ពួកគេត្រូវមានអារម្មណ៍សប្បាយចិត្តគ្រប់ពេល។ ម្យ៉ាងវិញទៀត ការដែលមានអារម្មណ៍មិនល្អ ចាញ់កូន ឈឺខ្នង និងអស់កម្លាំងគឺជាអាការៈមួយចំនួនប៉ុណ្ណោះរបស់ស្ត្រីមានផ្ទៃពោះក្នុងរយៈពេលពេល ៩ខែ ១០ថ្ងៃនេះ។ យ៉ាងណាមិញ តើអ្នកមានដឹងទេថា បើសិនជាស្ត្រីមានផ្ទៃពោះមានបញ្ហាស្ត្រេសជាប់រហូត វានឹងប៉ះពាល់ដល់សុខភាពទារកក្នុងផ្ទៃដូចម្តេចដែរទេ?
ការលូតលាស់ខួរក្បាល
ក្នុងករណីដែលម្តាយរងភាពស្ត្រេសច្រើន ឬជាប់រហូត ការលូតលាស់របស់ទារកអាចនឹងប៉ះពាល់ផងដែរខណៈពេលដែលគេកំពុងតែស្ថិតក្នុងដំណាក់កាលលូតលាស់។
ពិបាកគេង
ទារកដែលមានម្តាយកើតជំងឺស្ត្រេសរ៉ាំរ៉ៃ គេអាចនឹងប្រឈមខ្ពស់នឹងជំងឺទាក់ទងនឹងការគេងនៅពេលកើត។
កើតមិនគ្រប់ខែ
ការដែលស្ត្រេសខ្លាំងពេក ឬជាប់រយៈពេលយូរក៏អាចធ្វើឲ្យប្រឈមកាន់តែខ្លាំងនឹងការសម្រាលកូនមិនគ្រប់ខែដែរ។
កូនកើតមិនគ្រប់ទម្ងន់
ទម្ងន់របស់ទារកទើបនឹងកើតក៏ប្រហែលជាមិនគ្រប់ទេ បើសិនជាម្តាយមានភាពស្ត្រេស និងមានសម្ពាធផ្លូវចិត្តច្រើនពេកក្នុងពេលមានផ្ទៃពោះ។
កូនធំឡើងអាចនឹងមានបញ្ហាទាក់ទងនឹងអាកប្បកិរិយា
ក្មេងដែលធំឡើងមានបញ្ហាទាក់ទងនឹងអាកប្បកិរិយាអាចនឹងកើតឡើងបានបើសិនជាម្តាយចេះតែមានជំងឺស្ត្រេសរ៉ាំរ៉ៃ និងខ្លាំងក្លារាល់ថ្ងៃក្នុងពេលមានផ្ទៃពោះ។
គន្លឹះដើម្បីបំបាត់ស្ត្រេសដែលស្ត្រីមានផ្ទៃពោះគ្រប់រូបគួរតែធ្វើឲ្យបាន៖
- ញ៉ាំអាហារដែលត្រឹមត្រូវ និងទៀងពេល
- សម្រាលគ្រប់គ្រាន់ឲ្យបានយូរបើសិនជាមានអារម្មណ៍ថាគេងពីយប់មិនគ្រប់
- ហាត់ប្រាណទៀងទាត់ដើម្បីបំបាត់ស្ត្រេសក្នុងអារម្មណ៍ និងរាងកាយ
- ការអនុវត្តហាត់ក្បាច់យូហ្គា តាំងសមាធិ និងដកដង្ហើមជ្រៅៗក៏អាចជួយដោះស្រាយរឿងនេះបានដែរ
- កុំមានការអៀនខ្មាស់ឲ្យសោះក្នុងការស្នើសុំការគាំទ្រពីប្តី គ្រួសារ ឬមិត្តភក្តិ៕