ចាប់តាំងពីយើងមានឥទ្ធិពលខ្លាំងចំពោះជីវិតរស់នៅរបស់កូនៗ វាគឺជារឿងសំខាន់មួយដែលត្រូវការលើកទឹកចិត្តដល់ពួកគេ និងបង្ហាញនូវសេចក្តីស្រឡាញ់ដល់គេ ដោយមិនមែនមានតែពាក្យថា “ប៉ា ឬម៉ាក់ ស្រឡាញ់កូន” តែមួយមុខទេ តែក៏ត្រូវបង្ហាញគេតាមរយៈសកម្មភាព និងធ្វើជាឧទាហរណ៍ឲ្យពួកគេដឹងដែរ។
ក្មេងៗភាគច្រើនមើលឃើញ និងយល់ថា ឪពុកម្តាយគេគឺជាវិរៈបុរស ឬវីរៈនាទីដ៏អស្ចារ្យ។ ដូច្នេះដើម្បីប្រាកដថា ពួកគេធំឡើងមានសេចក្តីស្រឡាញ់ និងមានសមត្ថភាពរស់នៅពេញលេញដើម្បីស្វែងរកអ្វីដែលជាក្តីសុបិន្តពួកគេនោះ យកល្អគួរតែឧស្សាហ៍និយាយពាក្យខាងក្រោមនេះប្រាប់ពួកគេរាល់ថ្ងៃផង៖
១. កូនអាចធ្វើបាន
វាពិតជារឿងសំខាន់ណាស់ដែលឪពុកម្តាយគ្រប់រូបគួរតែលើកទឹកចិត្តកូនខ្លួនឯងឲ្យធ្វើរឿងគ្រប់យ៉ាង ទោះបីជាវាពិបាកបន្តិចក៏ដោយ ដើម្បីគេអាចមានសមត្ថភាពគ្រប់គ្រាន់នៅពេលពួកគេធំឡើង។
២. កុំចុះចាញ់ឲ្យសោះ
ចូរលើកទឹកចិត្តកូនឲ្យប្រឈមមុខនឹងរឿងពិបាកៗទាំងអស់ទើបអាចជំរុញដល់ការរស់នៅរបស់ពួកគេនៅថ្ងៃក្រោយបាន។ ចូររំលឹកពួកគេកុំឲ្យចុះចាញ់ តែត្រូវជឿជាក់លើខ្លួនឯងដោយធ្វើវាម្តងហើយម្តងទៀត។
៣. ប៉ា ឬម៉ាក់ជឿជាក់លើកូន
ចូរបង្ហាញកូនអ្នកឲ្យដឹងថា អ្នកគឺជាអ្នកគាំទ្រតែមួយគត់សម្រាប់ពួកគេ។ ចូរបង្ហាញពួកគេថា អ្នកបានជឿជាក់លើសមត្ថភាពរបស់គេយ៉ាងពិតប្រាកដ និងដឹងអំពីភាពខ្លាំងដែលពួកគេអាចធ្វើបាន។
៤. កូនឆ្លាតណាស់
កូនដែលមានអារម្មណ៍ថាខ្លួនឯងមិនសូវឆ្លាតដូចក្មេងដទៃច្រើនតែមានភាពចុះចាញ់ និងមិនហ៊ានជម្នះការពិបាកឡើយ។ ដូច្នេះដើម្បីបង្ការរឿងនេះ ចូរនិយាយសរសើរគេជានិច្ចដើម្បីបង្កើនសមត្ថភាពរបស់ពួកគេលើការធ្វើអ្វីមួយដែលអាចធ្វើបាន។
៥. យើងរៀនជាមួយនឹងការអនុវត្ត
នៅពេលចាប់ផ្តើមអ្វីមួយដំបូងៗ វាច្រើនតែប្រឈមការលំបាក។ ប៉ុន្តែដល់ពេលធ្វើយូរៗទៅ វានឹងមើលទៅស្រួលទៅៗហើយ។ ដូច្នេះចូរប្រាកដថា កូនអ្នកបានសិក្សាអំពីចំណុចនេះរួចហើយ។
៦. ចូរធ្វើវាឲ្យអស់ពីសមត្ថភាពរបស់កូនជានិច្ចទៅ
វាគឺជារឿងសំខាន់ណាស់ក្នុងការបង្រៀនកូនឆ្លងកាត់នូវស្ថានភាពគ្រប់យ៉ាងដែលពួកគេគួរតែធ្វើ។ អ្វីដែលកាន់តែសំខាន់ គឺជំរុញពួកគេធ្វើរឿងទាំងនោះឲ្យអស់ពីសមត្ថភាព។
រឿងតិចតួចដែលអ្នកធ្វើរាល់ថ្ងៃអាចផ្តល់នូវតម្លៃខ្ពស់មួយចំពោះកូនបាន ហើយក៏អាចជួយពួកគេធំឡើងប្រកបដោយមានទំនុកចិត្តលើខ្លួនឯង ហើយក៏ជាក្មេងដែលសប្បាយចិត្ត ព្រមទាំងអនាគត់ល្អដែរ។ ចូរប្រាកដថា អ្នកបានបង្រៀនកូនគ្រប់ពេលដែលមានឱកាស៕